Sunday, November 24, 2024

ជនជាតិ វៀតណាម  ម្នាក់ស្លាប់ នៅសង្កាត់នគរធំ ក្រុងសៀមរាប

ខេត្តសៀមរាប៖ ជនជាតិ វៀតណាម  ម្នាក់ត្រូវបានស្លាប់ នៅចំណុច:ផ្ទះរបស់កូនឈ្មោះង្វៀង ធីហៀង ស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប នៅវេលាម៉ោង ០៥ និង ៣០ នាទី ទាបភ្លឺថ្ងៃទី ១៤ខែ ឧសភា ឆ្នាំ២០២៤។

សមត្ថកិច្ចថា បុរសជនជាតិវៀតណាមដែលស្លាប់នោះមានឈ្មោះ  ង្វៀង យុំាងញ៉ាង អាយុ ៦៤ឆ្នាំ មុខរបរ គ្មានស្នាក់នៅបណ្ដោះអាសន្ន  ទីតាំងកើតហេតុខាងលើ។
សមត្ថកិច្ចដដែលបន្តថា នៅទីតាំងកើតហេតុ ឈ្មោះ ង្វៀង ធីហៀង ភេទស្រីអាយុ ៤២ ឆ្នាំមានទីលំនៅបណ្ដោះអាសន្នស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវជាកូនស្រីបង្កើតរបស់សព បានឲ្យដឹងថា «ចាប់តាំងពីប៉ារបស់ខ្ញុំគាត់បានលែងលះគ្នាជាមួយម្ដាយខ្ញុំ គាត់ដើរសុំប្រាក់គេទិញស្រាផឹកស៊ីហើយមិនសូវគិតគ្រួសារកូនចៅទេ គាត់ដើរសុំប្រាក់បានប៉ុន្មានគាត់ទិញស្រាផឹកទាំងអស់។នៅក្នុងឆ្នាំ ២០២៣ ប៉ាររបស់ខ្ញុំបានយកប្រពន្ធមួយទៀត នៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាបខេត្តសៀមរាប ប៉ារបស់ខ្ញុំយកប្រពន្ធបានប្រហែលមួយឆ្នាំប្រពន្ធរបស់គាត់ក៏សុំលែងហើយគាត់ក៏ត្រឡប់មកផ្ទះវិញមកនៅជាមួយពួកខ្ញុំហើយ ពេលដែលគាត់បានមករស់នៅទីនេះគាត់ដើរអនាថាដែលសុំទាននៅតាមទីកន្លែងគេលក់ដូរពេលដែលគាត់សុំប្រាក់បានទិញស្រាផឹក រហូត អត់ហូបបាយហើយពេលខ្លះមួយខែពីរខែទើបឃើញគាត់ត្រឡប់មកវិញ គាត់ដើរទៅបាត់យូរៗមកផ្ទះម្ដង ប្រហែល ៣ ទៅ ៤ ខែមុនប៉ារបស់ខ្ញុំគាត់មិនសូវដើរសុំទានឆ្ងាយទេ គាត់ដើរសុំទានគេនៅម្ដុំផ្លូវ ៦០ ម៉ែត្រ ពេលយប់គាត់មិនដែលចូលផ្ទះទេ ប្រហែលពីរបីថ្ងៃមុនគាត់ប្រាប់ខ្ញុំថាឈឺពោះហើយនាងខ្ញុំក៏បានទៅទិញថ្នាំឱ្យគាត់ លុះនៅវេលាម៉ោង ១៥ និង ១០ នាទី ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៤ ឃើញគាត់ក្អកធ្លាក់ឈាមឃើញដូចនេះខ្ញុំបានសួរថាប៉ាទៅពេទ្យអត់ គាត់ឆ្លើយថាប៉ាអត់ឈឺអ្វីទេ ពេលនោះពួកខ្ញុំក៏មិនបាននាំគាត់ទៅពេទ្យទេរហូតដល់វេលាម៉ោង ២១ និង ០០ នាទី ថ្ងៃខែឆ្នាំដដែល គាត់មានអាការះធ្លាក់ឈាមខ្លាំងហើយពេលនោះខ្ញុំបានហៅប្អូនខ្ញុំឲ្យមកជួយមើលគាត់ ជាក់ស្ដែងនៅវេលាម៉ោង ០៥ និង ៣០ នាទី ទៀបភ្លឺ ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៤ ប៉ារបស់ខ្ញុំដង្ហក់ខ្យល់ដកចង្ការមាន់ ហើយខ្ញុំក៏បានប្រាប់ប្អូនខ្ញុំឲ្យនៅមើលប៉ាខ្ញុំទៅទិញទៀន ពេលដែលខ្ញុំបានត្រឡប់មកពីទិញទៀនវិញប៉ារបស់ខ្ញុំបានដាច់ខ្យល់ស្លាប់បាត់ទៅ»។
សមត្ថកិច្ចបានបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ សមត្ថកិច្ចសន្និដ្ឋានបានថា បុរសជនជាតិវៀតណាមខាងលើ ស្លាប់ដោយសារ ក្រិនថ្លើមដំណាក់កាលចុងក្រោយ។ បច្ចុប្បន្នដោយមានការសម្រេចពីសមាគមវៀតណាមប្រចាំខេត្តសៀមរាប សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនលោកស្រី ង្វៀង ធីហៀង ត្រូវជាកូនបង្កើតយកទៅធ្វើបុណ្យតាមប្រពៃណី៕KD

ព័ត៌មានពេញនិយម