Thursday, November 21, 2024

នគរបាលក្រុងសៀមរាប បានកោះហៅម្ចាស់សណ្ឋាគារ Seven Happiness Holiday ទៅធ្វើការសាកសួរ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ជួលបន្ទប់ទៅឱ្យក្រុមក្មេងៗដោយគ្មានឪពុកម្តាយដឹងឮ បន្ទាប់ពីរកឃើញថា មានសិស្សក្មេងៗ ១៦នាក់ គេចសាលានាំគ្នាចូលដេកក្នុងសណ្ឋាគារនេះ

ខេត្តសៀមរាប៖ នគរបាលក្រុងសៀមរាប បានកោះហៅម្ចាស់សណ្ឋាគារ សេវេនហាភីនីស ហូលីដេ ” Seven Happiness Holiday Hotel ” ទៅធ្វើការសាកសួរនិងធ្វើកិច្ចសន្យា ឱ្យត្រឡប់ទៅសណ្ឋាគារ វិញ ដើម្បីឱ្យបញ្ឈប់សកម្មភាព ជួលបន្ទប់ទៅឱ្យក្រុមក្មេងៗ ដោយគ្មានឪពុកម្តាយដឹងឮតទៅទៀត បន្ទាប់ពីរកឃើញថា មានសិស្សក្មេងៗចំនួន ១៦ នាក់ គេចសាលានាំគ្នាពពាក់ពពូនចូលដេកក្នុងសណ្ឋាគារ ដែលស្ថិតតាមបណ្ដោយផ្លូវលោកតាខៀវណឺយ នៅក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាបនេះ កាលពីវេលាម៉ោង ៧ និង ៣០នាទី ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៤ កន្លងទៅ។ ប្រភពឱ្យដឹងថា កន្លងមក លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានផ្ដើមឱ្យមានយុទ្ឋនាការ ប្រមូលសិស្សគេចសាលា ដោយដាក់បទបញ្ជាយ៉ាងដាច់ណាត់ ទៅកាន់អធិការដ្ឋានក្រុងស្រុកទាំងអស់ទូទាំងខេត្តសៀមរាប។
ប្រភពបានបន្តថា នៅព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងនគរបាល របស់អធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះឃាត់ក្មេងទំនើងចំនួន ១៦នាក់ ក្នុងនោះស្រី ៦នាក់ មានខ្លះជាសិស្សថ្នាក់ទី៨ រៀននៅវិទ្យាល័យអង្គរ និងខ្លះទៀតជាសិស្ស ប៉ុន្តែឈប់រៀន ដែលបានគេចពីសាលា និង គេចពីក្រសែភ្នែកឪពុកម្តាយ ដោយបាននាំគ្នាទៅជួលបន្ទប់ សណ្ឋាគារ យីហោ សេវេនហាភីនីស ហូលីដេ ចំនួន ២ បន្ទប់ គឺមានបន្ទប់លេខ ៣០៣ និងបន្ទប់ ៣០៥ ដេកពពាក់ពពូនគ្នា ដើម្បី លេងហ្គេមអស់រយៈពេលកន្លះខែមកហើយ។
ប្រភពដដែលបានបន្ថែមថា ឈ្មោះ សុធី រាជ អាយុ ២១ឆ្នាំ ជានិស្សិត ធ្វើការជាបុគ្គលិក និងជាតំណាងអ្នកគ្រប់គ្រង សណ្ឋាគារ សេវេនហាភីនីសហូលីដេ បានរៀបរាប់ថា «មុនដំបូងមកជួល ២បន្ទប់តែ ប្រុសៗ ២នាក់ ប៉ុណ្ណោះ មានទាំងចង្ក្រានចាន ។ល។ ដល់ឃើញនាំគ្នាមកមានស្រីមានប្រុស កាន់តែ ច្រើនឡើងៗ ខ្ញុំក៏បានប្រាប់ពួកគាត់ទាំង២បន្ទប់នោះ ថា ខ្ញុំ ជួល ឱ្យស្នាក់ នៅ ក្នុងមួយបន្ទប់មនុស្ស ២ នាក់ ទៅ ៣ នាក់ប៉ុណ្ណោះបើលើស ខ្ញុំមិនជួលឱ្យទេ។ ខ្ញុំ ជាបុគ្គលិក សណ្ឋាគារសេវេនហាងភីនីសហូលីដេ នេះទេ ដោយសារម្ចាស់ និងអ្នកគ្រប់គ្រង មានផ្ទះរបស់គាត់ នៅក្រុងភ្នំពេញ»។
ប្រភពបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនក្មេងៗទាំងនោះហើយ កម្លាំងនគរបាល បាននាំយកពួកគាត់ទៅកាន់អធិការដ្ឋាននគរបាលក្រុងសៀមរាប ដើម្បីសាកសួរ និងឱ្យឪពុកម្តាយមកធានា ដោយធ្វើកិច្ចសន្យារួចឱ្យត្រឡប់ទៅផ្ទះវិញ។ ចំណែកម្ចាស់សណ្ឋាគារខាងលើ ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប កោះហៅយកទៅធ្វើការសាកសួរ និងធ្វើកិច្ចសន្យា ដើម្បីឱ្យបញ្ឈប់សកម្មភាព ជួលទៅឱ្យក្រុមក្មេងៗ ដោយគ្មានឪពុកម្តាយដឹងឮ តទៅទៀត រួចក៍បានឱ្យត្រឡប់ទៅសណ្ឋាគារ វិញហើយ។
ជុំវិញករណីនេះ នៅរសៀលថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៤ ទីភ្នាក់ងារសារព័ត៌មានគូលែនដេលី ពុំអាចសុំធ្វើការបញ្ជាក់បន្ថែម ពីលោកវរសេនីយ៍ឯក ដា ចំរើន អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានទេ ដោយលេខទូរសព្ទ របស់លោក ទទួលក្នុងការហៅចូល ហើយក៏ចុចបិទទៅវិញភ្លាមៗ៕KD

ព័ត៌មានពេញនិយម