រាជធានីភ្នំពេញ៖ ពិតជាមិនធម្មតាមែន ព្រះចៅ ស៊ុល តង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយ អ៊ីហ្សាឌី វ៉ាឌូឡាហ៍ (Haji Hassanal Bolkiah Mu’izzaddin Waddaulah) ព្រះមហាក្សត្រ នៃព្រុយណេដារូស្សាឡាម និងព្រះបុត្រា នឹងយាងមក ដោយគ្រាន់តែស្រស់ស្រូបអាហារពេលព្រឹកជាមួយ សម្ដេច តេជោ និងកូនប្រុសទាំងបី នៅរាជធានី ប្រទេសកម្ពុជា ពេលព្រឹក ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៤ខាងមុខ។ នេះបើយោងតាមការបង្ហោះឱ្យដឹងនៅលើ ហ្វេសប៊ុកផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា « Samdech Hun Sen Of Cambodia » នៅព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៤។ សំណេររបស់ សម្ដេចតេជោ ហ៊ុន សែន «ប្រសិនពុំមានការផ្លាស់ប្តូរទេនៅយប់ថ្ងៃ២៩មេសាខាងមុខនេះ ព្រះមហាក្សត្រព្រុយណេព្រះអង្គ នឹងយាងមកដល់កម្ពុជាដែលខ្ញុំនឹងទៅទទួលព្រះអង្គនៅព្រលានយន្តហោះដោយផ្ទាល់និងរួមដំណើរជាមួយគ្នាមកកាន់សណ្ឋាគារ។ ករណីបែបនេះមិនចម្លែកទេរវាងព្រះអង្គជាមួយខ្ញុំព្រោះកាលពីឆ្នាំ២០១១ ពេលខ្ញុំទៅព្រុយណេព្រះអង្គបានបើករថយន្តដោយអង្គឯងមកទទួលខ្ញុំនៅព្រលានយន្តហោះជូនទៅសណ្ឋាគារ។»
សំណេរដដែលរបស់ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «គោលបំណងទស្សនកិច្ចរបស់ព្រះអង្គគឺមកស្រស់ស្រូបអាហារពេលព្រឹកជាមួយខ្ញុំដែលព្រះអង្គរាប់អានខ្ញុំដូចប្អូនពៅ។ (បងប្អូន៣នាក់គឺព្រះអង្គជាបងទី១ ឯកឧត្តម ថាក់ សុីនជាប្អូនទី២និងខ្ញុំជាប្អូនពៅ)។ ពុំមានជំនួបផ្លូវការណាមួយកើតឡើងទេតែការស្រស់ស្រូបពេលព្រឹក៣០មេសាខាងព្រះអង្គមានព្រះអង្គម្ចាស់ម៉ាទីនដែលជាព្រះរាជបុត្រ។ ឯខ្ញុំមានកូនប្រុសទាំងបី ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ហ៊ុន ម៉ានី។ ក្រោយការស្រស់ស្រូបខ្ញុំនឹងដង្ហែព្រះអង្គទៅព្រលានយន្តហោះដើម្បីព្រះយាងនិវត្តន៍ទៅកាន់ប្រទេសវិញ»៕KD