រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា និងតាមការណែនាំរបស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌសែនសុខ និងរដ្ឋបាលសង្កាត់ភ្នំពេញថ្មី បានចុះផ្អាកសកម្មភាពមន្ទីរពហុព្យាបាល និងសម្ភព ហារី ស្ថិតនៅផ្ទះលេខ៣៥០ ផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ របស់លោក សោម ចិត្រា ជាអ្នកទទួលខុសត្រូវ ដែលពុំមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។ក្រុមការងារបានអនុវត្តសេចក្តីសម្រេច ស្តីពីការផ្អាកសកម្មភាពមន្ទីរពហុព្យាបាល និងសម្ភព ហារី លេខ ២៩៧/ ២៤ រ.ប ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ និងបានប្រគល់ឱ្យម្ចាស់គ្រប់គ្រងមន្ទីរពហុព្យាបាលមួយច្បាប់។ ក្រុមការងារក្រសួងសុខាភិបាល បញ្ជាក់ថា នឹងសហការជាមួយរដ្ឋបាលរាជធានី ខេត្ត ធ្វើសកម្មភាពចុះពិនិត្យមូលដ្ឋានសុខាភិបាលឯកជនជាបន្តបន្ទាប់៕KD