ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះហត្ថលេខា លើលិខិតបង្គាប់ការមួយសន្លឹក របស់ក្រសួងមហាផ្ទៃ លេខ ៣២៨ លបក នៅថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ ២០២២នេះ។
ក្នុងខ្លឹមសារលិខិតបានបញ្ជាក់ថា ត្រូវចាត់តាំង ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំសហការបង្ក្រាបល្បែងស៊ីសងខុច្បាប់គ្រប់ប្រភេទ ទូទាំងប្រទេស។
លិខិតបានបន្តថា ប្រតិបត្តិការចុះបង្ក្រាបនេះ គឺចាប់ពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ថ្ងៃបញ្ចប់នៃបេសកកម្ម។
គួររំលឹកផងដែរថា កន្លងទៅ សារព័ត៌មាន ជាច្រើន បានផ្សព្វផ្សាយថា មានករណីល្បែងស៊ីសង នៅតាមបណ្ដាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ បានរីកដុះដាលដូចផ្សិត ស្ទើរតែទូទាំងប្រទេស។
ទោះបីជាយ៉ាងណា មហាជនគ្រប់មជ្ឈដ្ឋាន បាននាំគ្នាអបអរសាទរ ហើយនឹងរំពឹងទុកថា កិច្ចប្រតិបត្តិការបង្ក្រាបនេះ នឹងធ្វើអោយគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលបានដាក់ចេញនឹងកាន់តែមានប្រសិទ្ធភាពខ្ពស់៕KD