ខេត្តសៀមរាប៖ ក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវទិន្នន័យបុរាណវិទ្យាទៅលើរចនាសម្ពន្ធរបស់ស្ពានហាលផ្នែកខាងកើតនៃប្រាសាទបេងមាលា ដើម្បីឈានទៅដល់គម្រោងជួសជុលនៅពេលខាងមុខ។ លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ដែលបានដឹកនាំធ្វើកំណាយឱ្យដឹងថា ក្រុមការងារបានចាប់ផ្ដើមធ្វើកំណាយស្រាវជ្រាវនៅលើស្ពានហាលនេះ គឺដើម្បីពិនិត្យលទ្ធភាពក្នុងការជួសជុលរចនាសម្ពន្ធស្ពានហាលខាងកើតប្រាសាទបេងមាលាឡើងវិញ។
លោក ពុទ្ធសុទ្ធ ឱ្យដឹងទៀតថា ពេលកំណាយបកស្រទាប់ដីខាងលើឃើញថា កម្រាលស្ពានហាលផ្នែកខាងកើតនៃប្រាសាទបេងមាលាមានការស្រុតខ្លាំងដោយកន្លែង គ្រឹះក៏ចុះខ្សោយ និងហែកចេញពីគ្នា ធ្វើឱ្យគ្រឿងបង្គុំរបស់រចនាសម្ពន្ធស្ពានហាលមួយចំនួនមានដូចជា សសរ បង្កាន់ដៃនាគ ខ្លួននាគ ក្បាលនាគ បាក់ជាច្រើនបំណែកធ្លាក់ចូលក្នុងកសិន្ធុ និងខ្លះទៀតកប់ក្នុងដី ដែលបណ្តាលមកពីកត្តាអាយុកាល និងធម្មជាតិ។
សូមបញ្ជាក់ថា គម្រោងជួសជុលស្ពានហាលខាងកើតប្រាសាទបេងមាលា ស្ថិតក្រោមមូលនិធិនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៕KD
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ យី សុថា