Sunday, November 24, 2024

បុរសជនជាតិ អាមេរិកកាំង ម្នាក់ស្លាប់រហូតហើមស្អុយទើបម្ចាស់ផ្ទះដឹង

ខេត្តសៀមរាប៖ បុរសជនជាតិ អាមេរិកកាំង ម្នាក់ស្លាប់រហូតហើមស្អុយទើបម្ចាស់ផ្ទះដឹង នៅចំណុចបន្ទប់ជួល មួយកន្លែងស្ថិតនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង ១១ និង ៣០ នាទី ថ្ងៃទី១៦ ខែ មេសា ឆ្នាំ២០២៤កន្លងទៅ។

ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា សពបុរសជនជាតិ អាមេរិកកាំងនោះមានឈ្មោះ WALKER TERRENCE EVAN អាយុ ៥៣ ឆ្នាំកំណើត មុខរបរគ្មាន ជនជាតិ អាមេរិកកាំងកាន់លិខិតឆ្លងដែនលេខ ៥៦៨០២៨៧៨៧ ស្នាក់នៅបណ្ដោះអាសន្នទីតាំងកើតហេតុខាងលើ ។
ប្រភពដដែលបានបន្តថា នៅកន្លែងកើតហេតុ ឈ្មោះ ភួង ស្រីសរ ភេទស្រី អាយុ ២៥ ឆ្នាំ មានទីលំនៅបច្ចុប្បន្នទីតាំងកើតហេតុខាងលើ ត្រូវជាម្ចាស់បន្ទប់ជួលបានឲ្យដឹងថា «ជនជាតិអាមេរិកកាំងខាងលើនេះ(សព)បានមកជួលបន្ទប់ស្នាក់នៅរយៈពេល ២ ឆ្នាំជាងមកហើយ ដោយគាត់រស់នៅតែម្នាក់ឯងទេ ក្នុងអំឡុងពេលរស់នៅគាត់ពុំដែលមានបញ្ហាឈឺអ្វីនោះទេ ហើយក៏ពុំដែលមានបញ្ហាអ្វីជាមួយអ្នកជិតខាងបន្ទប់ដែរ ខ្ញុំឃើញគាត់តែងកម្មង់ម្ហូបពីខាងក្រៅមកញ៉ាំនៅក្នុងបន្ទប់ ដោយពីរឬបីថ្ងៃបានគាត់ចេញពីក្នុងបន្ទប់មកលេងក្រៅម្ដងៗគាត់តែងតែអង្គុយលេងជាមួយពួកខ្ញុំនិយាយលេងជាធម្មតា លុះមុនគាត់ស្លាប់បីថ្ងៃពុំឃើញគាត់ចេញមកក្រៅទេ ជាក់ស្ដែងនៅថ្ងៃទី 16 ខែមេសាឆ្នាំ 2024 មានក្លិនស្អុយចម្លែកចេញពីក្នុងបន្ទប់របស់គាត់ ពួកខ្ញុំបានទៅគោះបន្ទប់របស់គាត់ដើម្បីសួរនាំ តែពុំឮសំឡេងគាត់ឆ្លើយទេ ហើយបន្ទប់គាត់ជាប់សោរពីខាងក្នុង ដោយមានការសង្ស័យខ្ញុំបានរាយការណ៍ជូនសមត្ថកិច្ច មួយសន្ទុះក្រោយមកសមត្ថកិច្ចមកដល់ បានហៅជាងមកធ្វើសោរបើកបន្ទប់របស់គាត់ ស្រាប់តែឃើញគាត់ដេកស្លាប់លើពូកមានសភាពហើមស្អុយ»។
ដោយឡែកឈ្មោះ WARTSON ROBERT CHALMER ភេទប្រុស អាយុ ៦៩ ឆ្នាំ ជនជាតិកាណាដា ជាអ្នកជួលបន្ទប់ជាប់និងបន្ទប់ជនរងគ្រោះ បានឱ្យដឹងថា «ខ្ញុំបានមកនៅបន្ទប់ជួលនេះមុនគាត់(សព)តាំងពីឆ្នាំ 2021 ក្រោយមកគាត់បានមកជួលបន្ទប់នៅជាប់បន្ទប់របស់ខ្ញុំ ដោយគាត់រស់នៅតែម្នាក់ឯងទេ ហើយពួកយើងតែងតែនិយាយលេងជាមួយគ្នាជាធម្មតា ជាក់ស្ដែងនៅថ្ងៃទី 13 ខែមេសាឆ្នាំ 2024 គាត់បានចេញមកក្រៅបន្ទប់និយាយលេងជាមួយខ្ញុំបានប្រហែលជិតមួយម៉ោង ខ្ញុំមើលទៅគាត់ឃើញមានសភាទ្រុឌទ្រោម ខ្ញុំបានសួរនាំគាត់ពីបញ្ហាសុខភាព តែគាត់ប្រាប់ថាពុំមានបញ្ហាអ្វីនោះទេ គ្រាន់តែឧស្សាហ៍អស់កម្លាំង ក្រោយមកពួកយើងក៏បែកគ្នាចូលបន្ទប់រៀងៗខ្លួនហើយក៏លេងបានជួបគ្នាទៅ»។
ប្រភពបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ យើងសន្និដ្ឋានបានថា បុរសខាងលើស្លាប់ដោយសារ ស្ទះសរសៃឈាមបេះដូង។ បច្ចុប្បន្នសាកសពបានរក្សាទុកនៅវត្តស្ទឹងមានជ័យរាជធានីភ្នំពេញដើម្បីគ្រប់គ្រងនិងបន្តនីតិវិធី៕KD

ព័ត៌មានពេញនិយម