រាជធានីភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថា លោកសាពូនមីដាដា មិនត្រឹមតែបំផ្លាញខ្លួនឯងទេតែចង់បំផ្លាញដល់ សម្ដេចទាំងទ្វេ(ពុកម៉ែ)តាមរយះការបង្ហោះសារ ថាសម្ដេចជួយគាត់ចំនួន ៦,៧លានដុល្លារបែបនេះទៅវិញ។ នេះបើយោងតាមសំណេរដែលបានបង្ហោះនៅលើ facebook ផ្លូវការរបស់សម្ដេច តេជោ នៅព្រឹកថ្ងៃទី ២៤ ខែមេសាឆ្នាំ ២០២៤ នេះ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «លោកសាពូនមីដាដាបានបង្ហោះសារដោយនិយាយថាខ្ញុំនិងភរិយាបានជួយគាត់ចំនួន6,7លានដុល្លារព្រមទាំងផ្ទះនិងឡាន។ ច្រើនណាស់កូនបើកូនទទួលបានមែនតើកូនយកទៅណា?។ តើកូនឆ្កួតឬក៏ឡប់ឬចង់អួតទៅអ្នកដ៏ទៃ? ជាង១០ឆ្នាំមុនពុកម៉ែបានហៅកូនទាំងពីរនិងចៅទៅលេងផ្ទះមានឯករាជ្យនិងបានផ្តល់ប្រាក់៣០មុឺនដុល្លារសម្រាប់ពួកកូនទិញផ្ទះនៅ។ ក្រោយមកដោយឃើញថាមារយាទកូនទាំងពីរមិនកើតពុកម៉ែបដិសេដ្ឋមិនជួយកូនទៀតទេទោះកូនបានសុំមកទៀតដើម្បីបង់រំលោះផ្ទះដែលកូនប្រាប់ថាទិញផ្ទះចំនួន៤ដែលគ្មានលុយបង់រំលោះឲ្យគេ។ កូនប្រុសពុកម៉ែមានចិត្តចង់ជួយកូនតែកូនមិនត្រឹមតែបំផ្លាញខ្លួនឯងទេតែកូនចង់បំផ្លាញដល់ពុកម៉ែតាមរយះការបង្ហោះសារបែបនេះទៅវិញ។ លុយជិត៧លានដុល្លារវាច្រើនណាស់ដែលពុកគ្មានលទ្ធភាពផ្តល់ឲ្យកូននោះឡើយ»។សូមជម្រាបជូនផងដែរថា កាលដែលសម្ដេចលើកឡើងយ៉ាងដូច្នេះ គឺឆ្លើយតបទៅនឹង សំណេររបស់ លោក សាពូនមីដាដា នៅលើ facebook ផ្លូវការរបស់លោកដែលមានឈ្មោះ Sapoun Mi Dada ថា «( សម្ពាយបុណ្យកុសលលាភជ័យព្រះឥន្ទប្រទានកាលពីជាង11ឆ្នាំមុន ) ប្រាក់ 6លាន7សែន$ ព្រមទាំងផ្ទះវីឡានៅបុរីប៉េងហួតបឹងស្នោនិងឡានម៉ាកសេឺដេសពណ៌ក្រហម ខ្សែរកប្រាំតម្លឹង ស្រោបពេជ្រ12ការ៉ាត ដែលសម្តេចពុកនិងសម្តេចម៉ែប្រទានឲ្យមកកូនៗ ត្រូវបានរលាយដោយដៃខ្ញុំបាទ ខ្ញុំបាទជាបុរសកញ្ជើធ្លុះ អតីតភរិយាខ្ញុំបាទគាត់ស្លូតស្មោះត្រង់ណាស់ គាត់មិនបានដឹងរឿងអ្វីទេ សូមសម្តេចពុកសម្តេចម៉ែមេត្តាករុណាអនុគ្រោះផងទាន ( មហាគុណធំធេងណាស់ ) កូនសូមសច្ចាកើតគ្រប់ជាតិណាៗកូនសូមបម្រើដោយឆន្ទះស្មោះត្រង់បំផុតចំពោះសម្តេចពុកសម្តេចម៉ែគ្រប់ៗជាតិព្រះបាទទានប្រោស❤️❤️»៕KD