ខេត្តសៀមរាប៖ ក្មេងស្រីម្នាក់បានស្លាប់បាត់បង់ជីវិត ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ និងមនុស្សចាស់ក្មេង ពីរនាក់ទៀត រងរបួសស្រាល បន្ទាប់ពីម៉ូតូរបស់ពួកគាត់ប៉ះជាមួយនឹងរថយន្ត លើផ្លវជាតិ 6 ត្រង់ចន្លោះបង្គោលគីឡូលេខ 306 និង 307 ចំណុចមុខផ្លូវចូលស្តាតថ្មី ស្ថិតក្នុងភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប វេលាម៉ោង 8 និង 30នាទី ថ្ងៃទី 22 ខែ ឧសភា ឆ្នាំ2024។
លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការ នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានប្រាប់ពីភ្នាក់ងារសារព័ត៌មានគូលែនដេលីឲ្យដឹងថា ពិតជាមានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត1គ្រឿងម៉ាក FUSO ពណ៍សលាយខៀវ ពាក់ផ្លាកលេខ កំពង់ធំ 3A-1332 បើកបរដោយឈ្មោះមិនស្គាល់អត្តសញ្ញាណ និងម៉ូតូ 1 គ្រឿងម៉ាកហុងដាទ្រីមសេ125 (2019) ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប 1AM-0462 ដែលបើកបរដោយឈ្មោះ សាន់ តង ភេទស្រី អាយុ 47 ឆ្នាំ មានទីលំនៅភូមិចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប រួមដំណើរដោយ ឈ្មោះវ៉ាន់ និមល ភេទស្រី អាយុ 6 ឆ្នាំ នៅភូមិជាមួយគ្នា និងឈ្មោះវ៉ាន់ សម្បត្តិ ភេទ ប្រុស អាយុ 2 ឆ្នាំ នៅភូមិជាមួយគ្នា ត្រង់ចំណុច និងពេលវេលាខាងលើពិតប្រាកដមែន។ លោកវរសេនីយ៍ឯក លឹម សម្បត្តិ បានបន្តថា នៅមុនពេលកើតហេតុគេឃើញ រថយន្តនិងម៉ូតូខាងលើបើកបរក្នុងទិសដៅស្របគ្នាពីលិចទៅកើត មកដល់មុខផ្លូវចូលស្តាតថ្មី ស្ថិតក្នុងភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ម៉ូតូបានគេចពីទឹកក៏ទៅប៉ះជាមួយនឹងរថយន្តបណ្ដាលឲ្យដួលភ្លាមៗ ដោយឈ្មោះ សាន់ តង និង ឈ្មោះវ៉ាន់ សម្បត្តិ រងរបួសស្រាល ប៉ុន្តែឈ្មោះ វ៉ាន់ និមល រងរបួសធ្ងន់។ ឃើញហេតុការណ៍បែបនោះ អ្នកបើកបររថយន្តបានដឹកអ្នករងគ្រោះយកទៅសង្រ្កោះនៅមណ្ឌលសុខភាពឃុំកណ្តែក បន្ទាប់មកដឹកយក ឈ្មោះ វ៉ាន់ និមល ទៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ដោយស្ថានភាពធ្ងន់ធ្ងរ ជនរងគ្រោះក៍បានស្លាប់នៅក្នុងមន្ទីរពេទ្យ ហើយអ្នកបើកបររថយន្តរត់គេចខ្លួនបាត់។
លោកវរសេនីយ៍ឯក លឹម សម្បត្តិ បានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ គឺមកពីម៉ូតូបើកបរគេចពីទឹកខ្វះការប្រុងប្រយ័ត្ន។ បច្ចុប្បន្ន សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ចំណែកឯវត្ថុតាង ម៉ូតូនិងរថយន្តខាងលើ យកទៅរក្សាទុកនៅ អធិការដ្ធានស្រុកប្រាសាទបាគង ដើម្បីកសាងសុំណុំរឿងតាមនិតិវីធី៕KD