Thursday, November 21, 2024

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមអនុវត្តយោគៈ និងសមាធិ នៅបរិវេណប្រាសាទអង្គរវត្ត

ខេត្តសៀមរាប៖ ព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ មូលនិធិគន្ធបុប្ផាកម្ពុជាបានរៀបចំកម្មវិធីធ្វើយោគៈ និងសមាធិនៅបរិវេណប្រាសាទអង្គរវត្ត ដោយមានការចូលរួមពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជាប្រធាននៃមូលនិធិ ព្រមទាំងសមាជិក សមាជិកាប្រមាណ១០០នាក់។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍ថា នេះជាលើកទីមួយដែលមូលនិធិគន្ធបុប្ផាកម្ពុជាបានរៀបចំកម្មវិធីយោគៈ និងសមាធិនៅប្រាសាទអង្គរវត្តដែលជាទីសក្ការគោរពបូជារបស់ប្រជាជនខ្មែរយើង។ កម្មវិធីនេះ មានគោលបំណង បួងសួងសុំសេចក្តីសុខ ចូលរួមកម្មវិធីមនុស្សធម៌ដើម្បីរៃអង្គាសថវិកាជួយដល់កុមារកម្ពុជាក្រោមមូលនិធិគន្ធបុប្ផាកម្ពុជា និងកម្មវិធីអប់រំសុខភាពផ្លូវចិត្ត សុខភាពផ្លូវកាយ ស្ងប់អារម្មណ៍ដែលជំរុញឱ្យមនុស្សស្រឡាញ់សុខសន្តិភាព។

លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានរៀបចំកម្មវិធីដ៏មានសារសំខាន់នេះឡើង និងសូមអរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមជាថវិកាដល់មូលនិធិគន្ធបុប្ផាកម្ពុជាដើម្បីគាំទ្រដល់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាដែលទទួលពិនិត្យ និងព្យាបាលកុមារដោយឥតគិតថ្លៃ មិនរើសអើង ក្នុងស្មារតី«ខ្មែរជួយខ្មែរ»ដើម្បីភាពញញឹមរបស់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា៕KD

អត្ថបទ៖ ឆាយ ផាន់នី

រូបភាព៖ លោក រដ្ឋ ផល្លីន/ ហាប់ គឹមអាន

ព័ត៌មានពេញនិយម