Saturday, November 23, 2024

អាជ្ញាធរជាតិអប្សរា និងសាលាស្រុកបន្ទាយស្រី បង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ឱ្យមានប្រសិទ្ធភាព

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា ជួបពិភាក្សាជាមួយសាលាស្រុកបន្ទាយស្រី អធិការដ្ឋាននគរបាលស្រុក បញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុក និងអាជ្ញាធរឃុំរុនតាឯក ក្នុងគោលបំណងបង្កើនកិច្ចសហការបន្ថែមទៀតលើការផ្តល់សេវាកម្មផ្សេងៗពាក់ព័ន្ធនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេស អំពីការសាងសង់សំណង់ និងការប្រើប្រាស់ដីធ្លី នៅក្នុងតំបន់អង្គរឱ្យបានសមស្រប។ ក្នុងកិច្ចពិភាក្សានេះដែរ អាជ្ញាធរជាតិអប្សរា ក៏បានពន្យល់បទដ្ឋានគត្តិយុត្តច្បាប់ដល់អាជ្ញាធរស្រុកបន្ទាយស្រី សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរឃុំរុនតាឯក ដើម្បីធ្វើការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋអំពីសិទ្ធិ និងលក្ខណៈបច្ចេកទេសមួយចំនួនដូចជា៖

១.អាចជួសជុលផ្ទះ ដែលចាស់ទ្រុឌទ្រោម ឱ្យទៅជាល្អឡើងវិញ
២.អាចសុំច្បាប់អនុញ្ញាតរុះរើផ្ទះចាស់ ដើម្បីធ្វើផ្ទះថ្មី ប៉ុន្តែត្រូវធ្វើសំណង់ទៅតាមលក្ខណៈជាផ្ទះខ្មែរ
៣.អាចពង្រីកខ្នងផ្ទះបាន ប្រសិនបើផ្ទះចាស់ មានសភាពតូចចង្អៀត
៤.អាចធ្វើស្រែ ឬចម្ការ នៅលើដីដែលគាត់កំពុងអាស្រ័យផលនោះបានជាធម្មតា
៥.អាចផ្ទេរកម្មសិទ្ធិផ្ទះឬដីបន្តទៅឱ្យកូនៗបាន និងអាចលក់ផ្ទះឬក៏ដីទៅឱ្យអ្នកភូមិជាមួយគ្នាបាន លើកលែងតែអ្នកដែលមកពីចម្ងាយ៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក ហាប់ គឹមអាន/យី សុថា

ព័ត៌មានពេញនិយម