Saturday, June 22, 2024

ការស្រាវជ្រាវនៅព្រែកស្រមោច ដែលជាព្រែកជីកបុរាណ មានប្រភពចាប់ពីភ្នំគូលែនចុះរហូតដល់កំពង់ឃ្លាំង ជាប់មាត់ទន្លេសាប  

ខេត្តសៀមរាប៖ ជាយូរមកហើយ អ្នកស្រាវជ្រាវ និងអ្នកស្រុកមួយចំនួន យល់ថាព្រែកស្រមោចដែលជា ព្រែកជីកបុរាណ  មានប្រភពចាប់ពីភ្នំគូលែនចុះរហូតដល់កំពង់ឃ្លាំង ជាប់មាត់ទន្លេសាប ហើយពីមុនមកក៏ពុំទាន់មានការសិក្សាទាំងផ្នែកបុរាណវិទ្យា ផ្នែកវិស្វកម្ម ព្រមទាំងផ្នែកធារាសាស្ដ្រនៅឡើយទេ។ ប៉ុន្តែ កន្លងមកក៏ធ្លាប់មានដែរការសិក្សាពីសហគមន៍មនុស្សតាមបណ្តោយព្រែកជីក និងអត្ថបទខ្លីៗទាក់ទងផ្សេងទៀតដែរដែលបានចុះផ្សាយក្នុងបណ្តាណព័ត៌មានវប្បធម៌ខ្មែរ។លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ ដែលជាប្រធានគម្រោងបានផ្តល់នូវសំណួរមួយចំនួនដូចជា តើគេជីកព្រែកដ៏ធំនេះដើម្បីទាញយកទឹកប្រើប្រាស់? បើដូច្នេះ ហេតុអ្វី ក៏ទទឹង ធំម្ល៉េះ? ដើម្បីដឹកជញ្ជូនភាជន៍ ពីកន្លែងផលិត នៅលើភ្នំគូលែន ចុះ មកទន្លេ សាប? ឬ មួយ មាន  តួនាទី ជា ផ្លូវ   ដឹកថ្មពីអូរថ្មដាប់ដែល ជា កន្លែង ដាប់  យកថ្មទៅកសាង ប្រាសាទ   នៅ អង្គរ? ចម្ងល់ ទាំង   នេះ ហើយ ដែលក្រុម ស្រាវជ្រាវ ត្រូវធ្វើការស្វែងយល់ថា តើព្រែក ជីក  បុរាណ  នេះ មាន ប្រភព  ពីណាទៅដល់ត្រឹមណា? មានតួនាទីអ្វីឱ្យប្រាកដ?
ក្រុមស្រាវជ្រាវបានប្រាស់រូបថតពីលើអាកាស ដែលបោះពុម្ពក្នុងឆ្នាំ១៩៤១ និងរូបភាពពីលើអាកាសតាមរយៈ Google Earth បានបង្ហាញថា ព្រែកស្រមោចសណ្ដូកតាមទិសខាងជើងទៅត្បូង ចេញពីភូមិសាស្រ្តឃុំកំពង់ឃ្លាំង ជាប់មាត់ទន្លេសាប កាត់តាមផ្លូវជាតិលខេ៦ ត្រង់ភូមិថ្នល់ចែក ឃុំដំដែក ឡើងទៅដល់ភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគម។
ការស្រាវជ្រាវនៅដំណាក់កាលទី១ បានបង្ហាញថា ព្រែកជីកនេះលាតសន្ធឹងមិនដល់ភ្នំគូលែន ទេ គឺនៅត្រឹមម្ដុំវត្តសំរោងតែប៉ុណ្ណោះ ព្រោះពុំមានស្លាកស្នាមបន្តទៀតទេ។ ព្រែកជីកនេះមានប្រវែងសរុប ២៣គីឡូម៉ែត្រ កន្លែងខ្លះមានទទឹងពី៣០០ម៉ែត្រ កន្លែងខ្លះមានទទឹង១៥០ម៉ែត្រ និងមានកម្ពស់ជាង៤ម៉ែត្រ។ ក្រុមអ្នកស្រាវជ្រាវសន្និដ្ឋានថា ប្រភពទឹកហូរចូលព្រែកនេះអាចមានប្រភព២ សំខាន់ៗ៖ ទី១ ប្រភពទឹកពីភ្នំគូលែនស្ថិតនៅខាងជើងវាលរាបអង្គរ រួចហូរចូលព្រែកជីកនេះ និងទី២ ប្រហែលទឹកឡើងមកពី ទន្លេសាប  ច្រាលចូលក្នុងព្រែក។
យើងពុំដឹងថាព្រែកជីកដ៏ធំនេះកសាងនៅសម័យណាទេ តែគេអាចសន្និដ្ឋានថា អាចកើតមុនរាជ្យព្រះបាទជ័យវរ្ម័នទី៧ ឬប្រហែលអាចជាមុននោះយូរផង។   ក្រោយមកប្រហែលជាព្រែកជីកនេះមានដំណើរការ រអាក់រអួល និងខូចខាតដោយអន្លើ ទើបក្នុងរាជ្យព្រះបាទ ជ័យវរ្ម័នទី៧ បានធ្វើផ្លូវ មានទាំងស្ពានមួយចំនួនដែលសព្វថ្ងៃនេះក្លាយមកជាផ្លូវជាតិលេខ៦ កាត់ព្រែកជីកឲ្យដាច់ជាពីរផ្នែកនៅត្រង់ចំណុច “ថ្នល់ចែក” ម្តុំភូមិថ្នល់ចែក ឃុំដុំដែក ស្រុកសូទ្រនិគម។   អ្នកស្រុក រស់នៅតាមទំនប់ព្រែក ជីក មួយចំនួននៅ ចាំតៗគ្នាថា ព្រែកស្រមោច ឬផ្លូវសំពៅនេះ ជាផ្លូវទឹក បុរាណ  មួយដែលមាន សំពៅ ចរាចរ   ចុះឡើងចន្លោះ ពីទន្លេ សាប ទៅដល់ ភ្នំគូលែន និង ជាផ្លូវ  ដឹកជញ្ជូនថ្ម ទៅ  សាងសង់ ប្រាសាទ នៅអង្គរដែរ។
នៅក្នុងឆ្នាំ២០២៤នេះ ក្រុមស្រាវជ្រាវបានបន្តធ្វើកំណាយនៅទីតាំងភូមិថ្មី ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ក្នុងបំណងស្វែងយល់បន្ថែម ពីព្រែកស្រមោច និងស្វែងយល់ពីការតាំងទីរបស់ប្រជាជន និងពេលវេលាដែលពួកគេរស់នៅទីនេះ។ ក្នុងពេលធ្វើកំណាយនេះ យើងបានរកឃើញឃើញ កុលាលភាជន៍ខ្លះៗដូចជាកុលាលភាជផុយ និងភាជន៍មានស្រទាប់រលោងដែលមានអាយុកាល មុនសម័យអង្គរផង៕KD

អត្ថបទ៖ នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ
រូបភាព៖ ហាប់ គឹមអាន, រូបភាពឯកសារ

អត្ថបទស្រដៀងគ្នា

ព័ត៌មានពេញនិយម