ខេត្តកំពង់ស្ពឺ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនៅក្តីរន្ធត់ក្តុកក្តួលឥតឧបមា បន្ទាប់ពីបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ និងបានបណ្ដសលឱ្យយោធិនចំនួន ២០ នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស នៅរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤នេះ។ ដើម្បីជាការចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ សម្ដេចបានផ្តល់ការឧបត្ថម្ភជាថវិកាជូនគ្រួសារយោធិនពលី ចំនួន ២ ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រួសារសព ហើយចំពោះយោធិនដែលរងរបួសក្នុងឧបទ្ទវហេតុនេះ ក្នុងម្នាក់ៗចំនួន ២០ លានរៀល ហើយសម្ដេចនាយករដ្ឋមន្ត្រី បានផ្តល់ការណែនាំដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដើម្បីចាត់ចែងជាបន្ទាន់រៀបចំពិធីបុណ្យសពជូនយោធិន ដែលបានពលីក្នុងឧបទ្ទវហេតុនេះ ឱ្យបានសមរម្យស័ក្តិសមនឹងពលិកម្មរបស់ពួកគាត់ចំពោះជាតិ និងមាតុភូមិ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា នឹងធ្វើជាតំណាងរបស់ខ្ញុំដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ។ សម្ដេចមហាបញ្ញាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា បញ្ជាក់ថា រាជរដ្ឋាភិបាលនឹងទទួលរ៉ាប់រងទាំងស្រុង លើការចំណាយរៀបចំពិធីបុណ្យសពនេះ និងបានឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់យោធិនពលី បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងក៏សូមជូនពរយោធិន និងជនរងគ្រោះទាំងអស់ឆាប់បានជាសះស្បេីយ។ នេះបើយោងតាមសំណេរ តេឡេក្រាមផ្លូវការរបស់សម្ដេចនាយករដ្ឋមន្ត្រី « Samdech Thipadei Hun Manet » នៅព្រលប់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៤នេះ។
សំណេរដើមទាំងស្រុង របស់ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា «ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ។
ខ្ញុំមានក្តីរន្ធត់ក្តុកក្តួលឥតឧបមា ដែលបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យយោធិនចំនួន ២០ នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស។
ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ ។
ខ្ញុំបានផ្តល់ការណែនាំដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដើម្បីចាត់ចែងជាបន្ទាន់រៀបចំពិធីបុណ្យសពជូនយោធិនដែលបានពលីក្នុងឧបទ្ទវហេតុនេះ ឱ្យបានសមរម្យស័ក្តិសមនឹងពលិកម្មរបស់ពួកគាត់ចំពោះជាតិ និងមាតុភូមិ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា នឹងធ្វើជាតំណាងរបស់ខ្ញុំដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធ។
រាជរដ្ឋាភិបាលនឹងទទួលរ៉ាប់រងទាំងស្រុង លើការចំណាយរៀបចំពិធីបុណ្យសពនេះ។
ជាមួយគ្នានេះ ខ្ញុំសូមផ្តល់ការឧបត្ថម្ភជាថវិកាជូនគ្រួសារយោធិនពលី ចំនួន ២ ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រួសារសព ហើយចំពោះយោធិនដែលរងរបួសក្នុងឧបទ្ទវហេតុនេះ ក្នុងម្នាក់ៗចំនួន ២០ លានរៀល ។
ខ្ញុំសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់យោធិនពលី បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងក៏សូមជូនពរយោធិន និងជនរងគ្រោះទាំងអស់ឆាប់បានជាសះស្បេីយ»។
សូមជម្រាបជូនថា រហូតមកដល់ពេលនេះ ស្ថាប័នការពារជាតិ នៅពុំទាន់អាចបញ្ជាក់មូលហេតុ ដែលបណ្ដាលឲ្យមានការផ្ទុះ បង្កើតសោកនាដកម្ម និងទំហំនៃការខូចខាតនេះបាននៅឡើយ៕KD