ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នានាយកដ្ឋានសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា មានបើកវគ្គបណ្តុះបណ្តាលស្តីពី៖ ការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុល ប្រាសាទ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកអ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ រួមទាំងសិក្ខាកាមសរុបចំនួន២៥រូប ជាមន្ត្រី-បុគ្គលិក ភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា ដែលកំពុងបំពេញ ការងារអភិរក្ស និងជួសជុលប្រាសាទក្នុងតំបន់អង្គរ។ ឯកឧត្តមឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងឱកាសនោះថា វគ្គបណ្តុះបណ្តាលនេះ ពិតជាសារៈសំខាន់ខ្លាំងណាស់ ក្នុងការបង្កើនសមត្ថភាព ការគ្រប់គ្រងការងារប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាផ្តល់ចំណេះដឹងបន្ថែមដល់ភ្នាក់ងារ និងអ្នកគ្រប់គ្រងនៅតាមគោលដៅប្រាសាទនានា។ ធ្វើយ៉ាងណាធានាបាននូវកិច្ចការពារ ការងារអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរប្រកបដោយនិរន្តរភាព។
ឯកឧត្តម អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានជំរុញណែនាំឱ្យសិក្ខាកាមទាំងអស់ ត្រូវខិតខំរៀនសូត្របន្ថែមនូវចំណេះដឹង ដែលអាជ្ញាធរជាតិអប្សរាបានផ្តល់ជូន ដើម្បីចូលរួមចំណែកក្នុងកិច្ចការងារថែរក្សា និងគ្រប់គ្រងរមណីយដ្ឋានអង្គរ ឱ្យកាន់តែមានប្រសិទ្ធភាពល្អថែមទៀត។
សូមជម្រាបផងដែរថា វគ្គបណ្តុះបណ្តាលស្តីពី៖ ការផ្ទេរចំណេះដឹង និងជំនាញដល់អ្នកបន្តវេន ក្នុងការងារអភិរក្ស និងជួសជុលប្រាសាទ មានរយៈពេល៧ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤៕KD
អត្ថបទ៖ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖ លោក ភោគ ជា