Sunday, November 24, 2024

គ្រូបង្រៀន ជនជាតិអូស្ត្រាលីម្នាក់ បានស្លាប់ បន្ទាប់ពីបរិភោគអាហារពេលព្រឹកហើយ នៅក្នុង អង្គការក្ដីស្រលាញ់ឥតព្រំដែន

ខេត្តសៀមរាប៖ បុរសជាគ្រូបង្រៀន ដែលជាជនជាតិអូស្ត្រាលីម្នាក់ បានស្លាប់បន្ទាប់ពីបរិភោគអាហារពេលព្រឹកហើយ នៅក្នុង អង្គការក្ដីស្រលាញ់ឥតព្រំដែន ដែលមានទីតាំងស្ថិតនៅភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅវេលាម៉ោង ០៨ និង ៣៥ នាទី ថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៤។

ប្រភពពីសមត្ថកិច្ចថា បុរសដែលស្លាប់នោះមានឈ្មោះ CHEAH CHENG HIN អាយុ ៨៣ឆ្នាំ ជនជាតិ អូស្ត្រាលី កាន់លិខិតឆ្លងដែនលេខ PE០៤០៥៩៤៤ មុខរបរ គ្មាន ស្នាក់នៅបណ្ដោះអាសន្ន ទីតាំងកើតហេតុខាងលើ។

សមត្ថកិច្ចបន្តថា នៅកន្លែងកើតហេតុ ឈ្មោះ ឡា សុធី ភេទស្រី អាយុ 42 ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅបច្ចុប្បន្ន ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងខេត្តសៀមរាប បានឱ្យដឹងថា «ខ្ញុំបានស្គាល់គាត់(សព) ក្នុងអំឡុងឆ្នាំ ២០១២ ហើយពួកយើងបានរាប់អានគ្នាជាមិត្តភក្តិ រហូតដល់ឆ្នាំ ២០២០ គាត់ក៏បានមកសុំស្នាក់នៅផ្ទះនាងខ្ញុំ(ទីតាំងកើតហេតុខាងលើ) គាត់ស្នាក់នៅតែម្នាក់ឯងទេ ហើយគាត់បានបើកបង្រៀនភាសាអង់គ្លេសដល់ក្មេងៗក្នុងភូមិ ដោយដាក់ឈ្មោះថា “អង្គការក្ដីស្រឡាញ់ឥតព្រំដែន” រហូតដល់ឆ្នាំ ២០២៣ គាត់មានអាការៈនោមហួលៗ ហើយខ្ញុំបានជូនគាត់ទៅគ្លីនិកឯកជនសង់តេ ហើយក្រុមគ្រូពេទ្យនៅទីនោះបានពិនិត្យឃើញថាគាត់មានជំងឺសួត លើសឈាម និងរលាកតម្រង់នោម លុះដល់ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៣ គាត់បានត្រឡប់ទៅប្រទេសរបស់គាត់វិញដើម្បីពិនិត្យសុខភាព រហូតដល់ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៤ គាត់ក៏បានត្រឡប់មកវិញបន្តស្នាក់នៅផ្ទះរបស់នាងខ្ញុំដដែល។ ហើយបង្រៀនភាសាកូនក្មេងដូចរាល់ដង រហូតដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ ២០២៤ វេលាម៉ោង ១៦ និង ៣០ នាទី គាត់បានទូរសព្ទទៅខ្ញុំហើយប្រាប់ថាជួយគាត់ផងព្រោះគាត់បានដួលនៅក្នុងបន្ទប់ទឹក មួយសន្ទុះក្រោយមកខ្ញុំបានមកដល់ហើយក៏បាននាំគាត់ទៅពហុព្យាបាល អ៊ិចខេ មេឌីឃែ សម្រាកព្យាបាលនៅទីនោះរហូតដល់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៤ ទើបចេញមកស្នាក់នៅផ្ទះវិញ ហើយខ្ញុំបានរកអ្នកជួយមើលថែទាំគាត់នៅផ្ទះដោយពុំឱ្យគាត់នៅម្នាក់ឯងទៀតទេ លុះដល់ថ្ងៃទី ៩ ខែឧសភាឆ្នាំ ២០២៤ វេលាម៉ោង ៨ និង ៣៤ នាទី អ្នកមើលថែទាំគាត់បានខលទូរសព្ទប្រាប់ខ្ញុំថាឲ្យមកជួយមើលលោកគ្រូផងព្រោះអីគាត់ដកដង្ហើមខ្លាំងៗដូចស្ទះ មួយសន្ទុះក្រោយមកខ្ញុំបានមកដល់ស្ទាបមើលដង្ហើមរបស់គាត់ទើបដឹងថាគាត់បានស្លាប់បាត់ទៅហើយ។

ជាមួយគ្នានៅប៉ុន្តែ ឈ្មោះ រ៉េន រ័ត្នសុម៉ាលី ភេទស្រី អាយុ ២៦ ស្នាក់នៅបណ្ដោះអាសន្នទីតាំងកើតហេតុខាងលើ បានឲ្យដឹងថា នៅថ្ងៃទី ៥ ខែឧសភាឆ្នាំ ២០២៤ អ្នកគ្រូឈ្មោះឡាសុធី(ម្ចាស់ផ្ទះ) បានឱ្យនាងខ្ញុំនិងប្ដីមកស្នាក់នៅទីតាំងកើតហេតុខាងលើដើម្បីមើលថែរក្សាលោកគ្រូ(សព)ព្រោះគាត់មានជំងឺហើយរស់នៅតែម្នាក់ឯង ជារៀងរាល់ថ្ងៃខ្ញុំតែងតែធ្វើម្ហូបអាហារ និង ងូតទឹកឲ្យគាត់ ហើយនាំគាត់ធ្វើលំហាត់ប្រាណ ជាក់ស្ដែងនៅវេលាម៉ោង ៨ និង ៣១ នាទី ថ្ងៃទី ៩ ខែឧសភាឆ្នាំ ២០២៤ នាងខ្ញុំបានយកអាហារទៅឲ្យគាត់នៅក្នុងបន្ទប់ដូចរាល់ដង ហើយគាត់បានញ៉ាំរួចបានប្រហែល ៤នាទីក្រោយមកគាត់មានអាការៈដកដង្ហើមខ្លាំងៗដូចស្ទះដង្ហើម ហើយខ្ញុំនឹងប្ដីបានជួយធ្វើចលនាឲ្យគាត់(រីតដើមទ្រូង) តែពុំបានធូរស្បើយឡើយហើយគាត់បានដកចង្កាមាន់ ភ្លាមនោះខ្ញុំបានខលទូរសព្ទទៅប្រាប់អ្នកគ្រូសុធី ឱ្យមកជួយមើលលោកគ្រូ និងហៅពេទ្យមកជាមួយផង ខ្ញុំបន្តធ្វើចលនាបេះដូងឲ្យគាត់ តែអាការៈគាត់កាន់តែធ្ងន់ធ្ងរទៅៗ ហើយគាត់បានស្លាប់បាត់ទៅ។

សមត្ថកិច្ចបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ យើងសន្និដ្ឋានបានថា បុរសជនជាតិអូស្ត្រាលីខាងលើនេះស្លាប់ដោយសារ ជំងឺសួតរ៉ាំរ៉ៃ។ បច្ចុប្បន្នសពត្រូវបានដឹកយកទៅរក្សាទុកនៅវត្តទឹកថ្លារាជធានីភ្នំពេញដើម្បីគ្រប់គ្រង និងបន្តនីតិវិធី៕KD

ព័ត៌មានពេញនិយម