Thursday, November 21, 2024

ពលរដ្ឋខ្មែរ ៧៨នាក់ ដែលចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ត្រូវបានជួយសង្គ្រោះ

រាជធានីភ្នំពេញ៖ ក្រសួងការងារ និងក្រសួងការបរទេស ក៏ដូចជាស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប់ប៊ីសាអូឌីត ដែលមាននិវេសនដ្ឋានទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានទំនាក់ទំនងរកឃើញទីតាំង ហើយ កំពុងរៀបចំសំបុត្រយន្តហោះជូនបងប្អូនពលរដ្ឋខ្មែរចំនួន ៧៨នាក់ ដែលបានចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសអារ៉ាប់ប៊ីសាអូឌីតឱ្យបានត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី១៩ ខែមេសា ចំនួន ២៩នាក់, នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ចំនួន ២៧នាក់, និងថ្ងៃចុងក្រោយគឺថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ចំនួន ២២នាក់។ពលរដ្ឋទាំង ៧៨នាក់នេះ មានចំនួន ៥១នាក់ កំពុងស្ថិតនៅទីក្រុង Jeddah ចំនួន ១៥នាក់ កំពុងស្ថិតនៅរាជធានី Riyadh និងចំនួន ១២នាក់ កំពុងស្ថិតនៅទីក្រុង Dammam នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត។ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា៖ «នៅវេលាម៉ោង ១១៖៣៨នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ ខ្ញុំបានខលតាមវីឌីអូ ជួបជាមួយបងប្អូនពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងទីក្រុង Jeddah នៃប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជម្រាបព័ត៌មានដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតីហ៊ុន ម៉ាណែត លោកបានជ្រាបហើយនូវសារអំពាវនាវរបស់បងប្អូន ហើយក៏បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ។ខ្ញុំពិតជាបានធូរស្បើយក្នុងចិត្តពេលបានជួបនិយាយជាមួយបងប្អូនផ្ទាល់ និងក្រោយពេលពិនិត្យឃើញថាសុវត្ថិភាពរបស់បងប្អូនត្រូវបានធានា។ ពេលនេះ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងគែរ ប្រទេសអេហ្សីបបាននិងកំពុងធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជួបជាមួយបងប្អូនដែលនៅតំបន់ផ្សេងទៀតផងដែរ។

រាជរដ្ឋាភិបាលនឹងចាត់ចែងលើការទិញសំបុត្រយន្តហោះជូនបងប្អូន។ ពេលនេះ សំបុត្រយន្តហោះសម្រាប់បងប្អូនទាំង ២៩នាក់ ដែលកំពុងស្នាក់នៅទីក្រុង Jeddah ត្រូវបានរៀបចំរួច ហើយស្អែកម៉ោង ១០យប់ ម៉ោងនៅអារ៉ាប៊ីសាអូឌីត បងប្អូននឹងឡើងយន្តហោះត្រឡប់មកប្រទេសកម្ពុជាវិញ។ ចំណែកបងប្អូនដែលនៅតំបន់ផ្សេង នឹងរៀបចំចេញដំណើរជាបន្តបន្ទាប់។

ក្នុងការសន្ទនាជាមួយខ្ញុំ បងប្អូនពលការិនីយើងបានថ្លែងអំណរគុណដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងភាគីពាក់ព័ន្ធ ដែលបានចាត់វិធានការទាន់ពេលវេលាជួយបងប្អូនបានវិលត្រឡប់មកប្រទេសកំណើតវិញក្នុងពេលដ៏ខ្លីនេះ។ សូមជូនពរបងប្អូនធ្វើដំណើរប្រកបដោយសុវត្ថិភាព និងឆាប់បានវិលត្រឡប់មកជួបជុំគ្រួសារវិញ»។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៖ «ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីយប់អាធ្រាត្រម៉ោង ១១៖៣៨នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានខលតាមវីឌីអូ ជួបជាមួយបងប្អូនពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្នក្នុងទីក្រុងJeddah នៃប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីជម្រាបព័ត៌មានដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជ្រាបហើយនូវសារអំពាវនាវរបស់បងប្អូន ហើយក៏បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ។ រាជរដ្ឋាភិបាលនឹងចាត់ចែងលើការទិញសំបុត្រយន្តហោះជូនបងប្អូន។ ពេលនេះ សំបុត្រយន្តហោះសម្រាប់បងប្អូនទាំង ២៩នាក់ ដែលកំពុងស្នាក់នៅទីក្រុង Jeddah ត្រូវបានរៀបចំរួច ហើយស្អែកម៉ោង ១០យប់ ម៉ោងនៅអារ៉ាប់ប៊ីសាអូឌីត បងប្អូននឹងឡើងយន្តហោះត្រឡប់មកប្រទេសកម្ពុជាវិញ។ ចំណែកបងប្អូនដែលនៅតំបន់ផ្សេង នឹងរៀបចំចេញដំណើរជាបន្តបន្ទាប់។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រីដដែល»៕KD

ព័ត៌មានពេញនិយម