ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៤ នេះ លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការ នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង តាមរយៈអង្គភាពសារព័ត៌មានគូលែនដេលី បានធ្វើការសំណូមពរទៅដល់ប្រជាពលរដ្ឋ ឈប់បន្តដុតភ្លើងយកឃ្មុំនៅតំបន់ព្រៃលិចទឹក ព្រោះបានត្រឹមប្រយោជន៍បន្តិចបន្តួច តែវាធ្វើឱ្យបាត់បង់ប្រយោជន៍រួមយ៉ាងច្រើន ជាពិសេសអាចបំផ្លាញដល់ជម្រកត្រីពងកូន និងជីវៈចម្រុះផ្សេងៗទៀតនៅក្នុងបឹងទន្លេសាប ប្រសិនបើបងប្អូនទាំងនោះខ្វះការប្រុងប្រយ័ត្ន តួយ៉ាងដូចមានឧទាហរណ៍ស្រាប់ នៃការឆេះនៅព្រៃលិចទឹក ត្រង់ចំណុចត្រពាំងហ៊ីងយំ ខាងជើងភូមិត្នោតកំបុត ឃុំកំពង់ភ្លុក ស្របតាមផ្លូវទៅឃុំមានជ័យចម្ងាយពីអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ១៤ គីឡូម៉េត្រ និងចុះពីផ្លូវកំពង់ភ្លុក ១០០ ម៉ែត្រពីភូមិ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៤ និង ០០ នាទី រហួតដល់ម៉ោង ២២ និង ៣៩ នាទី ទើបអាចពន្លត់ភ្លើងទៅវិញបាន ៨០ភាគរយ។ លោកវរសេនីយ៍ឯក លឹម សម្បត្តិ បន្តថា ក្នុងប្រតិបត្តិការបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានសហការជាមួយប្រជាពលរដ្ឋ និង ជំនាញបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងចូលរួសរុប ៤៧៥ នាក់
-កម្លាំងស្នងការនគរបាលខេត្តសរុប ៩ នាក់
-កម្លាំងអធិការនគរបាលស្រុកសរុប ១៧ នាក់
-កម្លាំង ប៉ុស្ដិ៍នគរបាលរដ្ឋបាលសរុប ៦ នាក់ស្រី១នាក់
-កម្លាំងប្រជាការពារសរុបចំនួន ៣០ នាក់
-កម្លាំងសហគមនេសាទ ចំនួន ១៣ នាក់
– គណបញ្ជាការឯកភាពឃុំ និង ប្រជាពលរដ្ឋចូលរួមសរុប.៤០០នាក់ ដោយប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យចំនួន ៤ គ្រឿង និងសម្ភារៈផ្សេងៗរួមមាន៖
-រថយន្ដស្នងការនគរបាល ៣ គ្រឿងប្រើប្រាស់អស់ទឹក ១ រថយន្ដ
-រថយន្ដអធិការដ្ឋានស្រុក ១. គ្រឿងប្រើប្រាស់អស់ ទឹក១ រថយន្ត
-គ្រឿងចក្រអាអិចហ្ការចំនួន ២ គ្រឿង
-ត្រាក់ទ័រចំនួន ១គ្រឿង និងប្រើប្រាស់ដោយម៉ាស៉ីនបូមទឹក និង ម៉ូទ័របូមទឹក រួមទាំងឧបករណ៍ពន្លត់ភ្លើងព្រៃ របស់ សហគមន៍នេសាទ។
លោកវរសេនីយ៍ឯក លឹម សម្បត្តិ បានបញ្ជាក់ថា គ្រោះអគ្គីភ័យនេះបានបណ្ដាលឲ្យ ឆេះព្រៃលិចទិកប្រហែល ១០ ហិចតា ប៉ុន្តែមិនបានបំផ្លាញទ្រព្យសម្បត្តិនិងអាយុជីវិតប្រជាពលរដ្ឋនៅទីនោះឡើយ។ ហើយមូលហេតុដែលនាំឲ្យមានការឆេះព្រៃលិចទឹកនេះគឺ ដោយសារប្រជាពលរដ្ឋរកឃ្មុំមិនបានប្រយ័ត្នបណ្ដាលអោយឆេះតែម្ដង៕KD