ខេត្តសៀមរាប៖ និស្សិតផ្នែកអគ្គិសនី នៃសាលាពហុបច្ចេកទេសអង្គរម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ បណ្ដាលអោយស្លាប់ នៅពេលកាត់រុះរើបណ្ដាញចាស់ នៅចំណុចសំយ៉ាបដែកលើបន្ទប់លេខ២ មានកម្ពស់៣ម៉ែត្រពីសាប នៃផ្ទះជួលមួយកន្លែង ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង ១៦ និង៤៦នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា និស្សិតផ្នែកអគ្គិសនីដែលស្លាប់នោះមានឈ្មោះ ហូយ គិមឈើន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ និស្សិតផ្នែកអគ្គិសនី នៅសាលាពហុបច្ចេកទេសអង្គរ មានស្រុកកំណើតភូមិប្រាសាទ ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប នឹង ស្នាក់នៅបណ្តោះអាសន្នៈ ផ្ទះជួលបុរីប្រឹមប្រីយ៍ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។
សមត្ថកិច្ចបន្តថា នៅកន្លែងកើតហេតុ មានការបំភ្លឺពីម្ចាស់បន្ទប់ជួលឈ្មោះ លី សូហ្វី ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាបថា៖ «សព្វថ្ងៃរូបខ្ញុំមានបន្ទប់ជួលមួយកន្លែងស្ថិតនៅទីតាំងកើតហេតុខាងលើ ហើយមានបន្ទប់ជួលចំនួន១២បន្ទប់ ជារៀងរាល់ថ្ងៃរូបខ្ញុំពុំបានស្នាក់នៅទីតាំងបន្ទប់ជួលទេ ។ ជាក់ស្ដែងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១០:០០ នាទី ដោយអំពូលមុខផ្លូវចូលបន្ទប់ជួលមិនភ្លឺ រូបខ្ញុំក៏បានរកជាងអោយមកជួយត ។ លុះវេលាម៉ោងប្រហែល ១០ និង ៣០នាទី ក៏បានឃើញមានជាងភ្លើង ភេទប្រុស ចំនួនពីរនាក់ ម្នាក់ជាជនរងគ្រោះ(សព) បានមកដល់ ហើយរូបខ្ញុំបានប្រាប់ថា ជួយពិនិត្យមើលអំពូលភ្លើងខាងមុខផ្ទះ ព្រោះមិនភ្លឺពុំដឹងដាច់ខ្សែកន្លែងណាទេ ហើយបើសិនជាខូចកន្លែងណាធ្វើកន្លែងហ្នឹងទៅ រួចជាងទាំងពីរនាក់នោះក៏បានត្រឡប់ទៅវិញបាត់ទៅ។ លុះដល់វេលាម៉ោង ១៣ និង ៣០នាទី ក៏បានឃើញពួកគេត្រឡប់មកវិញ និងបានចាប់ផ្ដើមតប្រព័ន្ធភ្លើងតែម្ដង រហូតដល់វេលាម៉ោងប្រហែល ១៦ និង ៣០នាទី ពេលនោះរូបខ្ញុំបានកំពុងចូលបន្ទប់ទឹក ក៏ស្រាប់តែឮសំឡេងមានគេស្រែកថា មនុស្សឆក់ខ្សែភ្លើង ពេលនោះរូបខ្ញុំចេញពីបន្ទប់ទឹកមកមើល ក៏បានឃើញកូនជាងដែលមកមួយគ្នានោះ បានឈរមើលមនុស្សប្រុសជាមេជាង(សព) ដែលឡើងតលើជញ្ជាំង ហើយបានធ្លាក់ទើលើពិដានបន្ទប់ជួល (បន្ទប់លេខ២ ) រួចរូបខ្ញុំក៏បានស្រែកឲ្យគេជួយ ហើយក៏មានអ្នករត់ទៅបិទបារ៉ែតភ្លើង ភ្លាមនោះដែលរូបខ្ញុំក៏បានទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ ពេលដែលរថយន្តសង្គ្រោះបន្ទាន់មកដល់គ្រូពេទ្យបានប្រាប់ថា(សព)នោះ បានស្លាប់បាត់ទៅហើយ រួចរូបខ្ញុំក៏បានទាក់ទងទៅសមត្ថកិច្ចតែម្ដង»។
ដោយឡែក សមត្ថកិច្ចក៍ទទួលបានការបំភ្លឺពីឈ្មោះ ហួន ចំរៀង ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបថា៖ «នៅថ្ងៃទីមិនចាំ ខែមីនា ឆ្នាំ២០២៤ រូបខ្ញុំបានស្គាល់គ្នាជាមួយឈ្មោះ ហូយ គីមសើន (សព) ភេទប្រុស អាយុ ២១ឆ្នាំ ជាសិស្សរៀននៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរ ជាមួយគ្នា។ ជាក់ស្ដែងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១៣ និង ០០ នាទី ស្រាប់តែបានឃើញ(សព) បានទាក់ទងមករូបខ្ញុំតាមប្រព័ន្ធតេឡេក្រាម រួចសួរខ្ញុំថាទំនេរអត់ ? បើទំនេរមកជួយតភ្លើងជាមួយបង រួចប្រាប់ឲ្យខ្ញុំជិះទៅបន្ទប់ជួលរបស់គាត់(សព) ហើយបានណាត់ឲ្យជួបគ្នានៅបន្ទប់ជួលរបស់គាត់នៅវេលាម៉ោង១៣ និង ០០នាទី ពេលទៅដល់រូបខ្ញុំបានជិះម៉ូតូជាមួយគាត់រួមនិងសម្ភារៈតភ្លើងមកជាមួយផងដែរ។ ពេលទៅដល់បន្ទប់ជួលដែលជាទីតាំងជួសជុលប្រព័ន្ធភ្លើងអគ្គិសនី នៅទីតាំងកើតហេតុខាងលើ ភ្លាមនោះក៏បានជួបជាមួយម្ចាស់បន្ទប់ជួលឈ្មោះ លី សូហ្វី ភេទស្រី អាយុប្រហែល ៤០ឆ្នាំ ហើយគាត់បានប្រាប់ទៅ(សព)ថា ឲ្យរៀបចំតប្រព័ន្ធអគ្គិសនីទៅខូចកន្លែងណាធ្វើកន្លែងហ្នឹងទៅ ភ្លាមនោះ(សព) ក៏បានរៀបចំឡើងតប្រពន្ធភ្លើងអគ្គិសនីតែម្ដង ចំណែករូបខ្ញុំនៅចាំជួយហុចសម្ភារៈពីខាងក្រោម ពេលនោះ(សព) ក៏បានចុះមកហើយដើរទៅបិទបារ៉ែតភ្លើង ដើម្បីតខ្សែថ្មីអំពូលមួយដែលនៅខាងមុខច្រកចូលបន្ទប់ជួល បន្ទាប់ពីតរួច (សព)ក៏បានបើកបារ៉ែតវិញ ហ្នឹងធ្វើតេស្តភ្លើងពីរបីដង ដោយពុំមានឆ្លងចរន្តអ្វីឡើយ ។ រហូតដល់វេលាម៉ោង ១៦ និង ៤៦ នាទី (សព)ក៏បានឡើងលើបន្ទប់ជួលលេខ២ មានពិដានខាងលើម្ដងទៀត ដើម្បីរើសខ្សែភ្លើងចាស់ដោយគាត់(សព)ពុំបានបិតបារ៉ែតទេ ចំណែករូបខ្ញុំនៅខាងក្រោមឆ្ងាយពីគាត់(សព) ប្រហែល ០៧ម៉ែត្រ ស្រាប់ឮសំឡេងគាត់(សព) ស្រែកយ៉ាងខ្លាំងថា ” អូយ ” ហើយបានឃើញគាត់តោងដែកជាប់លើបន្ទប់ បានបន្តិចក៏ឃើញគាត់ជ្រុលទៅមុខបណ្ដាលអោយធ្លុះជញ្ជាំងពិដាន នឹងទើនៅទីនោះ រួចខ្ញុំក៏បានឃើញអ្នកជួលបន្ទប់ជាច្រើននាក់ ចេញមកស្រែកថា គាត់(សព) ប្រហែលឆក់ខ្សែភ្លើងហើយ រួចមានអ្នករត់ទៅបិទបារ៉ែត ហើយអ្នកនៅក្បែរនោះក៏បាននាំគ្នាជួយលើគាត់មកដាក់ខាងក្រោមវិញ ហើយហៅឡានពេទ្យសង្គ្រោះបន្ទាន់មកជួយ ពេលដែលមកដល់ខាងឡានពេទ្យបានប្រាប់ថា(សព) បានស្លាប់បាត់ទៅហើយ ។
សមត្ថកិច្ចបន្ថែមថា ការពិនិត្យសាកសពឃើញថា សពត្រូវបានម្ចាស់ផ្ទះជួល លើកមកដាក់នៅខាងក្រោមលើសាប។ សពពាក់អាវសាច់ក្រណាត់ដៃវែងពណ៌ខៀវ មានអាវកាកពីក្រៅ នឹង ស្លៀកខោសាច់ក្រណាត់ក្រោមក្បាលជង្គង់ពណ៌ប្រផេះ ។ គ្រប់ផ្នែកទាំងអស់ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ នឹងពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌនោះទេ ។
សមត្ថកិច្ចបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យកន្លែងកើតហេតុ និង ការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ ជំនាញអាចសន្និដ្ឋានបានថាជនរងគ្រោះ មានការធ្វេសប្រហែស នៅពេលកាត់រុះរើបណ្ដាញចាស់ ដោយពុំបានផ្តាច់ចរន្តអគ្គិសនីពីឌីសសង់ទ័រ បណ្ដាលអោយចរន្តអគ្គិសនីឆក់ស្លាប់។ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ភូមិប្រាសាទ ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប៕KD