ខេត្តសៀមរាប៖ បុរសជនជាតិ អ៊ីស្តូនី ម្នាក់បានស្លាប់ បន្ទាប់យកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានបួនថ្ងៃ និងបានដឹងដល់សមត្ថកិច្ច កាលពីវេលាម៉ោង ១៨ និង ៣០ នាទី ថ្ងៃថ្ងៃទី ១៨ ខែ មេសា ឆ្នាំ២០២៤ កន្លងទៅ។
ប្រភពពីសមត្ថកិច្ចថា សាកសពមានឈ្មោះ JURGENS IVO អាយុ ៦០ ឆ្នាំកំណើត ជនជាតិ អ៊ីស្តូនី កាន់លិខិតឆ្លងដែនលេខ KE០៣២២០២០ មុខរបរ គ្មាន មានទីលំនៅបណ្ដោះអាសន្ន ផ្ទះជួល ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
សមត្ថកិច្ចបន្តថា យោងតាមការស្តាប់បំភ្លឺរបស់ឈ្មោះ ងួន សុគន្ធា ភេទស្រី ជនជាតិខ្មែរ ត្រូវជាមិត្តស្រីរបស់សពបានអោយដឹងថា «ខ្ញុំនិងគាត់(សព)មានទំនាក់ទំនងជាសង្សារនឹងគ្នាបានរយៈពេល៥ឆ្នាំមកហើយ មានកូនប្រុសម្នាក់ អាយុ៤ឆ្នាំ ហើយបាននាំគ្នាចូលមករស់នៅក្នុងខេត្តសៀមរាបតាំងពីអំឡុងឆ្នាំ២០២៣ ដោយគាត់ធ្វើការងារអនឡាញ អំឡុងពេលរស់នៅនាងខ្ញុំបានដឹងគាត់មានជំងឺរលាកសន្លាក់ជើងរ៉ាំរ៉ៃ និងប្រើប្រាស់ថ្នាំជាប្រចាំ តែពុំដែលបានដឹងថាគាត់មានជំងឺលើសសំពាធឈាមនោះទេ ជាក់ស្ដែងនៅវេលាម៉ោង ១១ និង ៣០នាទីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ពេលកំពុងសម្រាកនៅក្នុងបន្ទប់ ស្រាប់តែគាត់ចាប់ផ្តើមមានអាការៈ ពុំអាចនិយាយបាន វៀចមុខ វៀចមាត់ បែកពពុះមាត់ចេញមកក្រៅ និងសន្លប់មិនដឹងខ្លួន ភ្លាមៗនោះ ខ្ញុំបានទូរស័ព្ទហៅរថយន្តសង្រ្គោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាបមកយកទៅព្យាបាល ពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានធ្វើការសង្គ្រោះបន្ទាន់ភ្លាមៗ និងបានប្រាប់ខ្ញុំថាជនរងគ្រោះមានជំងឺលើសសំពាធឈាមធ្ងន់ធ្ងរ រហូតដល់វេលាម៉ោង ១៥ និង ៤៧នាទីថ្ងៃទី ១៨ ខែមេសាឆ្នាំ ២០២៤ គាត់បានស្លាប់ទៅ។
សមត្ថកិច្ចបញ្ជ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ ជំនាញអាចសន្និដ្ឋានបានថា បុរសជនជាតិ អ៊ីស្តូនី ខាងលើ ស្លាប់ដោយសារ ដាច់សរសៃឈាមខួរក្បាល។
បច្ចុប្បន្នសាកសពបានប្រគល់ជូនអ្នកស្រី ងួន សុគន្ធា ត្រូវជាមិត្តស្រីរបស់សពយកទៅរក្សាទុកបណ្ដោះអាសន្ននៅវត្តរាជបូណ៌ ស្ថិតនៅភូមិវត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីរង់ចាំការសម្រេចរបស់ស្ថានទូតសាមី៕KD