Friday, November 22, 2024

ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបំបែកសំណុំរឿង «អំពើលួចមានស្ថានទម្ងន់ទោស ដោយប្រើហិង្សា ជិះម៉ូតូតាមកាប់ជនរងគ្រោះយកម៉ូតូ»

ខេត្តសៀមរាប៖ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ដោយអនុវត្តតាមបទបញ្ជាដល់ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ទាំងមូល អំពីបញ្ហាសន្តិសុខ សុវត្តិភាព លោកឧត្តមសេនីយ៍ទោ ស្នងការខេត្ត បានដាក់បទបញ្ជា ទៅកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប លោក វរសេនីយ៍ឯក នួន ស័ក្តិចំរើនរិទ្ធ ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ លោកវរសេនីយ៍ឯក សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំង ចុះសហការជាមួយកម្លាំងអធិការដ្ឋានក្រុង-ស្រុក បំបែកសំណុំរឿង «អំពើលួចមានស្ថានទម្ងន់ទោស ដោយប្រើហិង្សា ជិះម៉ូតូតាមកាប់ជនរងគ្រោះយកម៉ូតូ» ដែលកើតឡើងនៅត្រង់ចំណុចស្ពានលេខ១០ ចម្ងាយ១០០ម៉ែត្រ ស្ថិតក្នុងភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប វេលាម៉ោង២១ និង៣០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស ដោយប្រើហិង្សា ជិះម៉ូតូតាមកាប់ជនរងគ្រោះយកម៉ូតូ( បទល្មើសជាក់ស្តែង )នេះ កម្លាំងចម្រុះបានធ្វើប្រតិបត្តិការរយៈពេល ៣ ថ្ងៃ និងឃាត់ខ្លួន បានជនសង្ស័យចំនួន ០២នាក់ក្នុងចំណោមបក្ខពួក ដែលទី០១ មានឈ្មោះ លឿន ឡុង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ គ្មាន បច្ចុប្បន្នរស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប និងទី២ មានឈ្មោះ ឆៃ ស៊ីណាលិ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ គ្មាន បច្ចុប្បន្នរស់នៅភូមិបឹង សង្កាត់ក្របីរៀល ក្រុងសៀមរាប ។

សមត្ថកិច្ចបានបន្តថា ចំណែកជនរងគ្រោះ ដែលរងនូវអំពើរខាងលើ មានចំនួន០៣នាក់ ទី០១.ឈ្មោះ សយ រី ភេទស្រី អាយុ ៤៤ឆ្នាំ ទី០២.ឈ្មោះជូរ កញ្ញានី ភេទស្រី អាយុ ២០ឆ្នាំ និង ទី០៣.ឈ្មោះ រើន ស្រីរ៉ម ភេទស្រី អាយុ ១៩ឆ្នាំ អ្នកទាំងបីបច្ចុប្បន្នរស់នៅភូមិតាកុះ  ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សមត្ថកិច្ចបញ្ជាក់ថា អំពើលួចមានស្ថានទម្ងន់ទោស ដោយប្រើហិង្សា ជិះម៉ូតូតាមកាប់ជនរងគ្រោះយកម៉ូតូ( បទល្មើសជាក់ស្តែង )នេះ ជនរងគ្រោះបានបាត់បង់ម៉ូតូចំនួន ០២គ្រឿង គឺម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ផ្លាកលេខ សៀមរាប ១AQ-៥៤៧១ និងម៉ាកហុងដាស្គប់ពី សេ១២៥ ពណ៌ស ឆ្នាំ២០២៣ ផ្លាកលេខ សៀមរាប ១AP-២៥៤៤ ។

 សមត្ថកិច្ចបានរំលឹកជូនផងដែរថា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២៤ វេលាម៉ោង១៩:៣០នាទី ជនរងគ្រោះទាំង០៣នាក់ខាងលើ បានទៅចូលរួមកម្មវិធីឆ្លងចេត្រ នៅឃុំពាក់ស្នែង ស្រុកអង្គរធំ រហូតដល់វេលាម៉ោង២១:៣០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបាននាំគ្នាត្រឡប់ទៅវិញ ដោយជនរងគ្រោះ ឈ្មោះ សយ រី ជិះម៉ូតូម៉ាកស្តប់ពី ឌុបឈ្មោះ ជូរ កញ្ញនី ចំណែកឈ្មោះ រើន ស្រីរ៉ម ជិះម៉ូតូហុងដាឌ្រីមម្នាក់ឯង មកដល់ចំណុច ស្ពានលេខ១០ ចម្ងាយប្រហែល១០០ម៉ែត្រ ស្ថិតក្នុងភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ក៏មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណប្រហែល ០៦នាក់ ជិះម៉ូតូចំនួន ០២គ្រឿង បានជិះប្រដេញតាមជនរងគ្រោះពីក្រោយ ដោយពេលនោះជនសង្ស័យ បានលើកកាំបិតខ្វែវ បម្រុងកាប់មកលើឈ្មោះ សយ រី និងឈ្មោះ ជូរ កញ្ចនី ចំណែកបក្ខពួករបស់ជនសង្ស័យជិះម៉ូតូ០១ គ្រឿងទៀត ជិះតាមពីក្រោយឈ្មោះ រើន ស្រីរ៉ម ហើយបានលើកកាំបិតខ្វែវកាប់ទៅលើឈ្មោះ រើន ស្រីរ៉ម ចំនួន១កាំបិតខ្វែវ (កាប់ខាងខ្នងកាំបិត) បណ្ដាយឱ្យជ្រុលចង្កូតទៅបុកម៉ូតូឈ្មោះ សយ រី បណ្ដាលឱ្យដួលរងរបួសកែងដៃ មុខ និងជើង ហើយជនរងគ្រោះបានទុកម៉ូតូចោលរត់ចូល ក្នុងព្រៃ បន្ទាប់មកក្រុមជនសង្ស័យនាំគ្នាយកម៉ូតូរបស់ជនរងគ្រោះទាំង០២គ្រឿងខាងលើ ជិះចេញគេចខ្លួនទៅទិសខាងលិចបាត់ ។

សមត្ថកិច្ចបន្តថា ក្រោយពេលកើតហេតុ កម្លាំងយើងបានស្រាវជ្រាវ រកឃើញម៉ូតូ១គ្រឿង ម៉ាកហុងដាស្គប់ពី សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ផ្លាកលេខ សៀមរាប ១AP-២៥៤៤ ជារបស់ជន រងគ្រោះ ដែលជនសង្ស័យយកទៅផ្លុងទុក ចោលនៅចំណុចស្រុកពួក ។ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការណ៍ជាមួយកម្លាំងអធិការ ស្រុកបន្ទាយស្រី កម្លាំងអធិការស្រុកអង្គរធំ និងកម្លាំងអធិការ ស្រុកពួក ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ទាំង០២នាក់ខាងលើ យកមកធ្វើការ សាកសួរ ។

សមត្ថកិច្ចបន្ថែមថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ទាំង ០២នាក់ខាងលើ បានឆ្លើយសារភាពថា: ពួកខ្លួន ទាំង០២នាក់ និងបក្សពួកចំនួន ០៤នាក់ទៀត ០១.ឈ្មោះ ញ៉ា ភេទប្រុស មិនស្គាល់ត្រកូល អាយុ ១៧ឆ្នាំ ០២.ឈ្មោះ ហ៊ួរ ហៅហ៊ួរតូច ភេទប្រុស មិនស្គាល់ត្រកូល អាយុ ១៧ឆ្នាំ និង បក្សពួក ០២នាក់ទៀត មិនស្គាល់ឈ្មោះ ជាមិត្តភ័ក្រ របស់ឈ្មោះ ហ៊ួរ ពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន ដោយឈ្មោះ ហ៊ួរ ជាអ្នករៀបគំរោង ប្រដាប់ដោយ កាំបិតផ្គាក់ ០២ដើម ជិះម៉ូតូម៉ាកសង់ ០២គ្រឿង បាននាំគ្នាជិះរកអ្នកណាដែលជិះម៉ូតូ តាមផ្លូវស្ងាត់ នៅពេលទៅដល់ចំណុចកើតហេតុខាងលើ ពួកខ្លួនឃើញ ជនរងគ្រោះចំនួន ០៣ នាក់ជាមនុស្សស្រី ជិះម៉ូតូម៉ាក scoopy ០១គ្រឿង និងម៉ាកសង់ ពណ៍ខ្មៅ ០១គ្រឿង ដោយឃើញផ្លូវស្ងាត់ពួកខ្លួន បានធ្វើសកម្មភាព ដោយស្រែកថា កាប់វាទៅ ( ក្នុងគោលបំណង កាប់យកម៉ូតូ ) ភ្លាមនោះ ឈ្មោះ ញ៉ា បានកាប់ទៅលើ ជនរងគ្រោះ ០១កាំបិត ឈ្មោះ លឿន ឡុង បានកាប់ទៅលើជនរងគ្រោះ តែមិនត្រូវ ពេលនោះ ជនរងគ្រោះបានដួលម៉ូតូ ហើយក៏នាំគ្នារត់ចូលព្រៃ បន្ទាប់មកពួកខ្លួន យកម៉ូតូរបស់ជនរងគ្រោះ ទាំង០២គ្រឿង ហើយជិះគេចខ្លួនទៅទិសខាងលិច ដោយជនសង្ស័យ ឈ្មោះ ឆៃ ស៊ីណាលិ ជាអ្នកជិះម៉ូតូរបស់ជនរងគ្រោះ ម៉ាកសង់ ចំណែកជនសង្ស័យជាមិត្តភ័ក្ររបស់ ឈ្មោះ ហ៊ួរ ជាអ្នកជិះម៉ូតូ Scoopy នៅពេល ទៅដល់ស្រុកពួក ពួកខ្លួន បានទុកម៉ូតូ scoopy ចោលដោយសារម៉ូតូអត់ឆេះ បន្ទាប់មកក៏នាំគ្នា ជិះម៉ូតូទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយ យកម៉ូតូរបស់ជនរងគ្រោះទៅដាក់បញ្ចាំ ក្នុងហាង០១កន្លែង មិនស្គាល់ឈ្មោះ ដាក់បញ្ចាំ បានប្រាក់ ២០០០០បាត បានប្រាក់យកចែកគ្នា ឈ្មោះ លឿន ឡុង បានប្រាក់ ៤០ម៉ឺនរៀល ឈ្មោះ ឆៃ ស៊ីណាលិ បានប្រាក់ ២៥ម៉ឺនរៀល សល់ប៉ុន្មា ឈ្មោះ ហួរ និងមិត្តភ័ក្ររបស់គេ យកទៅទាំងអស់ ហើយក៏បែកផ្លូវគ្នា ។

សមត្ថកិច្ចបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យទាំងពីរខាងលើ ត្រូវបានបញ្ជូនទៅពន្ធនាគារខេត្តសៀមរាប ដើម្បីឃុំខ្លួនបណ្ដោះអាសន្ន តាមអំណាច ដីកាបង្គាប់ឲ្យឃុំខ្លួន លេខ ៤៤១ ឃខ/ឍ និង ៤៤២ ឃខ/ឍ ចុះថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២៤ របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប តុប ផាណារិន រួចជាស្រេចហើយ៕KD

ព័ត៌មានពេញនិយម