ខេត្តសៀមរាប៖ កាលពីវេលាម៉ោង ២២ និង ៣០ នាទី ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ២០២៤ ក្នុងចំណុចបន្ទប់ជួល ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មានហេតុការភ្ញាក់ផ្អើលមួយ ករណីប្រទះឃើញ ជនជាតិ អេស្ប៉ាញ ម្នាក់ស្លាប់ទាំងអាក្រាតកាយ។
សមត្ថកិច្ចថា ជនជាតិ អេស្ប៉ាញ ដែលស្លាប់នោះមានឈ្មោះ PANTIN CABRERA ALVARO ភេទប្រុស អាយុ ៦០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ PA០៨៩៩៥៥៥ មុខរបរ គ្មាន ស្នាក់នៅបណ្ដោះអាសន្ន ទីតាំងកើតហេតុខាងលើ។
សមត្ថកិច្ចបន្ត នៅកន្លែងកើតហេតុ ឈ្មោះ ជីម ចន្ទ័មនីជោត៍ិ ភេទប្រុស អាយុ ៤៤ ឆ្នាំ ជាម្ចាស់បន្ទប់ជួលបានឲ្យដឹងថា កាលពីថ្ងៃទី ៦ ខែ មិនា ឆ្នាំ ២០២៤ គាត់(សព)បានមកជួលបន្ទប់ដើម្បីស្នាក់នៅតែម្នាក់ឯង ក្នុងអំឡុងពេលស្នាក់នៅគាត់ពុំដែរមានបញ្ហាអ្វីជាមួយអ្នកបន្ទប់ក្បែរខាងឡើយ ខ្ញុំតែងតែឃើញគាត់ ពិសារស្រា និង ជក់បារី ជាញឹកញ៉ាប់ហើយក៏ធ្លាប់បានជួប និយាយជាមួយគាត់ម្តងម្កាលដែលតែមិនដឹងថាគាត់មានជម្ងឺអ្វីនោះទេ កាលពីកំឡុងមុនចូលឆ្នាំ ខែ មេសា ឆ្នាំ ២០២៤ គាត់មាន អាការៈឈឺចង្កេះ ដើរមិនរួច ខ្ញុំក៏បានឆាតទៅសួរនាំគាត់ដើម្បីចង់អោយគាត់ទៅមន្ទីរពេទ្យដើម្បីពិនិត្យមើល តែ គាត់ហាក់បីដូចជាមិនអើពើនិងជម្ងឺរបស់ខ្លួនឯងទេ គាត់បានតបវិញថា គាត់ចង់ផឹកស្រាដើម្បីបំបាត់ភាពឈឺចាប់ របស់គាត់ ជាក់ស្តែងនៅថ្ងៃ ៣០ ខែ មេសា ឆ្នាំ ២០២៤ វេលាម៉ោង ២១:៣០ នាទី ឈ្មោះ CETRULO CLAUDIO MARCEL ត្រូវជាបងប្អូនជីដូនមួយរបស់គាត់បានឆាតទាក់ទងទៅ តែគាត់មិនតបដូចនេះហើយក៏មករកដល់បន្ទប់ ពេលគាត់មកដល់បន្ទប់ បានគោះទ្វារហៅក៏មិនឮសំឡេងឆ្លើយតបហើយទ្វារចាក់សោរពីខាងក្នុង ឈ្មោះCETRULO CLAUDIO MARCEL បានទាក់ទងមកកាន់ខ្ញុំដើម្បីអោយជួយយក សោរបន្ទប់ដើម្បីចាក់បើកបន្ទប់ លុះពេលកូនប្រុសរបស់ខ្ញុំបានយកសោរមកអោយគាត់ហើយស្រាប់តែពេលបើក ទ្វារបានក៏ឃើញ ភ្លើងបើកពេញបន្ទប់ ម៉ាស៊ីនត្រជាក់និងកង្ហារ នៅបើកដំណើរការធម្មតា ហើយឃើញគាត់ដេកស្លាប់នៅលើគ្រែពូកទាំងអាក្រាតកាយ ភ្លាមនោះខ្ញុំក៏បានទៅរាយការណ៍ជូនសមត្ថកិច្ច។
ដោយឡែក ឈ្មោះ CETRULO CLAUDIO MERCEL ភេទប្រុស អាយុ ៦១ឆ្នាំ ជនជាតិ អ៊ុយរ៉ាហ្គាយ សញ្ជាតិ អុីតាលី ស្នាក់នៅបណ្ដោះអាសន្ន បន្ទប់ជួលស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាបត្រូវជាបងជីដូនមួយបានអោយដឹងថា «ខ្ញុំបាទបានចូលមកព្រះរាជាណាចក្រកម្ពុជាតែម្នាក់ឯងកាលពីខែមករា ឆ្នាំ២០២៤ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប ក្នុងគោលបំណងមកស្នាក់នៅ ខ្ញុំតែងតែមកលេងគាត់២ដងក្នុងមួយសប្តាហ៌ និងតែងតែទាក់ទងតាមរយៈទូរស័ព្ទជារៀងរាល់ថ្ងៃ ខ្ញុំបាទបានដឹងថា គាត់ជាមនុស្សចូលចិត្តផឹកស្រា និងជក់បារីជាប្រចាំ ព្រមទាំងមានជំងឺបេះដូងផងដែរ។ លុះដល់វេលាម៉ោង២០:៣០ថ្ងៃ៣០ ខែមេសា ឆ្នាំ២០២៤ ខ្ញុំបាទបានទាក់ទងគាត់តាមរយៈប្រព័ន្ធ WATHAPP តែពុំមានការឆ្លើយតប ដោយមានការសង្ស័យ នៅវេលាម៉ោង២១:៣០ថ្ងៃខែឆ្នាំដដែល ខ្ញុំបាទក៏បានជិះម៉ូតូមកមើលគាត់នៅបន្ទប់តែម្តង ពេលមកដល់ ខ្ញុំបាទបានឃើញទ្វារបន្ទប់បិទចាក់សោរពីក្នុង រួចក៏គោះទ្វារហៅគាត់ តែពុំមានការឆ្លើយតប ខ្ញុំបាទក៏បានទាក់ទងទៅម្ចាស់បន្ទប់យកសោរមកចាក់បេីកចូលមើល ក៏បានឃើញគាត់ដេកស្រាតនៅលើគ្រែ ភ្លាមនោះខ្ញុំបានទៅប៉ះអង្គ្រួនហៅគាត់ទើបដឹងថាគាត់បានស្លាប់បាត់ទៅហេីយ»។
សមត្ថកិច្ចបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ ជំនាញអាចសន្និដ្ឋានបានថា ការស្លាប់របស់ជនជាតិអេស្ប៉ាញខាងលើ គឺដោយសារ ស្ទះសរសៃឈាមបេះដូង។ បច្ចុប្បន្នសាកសពបានយកទៅរក្សាទុកនៅវត្តទឹកថ្លារាជធានីភ្នំពេញដើម្បីគ្រប់គ្រងនិងបន្តនីតិវិធី៕KD