ខេត្តព្រះវិហារ៖រថយន្តម៉ាកស៊ីណា ដឹកឈើអស់ល័ក្ខ ត្រូវ កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើរវៀង សហការជាមួយកម្លាំងនគរបាលស្រុក ស្ទាក់ចាប់បាន ត្រង់ចំណុចចំការស្វាយចន្ទី ស្ថិតក្នុងភូមិឈ្មួន ឃុំរួសរាន់ ស្រុករវៀង កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កម្លាំងចម្រុះ ធ្វើការឃាត់រថយន្តមួយគ្រឿង ម៉ាកស៊ីណា ផ្លាកលេខ ភ្នំពេញ 2AG-5766 ផ្ទុកទៅដោយឈើពេញ ដែលសង្ស័យថាជារថយន្ត ក្នុងក្រុមរថយន្តដឹកឈើល្មើសច្បាប់ របស់ឈ្មួញប្រចាំខេត្តព្រះវិហារ ឈ្មោះ តុលា ដែលត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើរវៀង ធ្លាប់ចាប់បាន០២គ្រឿង នាពេលកន្លងមក។
សមត្ថកិច្ចបន្តថា ក្នុងប្រតិបត្តិការនេះ រថយន្តដែលដឹកបទល្មើសខាងលើ បានបើកចូលចំការស្វាយចន្ទី ចំណែកអ្នកបើកបរ ចាក់សោទុកចោល ហើយរត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្នសមត្ថកិច្ចបាននាំយកវត្ថុតាង ទៅរក្សាទុកនៅស្នាក់ការរដ្ឋបាលព្រៃឈើរវៀង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
អង្គភាពសារព័ត៌មាន គូលែន ដេលី ធីវី អនឡាញ មិនអាចសុំការបញ្ជាក់ អំពីលោកនាយសង្កាត់រដ្ឋបាលព្រៃឈើរវៀង លោក ស៊ុម ស៊ីវត្ថា បាននៅឡើយទេដោយសារទូរសព្ទចូលគ្មានអ្នកទទួល។
ដោយឡែក លោក តុលា ដែលរោងការចោទប្រកាន់ថា ជាម្ចាស់រថយន្តនិងឈើខាងលើ នៅពុំទាន់អាចសុំធ្វើការបំភ្លឺ អំពីរឿងនេះបាននៅឡើយទេ ដោយសារគ្មានលេខទំនាក់ទំនង៕KD