Sunday, November 24, 2024

នាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោកថា កម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយថានិងស្វែងរក វិធីជួយគាំទ្រដល់កម្ពុជា

ភ្នំពេញ៖បន្ទាប់ពីទទួលបានការអនុញាតដ៏ខ្ពង់ខ្ពស់អំពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យឯកឧត្តម Daren Tang នាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

ឯកឧត្តម Daren Tang បានគោរពជម្រាបជូនសម្ដេចតេជោថា អង្គការកម្មសិទ្ធិបញ្ញាពិភពលោក កាលពីដើមឡើយ គឺជាអង្គការបច្ចេកទេស ប៉ុន្តែនាពេលនេះ អង្គការនេះ កំពុងប្រែក្លាយខ្លួនទៅជាអង្គការអភិវឌ្ឍន៍ គាំទ្រគម្រោងការអភិវឌ្ឍរបស់ប្រទេសដែលកំពុងអភិវឌ្ឍន៍។
ឯកឧត្តម ក៍បានជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម បានមកកម្ពុជាជាច្រើនដងហើយ គ្រប់ពេលដែលឯកឧត្តម បានមកដល់កម្ពុជា គឺឃើញថាកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ឯកឧត្តមសូមសម្ដែងនូវការគោរពនិងអបអរសាទរ ជូនចំពោះសម្ដេចតេជោនិងប្រជាជនកម្ពុជា ។
ឯកឧត្តមនាយកអង្ការរូបនេះបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក មកកាន់ព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ គឺដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផង និងដើម្បីស្វែងយល់ និងស្វែងរក វិធីជួយគាំទ្រដល់កម្ពុជាផង ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ជួយដល់កម្ពុជា ក្នុងការចុះបញ្ជីដំណាំភូមិសាស្ត្ររបស់កម្ពុជា ហើយក៏បានជម្រាបជូនឯកឧត្តម Daren Tang និងប្រតិភូ អំពីការកត់សម្គាល់របស់សម្ដេច រួមមាន៖ ពាណិជ្ជកម្មរវាងប្រទេសនៅក្នុងតំបន់ មានការកើនឡើងនៅក្នុងអំឡុងពេលមានកូវីដ19 នោះសបញ្ជាក់ឲ្យឃើញថា AFTA ចាប់ផ្ដើមដំណើរការសកម្មនៅពេលដែលមានជំងឺកូវីដ19។ ជាឧទាហរណ៍ពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម, កម្ពុជា-ថៃ និងកម្ពុជា-ឡាវ មានការកើនឡើងគួរឲ្យកត់សម្គាល់។ កំណត់សម្គាល់មួយទៀត គឺសង្គ្រាមនៅប្រទេសអ៊ុយក្រែន គឺជារឿងមួយ ប៉ុន្តែការដាក់ទណ្ឌកម្មហួសហេតុពេក នាំទៅដល់វិបត្តិ ដែលមិនត្រឹមតែនៅអឺរ៉ុបទេ ប៉ុន្តែវិបត្តិជាពិសេស គឺវិបត្តិសេដ្ឋកិច្ច រីករាលដាលដល់ប្រទេសដទៃទៀត នៅក្រៅទ្វីបអឺរ៉ុប ក្នុងនោះ រួមមានទាំងកម្ពុជាផងដែរ ៕KD

ព័ត៌មានពេញនិយម