Wednesday, December 11, 2024

ប្រទះឃើញបុរសជនជាតិ អៀកឡង់ ម្នាក់ ស្លាប់ នៅក្នុងផ្ទះសំណាក់ បេប៊ីឡូន អង្គរ BABY LON ANGKOR កណ្ដាលក្រុងសៀមរាប

ខេត្តសៀមរាប៖ បុរសជនជាតិ អៀកឡង់ ម្នាក់ ត្រូវបានប្រទះឃើញ ស្លាប់ នៅក្នុងបន្ទប់លេខ ១០៨ ជាន់ផ្ទាល់ដី នៃផ្ទះសំណាក់ បេប៊ីឡូន អង្គរ BABY LON ANGKOR ដែលស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នៅវេលាម៉ោង ៩ និង ០០ នាទី ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ២០២៤។ ប្រភពពីសមត្ថកិច្ចបានហើយដឹងថា បុរសជនជាតិ អៀកឡង់ដែលបានស្លាប់នោះមានឈ្មោះ MONAGHAN GERARD ភេទប្រុស អាយុ ៦៤ឆ្នាំ កាន់លិខិតឆ្លងដែនលេខ PP៥៤០៣១៦១ មុខរបរ គ្មាន ស្នាក់នៅបណ្ដោះអាសន្ន ទីតាំងកើតហេតុខាងលើ។

ប្រភពដដែលបានបន្តថា នៅកន្លែងកើតហេតុ ឈ្មោះ សៀ ចាន់ដ៉ីន ភេទប្រុស អាយុ ៥១ ឆ្នាំ មុខរបរបុគ្គលិក ផ្ទះសំណាក់ មានទីលំនៅបច្ចុប្បន្នទីតាំងកើតហេតុខាងលើ បានឱ្យដឹងថា «ជនរងគ្រោះ(សព)គាត់បានមកស្នាក់នៅផ្ទះសំណាក់ រយៈពេល ១០ ថ្ងៃមកហើយ គាត់ស្នាក់នៅបន្ទប់លេខ ១០៨ ជាន់ផ្ទាល់ដី ដោយគាត់រស់នៅតែម្នាក់ឯងទេ ចាប់តាំងពីគាត់មកស្នាក់នៅខ្ញុំសង្កេតឃើញគាត់ចូលចិត្តផឹកស្រាបៀរ និងជក់បារីច្រើន តែគាត់ពុំដែលមានបញ្ហាអ្វីនោះទេ ហើយរូបរាងគាត់ស្គមដើររាងញ័រៗ តែខ្ញុំពុំដឹងថាគាត់មានជំងឺឈឺអ្វីនោះទេ ជាក់ស្ដែងនៅវេលាម៉ោង ០៩ និង ០០ នាទី ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៤ ខ្ញុំបានទៅគោះទ្វារបន្ទប់របស់គាត់ដើម្បីសុំប្ដូរកម្រាលពូក តែពុំឮសំឡេងគាត់ឆ្លើយ ខ្ញុំបានគោះនិងស្រែកហៅគាត់ជាច្រើនដង នៅតែមិនឮសំឡេងឆ្លើយតប រួចខ្ញុំក៏បានយកកាតសាគួរដើម្បីទៅបើកទ្វារ ពេលបើកទ្វារ បានស្រាប់តែឃើញគាត់ដេកនៅលើឥដ្ឋការ៉ូក្បែរគ្រែ ភ្លាមនោះខ្ញុំក៏បានរត់មកប្រាប់អ្នកគ្រប់គ្រងផ្ទះសំណាក់ដើម្បីឲ្យគាត់រាយការណ៍ជូនសមត្ថកិច្ច មួយសន្ទុះក្រោយមកសមត្ថកិច្ចបានមកដល់រួចពិនិត្យមើលទើបដឹងថាគាត់បានស្លាប់បាត់ទៅហើយ»។

ប្រភពបានបញ្ជាក់ថា ដំណើរការពិនិត្យសាកសព នៅទីតាំងកើតហេតុខាងលើ ឃើញថាគ្រប់ផ្នែកទាំងអស់ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ ហើយសាកសពរឹងគ្រប់សន្លាក់ដៃជើង។ យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ សមត្ថកិច្ចសន្និដ្ឋានបានថា ការស្លាប់ របស់បុរសជនជាតិ អៀកឡង់ ខាងលើគឺដោយសារ ស្ទះសរសៃឈាមបេះដូង។ បច្ចុប្បន្នសាកសពបានយកទៅរក្សាទុកនៅវត្តទឹកថ្លារាជធានីភ្នំពេញដើម្បីគ្រប់គ្រង និងបន្តនីតិវិធី៕KD

ព័ត៌មានពេញនិយម