ខេត្តសៀមរាប៖ កាលពីវេលាម៉ោង 07 និង40 នាទីថ្ងៃទី 28 ខែឧសភា ឆ្នាំ2024 កន្លងទៅ មានរឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត Forthing T5 Evo 01គ្រឿង ពណ៌ខ្មៅ ផ្លាកលេខ កម្ពុជា LEAPHOUT បើកបរដោយឈ្មោះ ជា សំរ៉ាច់ ភេទប្រុស អាយុ 20ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិលលៃ ឃុំប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្នុងទិសដៅពីជើងទៅត្បូង ដែលគេស្គាល់ថាជា អ្នកធ្វើការនៅក្នុងគេហដ្ឋានរបស់លោកជំទាវចិត្តធម៌ លី អ៊ុំអេង បុកគ្នាជាមួយនិងម៉ូតូ Honda Dream C125 ពណ៌ ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះតល់ ហូវ អាយុ 65 ឆ្នាំ ភេទប្រុស បច្ចុប្បន្នរស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បើកបរក្នុងទិសដៅ ពីត្បូង បត់ឆ្វេងទៅលិច បណ្តាលឱ្យបុរសអ្នកបើកបរម៉ូតូម្នាក់ស្លាប់ នៅលើផ្លូវកៅស៊ូលេខ15 ក្នុងបុរីសៀងណាំ ត្រង់ចំណុចខាងត្បូងសកលវិទ្យាល័យអង្គរ ចំងាយ៣០០ម៉ែត្រ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ពេលនេះភាគីទាំងសងខាងបានសម្រុះសម្រួលគ្នាបញ្ចប់រឿងសំណងរដ្ឋប្បវេណី និងដកពាក្យបណ្ដឹងហើយ ប៉ុន្តែសមត្ថកិច្ចជំនាញថានៅជាប់បណ្ដឹងអាជ្ញា ពេលនេះត្រូវបានកំពុងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប។ នេះបើយោងតាមការឲ្យដឹង ពីសមត្ថកិច្ចជំនាញ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មកកាន់ទីភ្នាក់ងារសារព័ត៌មានគូលែនដេលី ដោយមិនបានបញ្ជាក់អំពី ការឃាត់ខ្លួនអ្នកបើកបររថយន្ត និងមូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះឡើយ នៅព្រឹកថ្ងៃទី 8 ខែមិថុនា ឆ្នាំ 2024 ។ សូមរំលឹកជូនផងដែរថា មានការចុះផ្សាយព្រោងព្រាតដោយសារព័ត៌មានល្បីៗជាច្រើនអង្គភាព អំពីករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ដែលដាក់ចំណងជើងប្រហាក់ប្រហែលគ្នាថា «ករណីឡានទំនើបបុកម៉ូតូ នៅក្នុងបុរីសៀងណាំ បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់រហូតឈានដល់ស្លាប់ក្នុងមន្ទីរពេទ្យនោះ គ្រួសារជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បន្ទាប់ពីភាគីជនបង្កចង់ឱ្យសំណងជំងឺចិត្តចំនួន ៣លានរៀល ដើម្បីបញ្ចប់រឿង» និង «ករណីឡានទំនើបបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ គ្រួសាររងគ្រោះប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌»។
យោងប្រភពការផ្សាយរបស់សារព័ត៌មានមួយក្នុងចំណោមនោះថា «ករណីឡានទំនើបបុកម៉ូតូ នៅក្នុងបុរីសៀងណាំ បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់រហូតឈានដល់ស្លាប់ក្នុងមន្ទីរពេទ្យនោះ គ្រួសារជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បន្ទាប់ពីភាគីជនបង្កចង់ឱ្យសំណងជំងឺចិត្តចំនួន 3លានរៀល ដើម្បីបញ្ចប់រឿង»។
សារព័ត៌មានដដែលបន្តថា «បើតាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅវេលាម៉ោង 7 និង 30នាទី ថ្ងៃទី28 ខែឧសភា ឆ្នាំ2024 ចំណុចផ្លូវលេខ15 ក្នុងបុរីសៀងណាំ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប មានរថយន្តទំនើប 1គ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា បានបើកចេញពីផ្ទះ លោកស្រី លី អ៊ុំអេង អតីតអនុប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប និងជាអ្នកជំនួញដីធ្លីដ៏មានឥទ្ធិពលម្នាក់ បានបោះពួយលឿនជ្រុលទៅបុកម៉ូតូដែលកំពុងឆ្លងផ្លូវបណ្ដាលឱ្យរងរបួសធ្ងន់ (បាក់ចង្កេះ) ដោយគ្មានអ្នកបញ្ជូនទៅមន្ទីរពេទ្យអស់រយៈពេលជាងមួយម៉ោង ហើយបានស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ បានប្រហែលជាង 2ម៉ោង។ សាក្សីបានឱ្យដឹងទៀតថា ដោយសារឃើញគ្រួសារជនរងគ្រោះក្រីក្រ ទើបគ្រួសារអ្នកជំនួញដីធ្លីរូបនោះធ្វើទង្វើមិនសមរម្យ ក្អេងក្អាង ពោលគឺបុកហើយនៅឈរមើលជនរងគ្រោះដែលកំពុងដួលស្តូកស្តឹងទៀតផង»។
សារព័ត៌មានដដែលបន្ថែមថា «ចំណែក កូនប្រុសរបស់ជនរងគ្រោះ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែឧសភា ថា ឪពុករបស់ខ្លួនមានឈ្មោះ គល់ ហ៊ៅ អាយុ ៦៤ឆ្នាំ មុខរបរឃ្វាលគោឱ្យមេការក្នុងបុរីសៀងណាំ និងគោរបស់គាត់ខ្លះ។ បច្ចុប្បន្នក្រុមគ្រួសារបានរៀបចំធ្វើពិធីបុណ្យសពឱ្យឪពុករបស់ខ្លួននៅភូមិព្រៃក្រូច សង្កាត់ក្របីរៀល ក្រុងសៀមរាប ទៅតាមគន្លងប្រពៃណី។ កូនប្រុសជនរងគ្រោះបានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីកើតហេតុមួយសន្ទុះធំ ក៏បញ្ជូនឪពុករបស់ខ្លួនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តែបន្ទាប់ពីព្យាបាលអស់ជាង ២ម៉ោង ឪពុករបស់ខ្លួនក៏ស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យតែម្ដង។
កូនជនរងគ្រោះបន្តទៀតថា នៅថ្ងៃបន្ទាប់ គឺថ្ងៃទី២៩ ឃើញមានភាគីជនបង្កមកសម្រួលដល់កន្លែងបុណ្យសពដែរ ដោយគ្រួសារជនបង្កហ៊ានជួយបង់សំណងជំងឺចិត្តត្រឹមតែ ៣លានរៀល ប៉ុណ្ណោះ ទើបការសម្របសម្រួលគ្នានេះមិនអាចបញ្ចប់ទៅបានដោយសារតែគ្រួសារជនរងគ្រោះថាលុយប៉ុណ្ណឹងគ្រាន់ចូលពេទ្យអស់បាត់ទៅហើយ ចុះទម្រាំថ្លៃធ្វើបុណ្យទៀតនោះវាមិនគ្រប់ទេ ហើយពួកគាត់ស្នើសុំ ៨លានរៀលដើម្បីទុកធ្វើបុណ្យសពឱ្យរួចរាល់»។
សារព័ត៌មានដដែលបញ្ជាក់ថា «ដោយឡែក នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នេះ គ្រួសាររងគ្រោះបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ពួកគាត់មិនយល់ព្រមតាមគ្រួសារជនបង្កនោះទេ ដោយបានទៅទៅដាក់ពាក្យបណ្តឹងទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជាពិសេស ស្ថាប័នតុលាការខេត្តសៀមរាប មេត្តាជួយរកភាពយុត្តិធម៌ និងផ្តល់សំណងសមរម្យដល់គ្រួសារពួកគាត់ផង។ រីឯមន្ត្រីផ្នែកច្បាប់ បានលើកឡើងថា ករណីបុកបណ្តាលឱ្យរបួសធ្ងន់បាក់ដៃ,បាក់ជើង និងអាចឈានដល់ស្លាប់ ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ ត្រូវធ្វើអ្វី ពួកគេគួរតែដឹងហើយមិនបាច់ចាំគាត់ធ្វើអត្ថាធិប្បាយនោះទេ ហើយសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍បែបនេះ ក៏មិនគួរទុកបណ្តែតបណ្តោយឱ្យជនបង្ករួចពីសំណាញ់ច្បាប់នោះដែរ»។
ដោយមានការពាក់ព័ន្ធជាមួយនឹងឈ្មោះលោកជំទាវចិត្តធម៌ លី អ៊ុំអេង ផងនោះ កាលពីថ្ងៃទី 30 ខែឧសភា ឆ្នាំ 2024 កន្លងទៅ ទីភ្នាក់ងារសារព័ត៌មានគូលែនដេលី បានសុំអនុញ្ញាតធ្វើកិច្ចសម្ភាសន៍ ជាមួយលោកជំទាវ តាមទូរស័ព្ទ ដែលនៅគ្រានោះលោកជំទាវបានមានប្រសាសន៍ថា « លោកជំទាវពិតជាបានដឹងថាមានរឿងរាវគ្រោះថ្នាក់ចរាចរណ៍ខាងលើពិតប្រាកដមែន ប៉ុន្តែមិនពាក់ព័ន្ធជាមួយលោកជំទាវនោះទេ»។
ដោយលោកជំទាវបានមានប្រសាសន៍បន្តថា «រថយន្តដែលជួបឧបទ្ទវហេតុខាងលើនោះ ជារថយន្តកូនប្រសាររបស់លោកជំទាវពិតប្រាកដ ប៉ុន្តែកូនរបស់លោកជំទាវមិនមែនជាអ្នកបើកបរនោះទេ ដោយអ្នកបើកបរនោះគឺឈ្មោះ សំរាច់ ជាអ្នកធ្វើការនៅក្នុងផ្ទះរបស់លោកជំទាវ ដោយសារកូនរបស់លោកជំទាវជាប់រវល់ ក៏បានឲ្យ សំរាច់ បើកបរជូនក្មេងៗ(ចៅ)ទៅសាលា។ លោកមិនយូរប៉ុន្មាន ក៏ឮដំណឹងថាមានហេតុការណ៍គ្រោះថ្នាក់កើតឡើង។
លោកជំទាវមានប្រសាសន៍បន្ថែមថា «បន្ទាប់ពីកើតហេតុ ដោយឃើញថាអ្នកបើកបរម៉ូតូ ជាអ្នកធ្លាប់ចេញចូលធ្វើការឲ្យលោកជំទាវ ហើយស្គាល់គ្នាផងនោះ កូនៗក៏សម្រេចចិត្តសម្របសម្រួលគ្នា ដោយសន្យានាំអ្នកបើកបរម៉ូតូទៅមន្ទីរពេទ្យដើម្បីព្យាបាល និងជួសជុលម៉ូតូសង បើទោះបីជាលោកជំទាវដឹងថាម៉ូតូហ្នឹងជិះមកចូលឡានដោយខ្លួនឯង ហើយក៍ពុំត្រូវការសមត្ថកិច្ចជួយដោះស្រាយនោះដែរ។ ប៉ុន្តែជាអកុសល ក្រោយមក អ្នកបើកបរម៉ូតូ ត្រូវបានស្លាប់បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ»។
លោកជំទាវចិត្តធម៌បានមានប្រសាសន៍បញ្ជាក់ថា «កូនៗនិងក្រុមគ្រួសាររបស់លោកជំទាវ បានទៅចូលរួមពិធីបុណ្យសពរបស់អ្នកបើកបរម៉ូតូ នឹងបានព្យាយាមជូនសំណង់រដ្ឋប្បវេណីក៏ដូចជាចូលបន្សប់ ដោយមិនបានគេចវេសនោះឡើយ។ ក្រោយមកគាត់លេចឮព័ត៌មានថា ភាគីក្រុមគ្រួសារជនរងគ្រោះកើតទុក្ខមិនសុខចិត្តមិនព្រមទទួលសំណងទៅតាមការផ្ដល់ជូនរបស់ក្រុមគ្រួសារលោកជំទាវទៅវិញ»។
ជាចុងក្រោយលោកជំទាវក៏បានសំណូមពរ មេត្តាកុំភ្ជាប់រូបលោកជំទាវទៅនឹងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ ពីព្រោះលោកជំទាវមិនបាននៅក្នុងហេតុការណ៍ ឬក៏ជាអ្នកបើកបររថយន្តនោះដែរ។ លោកជំទាវតែងតែជួយមនុស្សដោយចិត្តធម៌ជាច្រើនមកហើយ រឿងអ្វីដែលលោកជំទាវមិនព្រមជួយភាគីម៉ូតូ ដែលជាមនុស្សធ្លាប់ធ្វើការឱ្យលោកជំទាវនោះ៕KD