ខេត្តសៀមរាប៖ នៅវេលាម៉ោង ១១ និង ៣០នាទី ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៤ នេះ មហាជន និង សិស្សានុសិស្សអនុវិទ្យាល័យព្រះឥន្ទកោសា ស្ថិតនៅក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប បានសម្ដែងការហួសចិត្ត នៅពេលដែលបានឃើញ មនុស្សមួយក្រុមដែលស្លៀកពាក់ឯកសណ្ឋានជាមន្ត្រីនគរបាលចរាចរណ៍ ធ្វើដំណើរដោយរថយន្ត និង ម៉ូតូ មកឈប់នៅមុខសាលាខាងលើ បានធ្វើសកម្មភាព ដាក់សាជីពណ៌ក្រហម ជាសញ្ញាបញ្ជៀស និងបន្ថយល្បឿនចរាចរណ៍ រួចឱ្យសិស្សសាលាម្នាក់សម្ដែងជិះឆ្លងមកថតរូប និងបានប្រាប់គ្នីគ្នាថា «ដាក់ចូលគ្រុបទៅៗ» បន្ទាប់មកក៏នាំគ្នាជិះចេញពីទីតាំងខាងលើ បាត់អស់ ខណៈពេលដែលសិក្សានុសិស្សនៅពុំទាន់ចេញពីសាលានៅឡើយ។ មហាជន និងសិស្សានុសិស្សមានការងឿងឆ្ងល់ថាហេតុអ្វី ? តើពួកគាត់កំពុងធ្វើអ្វី? ជាក្រុមតារាសម្ដែងតើមែនដែរឬទេ? ប៉ុន្តែស្លៀកពាក់ឯកសណ្ឋានជាមន្ត្រីនគរបាលចរាចរណ៍ ដោយមិនបាននៅរង់ចាំសម្រួលចរាចរណ៍ជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នោះទេ។
នៅរសៀលថ្ងៃដដែលនេះ ទីភ្នាក់ងសារព័ត៌មានគូលែនដេលី បានបញ្ជូនព័ត៌មាន និងជំរាបសួរទៅកាន់ លោកវរសេនីយ៍ទោ សោម វីរ: នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជុំវិញករណីនេះ ដោយលោកឆ្លើយថា « ប៉ូលីសខ្ញុំតែចាំមេីលខ្ញុំឆែកបន្ថែម »។
វរសេនីយ៍ទោ សោម វីរ: បន្តថា «ព្រោះខ្ញុំជារៀងរាល់ម៉ោងចេញ(សិក្សានុសិស្សចេញពីសាលា) គឺត្រូវឱ្យពួកគាត់ទៅសម្រួលចរាចរណ៍ ប៉ុន្តែឃើញបាញ់រូបមកចូលគ្រុប របាយការណ៍នោះឃើញរូបគាត់សម្រួលចរាចរណ៍ដែរតើ»។ លោកបន្ថែមថា « កុំថាឡើយប្រជាពលរដ្ឋ ដែលទទួលយកមិនបាននោះ សម្រាប់ខ្ញុំ ក៍ទទួលយកមិនបានដែរ ព្រោះវាជារូបភាពសម្ដែង ហើយខ្ញុំក៍សូមអរគុណសម្រាប់ការផ្ដល់ព័ត៌មាន»។ លោកនៅបន្តទៀតថា «តើប្រជាពលរដ្ឋប៉ុន្មាននាក់ដែលផ្ញើព័ត៌មានទៅ ហើយតែសកម្មភាពបែបហ្នឹងវាមានជាប្រចាំបែបហ្នឹង ឬមួយក៏នែក ទើបតែម្ដងឬពីរដងទេ?»
ឆ្លើយតបទៅនឹងសំណួរចំពោះចំណាត់ការ របស់លោកក្នុងករណីនេះយ៉ាងដូចម្ដេច? លោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកបញ្ជាក់ថា «ខ្ញុំមានចំណាត់ការយ៉ាងម៉េច បើមកដល់ម៉ោងនេះ..រូបភាពសកម្មភាពគាត់ធ្វើការ? ប៉ុន្តែដល់ពេលយើងថាអញ្ចឹង ខ្ញុំនឹងទៅតាមដាន មើលទៀតបាទ…»។
លោកបញ្ជាក់បន្ថែមថា «ហើយបើពេលខ្លះវាឆក់ល្វែងម្ដងម្កាល របស់គាត់ក៏យើងមិនទៅចាប់ទោសអូរដំណើរ ម៉េចដែរ..គ្រាន់តែថាយើងណែនាំគាត់បន្ថែម ….កុំឱ្យយកអាទម្លាប់ត្រីមួយស្អុយ ស្អុយមួយកន្ត្រក ..កុំឱ្យយកអាទម្លាប់អាគ្នាធ្វើរាល់ថ្ងៃ ..ដល់ពេលគ្នាឆក់ល្វែងមួយពេលយកគ្នាទៅ បង្អាប់បន្ទោសអូសដំណើរអីផ្សេងៗហ្នឹង វាអត់ជារឿងល្អប៉ុន្មានទេសម្រាប់ការគិតរបស់ខ្ញុំហ្នឹងណា»។
ទោះបីជាយ៉ាងណា មហាជនបានធ្វើការគោរពស្នើសុំ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មេត្តាពិនិត្យមើលមន្ត្រីមួយចំនួនដែលអសកម្ម បានត្រឹមតែសម្ដែង បំភាន់ភ្នែកថ្នាក់ដឹកនាំ ដែលនាំឲ្យថ្នាក់ដឹកនាំកំពូលមានការវិនិច្ឆ័យខុស ប្រមាថដល់កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក្នុងការបម្រើប្រជាពលរដ្ឋកន្លងមក៕KD