ខេត្តសៀមរាប៖ លោក ឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងទទួលផែនដឹកនាំការិយាល័បច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បើកបររថយន្តម៉ាក Lexus RX 330 ពណ៌មាស ផ្លាកលេខ ភ្នំពេញ 2AG-0486 សង្ស័យក្នុងស្ថានភាពស្រវឹង ទៅបុករ៉ឺម៉ក ពណ៌ក្រហម អូសទាញដោយម៉ូតូ Honda Dream C125 ពណ៌ខ្មៅ មិនចាំផ្លាកលេខ ដែលដឹកព្រះសង្ឃ និងជនបរទេស បណ្ដាលឱ្យរបួសធ្ងន់ស្រាល 5 អង្គ និងនាក់ នៅលើផ្លូវទៅប្រាសាទបន្ទាយសំរ៉ែ ស្ថិតក្នុងភូមិសាស្ត្រ ឃុំព្រះដាក់ស្រុកបន្ទាយស្រី ខេត្តសៀមរាប វេលាម៉ោង 17 និង 38 នាទី ថ្ងៃទី 20 ខែមេសា ឆ្នាំ2024។ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តរបស់លោកឧត្តមសេនីយ៍ត្រី និងរ៉ឺម៉កខាងលើបើកបរក្នុងទិសដៅពីកើតទៅលិច មកដល់ត្រង់ចំណុចក្បែរផ្លូវចូលប្រាសាទបន្ទាយសំរ៉ែ ក៏បុកនិងរ៉ឺម៉កពេញទំហឹង រួចបន្តទៅបុកដើមត្រសេកមួយដើម ថែមទៀត បណ្ដាលឱ្យព្រះសង្ឃចំនួន 3 អង្គ បុរសជនបរទេសម្នាក់ដែលរួមដំណើរជាមួយ និង អ្នកបើកបររ៉ឺម៉កម្នាក់ រងរបួសធ្ងន់ស្រាល ចំណែកឯ រ៉ឺម៉កម៉ូតូនិងរថយន្តខាងលើក៏រងការខូចខាតធ្ងន់ធ្ងរផងដែរ។
ប្រភពបន្តថា បន្ទាប់ពីកើតហេតុ លោក ឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងទទួលផែនដឹកនាំការិយាល័បច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះពីលើរថយន្ត និងជួយពិនិត្យមើលអ្នករងរបួសសួរនាំ បន្ទាប់មករថយន្តសង្គ្រោះក៏បាននាំអ្នករបួសទៅកាន់មន្ទីរពេទ្យ។
ជុំវិញករណីនេះ ទីភ្នាក់ងារសារព័ត៌មានគូលែនដេលី បានព្យាយាមទំនាក់ទំនង ទៅកាន់លោកវរសេនីយ៍ទោ សោម វីរ: នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីទទួលបានព័ត៌មានជាក់លាក់ ប៉ុន្តែរហូតមកដល់ព្រលប់ថ្ងៃទី 20 ខែមេសាឆ្នាំ 2024 នេះលោកពុំទាន់ធ្វើការឆ្លើយតបនៅឡើយទេ៕KD