Sunday, November 24, 2024

លោក ស៊ុន ចាន់ថុល ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងល្បាក់ច្រាំងស្ទឹងក្នុងក្រុងសៀមរាប 

ខេត្តសៀមរាប៖លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ល្បាក់ច្រាំងស្ទឹង និងប្រព័ន្ធលូ ក្នុងក្រុងសៀមរាប នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។

លោករដ្ឋមន្ត្រីបានឱ្យដឹងថា ការចុះពិនិត្យនេះ មានការប្រើប្រាស់នូវម៉ាស៊ីនរ៉ូប៉ូត ត្រួតពិនិត្យប្រព័ន្ធលូ ដែលជាបច្ចេកវិទ្យាទំនើប មានភ្ជាប់ ជាមួយកាមេរ៉ា អាចមើលឃើញស្ថានភាពជាក់ស្ដែងប្រព័ន្ធលូផ្ទៃខាងក្នុង ការកកស្ទះ ឬការខូចខាត ក៏ដូចជាស្វែងរកមូលហេតុនៃការបង្កឱ្យមានជំនន់ទឹកភ្លៀង ជន់លិចបណ្តាផ្លូវមួយចំនួនក្នុងក្រុង បង្កការបាក់ច្រាំងដងស្ទឹង និងបណ្ដាលឱ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២កន្លងទៅ និងដើម្បីចាត់វិធានការដោះស្រាយបានទាន់ពេលវេលា។

បន្ថែមក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៍បានផ្ដាំផ្ញើ និងសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាផ្លូវថ្នល់របស់យើងទាំងអស់គ្នា សម្អាតចិញ្ចើមផ្លូវមុខផ្ទះឱ្យបានស្អាត ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ពីព្រោះសំរាមជាប្រភពនាំមកនូវកកស្ទះដល់ប្រព័ន្ធលូ ជាពិសេសកុំចាក់ដីខ្ពស់ជាងផ្លូវ ដែលអាចបង្កឱ្យមានការជន់លិច ធ្វើឱ្យផ្លូវឆាប់ខូចមុនអាយុកាល និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍៕KD

ព័ត៌មានពេញនិយម