ខេត្តសៀមរាប៖ ករណីគ្រោះថ្នាក់ចរាចរណ៏ ក្នុងពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរ « សៀមរាបសង្ក្រាន្ត » រយៈពេល០៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃ១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤ មានការថយចុះ បើធៀបទៅនឹងឆ្នាំ២០២៣។ នេះបើយោងតាមការបញ្ជាក់របស់ លោកវរៈសេនីយ៍ទោ សោម វីរៈ នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មកកាន់ទីភ្នាក់ងារសារព័ត៌មានគូលែនដេលី នៅរសៀលថ្ងៃទី ១៧ ខែមេសាឆ្នាំ ២០២៤។លោកវរៈសេនីយ៍ទោ សោម វីរៈ មានប្រសាសន៍ថា ក្នុងរយៈពេល ៤ ថ្ងៃដូចគ្នា គ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២៤នេះ មានចំនួនតែ ០២ ករណី ដែលកើតមានតែនៅក្នុងក្រុងសៀមរាប បើប្រៀបធៀបឆ្នាំ២០២៣ មានរហូតដល់ទៅ ០៥ ករណីឯណោះ។លោកវរៈសេនីយ៍ទោ នាយការិយាល័យចរាចរណ៍ផ្លូវគោក មានប្រសាសន៍បន្តថា នៅក្នុងនោះចំនួនមនុស្សដែលរងគ្រោះសរុបរួមមាន តែ ០៣នាក់ប៉ុណ្ណោះ ដោយឡែកនៅក្នុងឆ្នាំ ២០២៣ កន្លងទៅមានចំនួនរហូតទៅដល់ ០៩នាក់ ស្រីគ្មាន អ្នកស្លាប់ចំនួន ០២នាក់ តិចជាងកាលពីឆ្នាំ២០២៣ មានរហូតដល់ ០៥នាក់ ស្រីគ្មាន អ្នករងរបួសធ្ងន់គ្មាន តែឆ្នាំ២០២៣ មាន ០៣នាក់ ស្រីគ្មាន និងអ្នកដែលរងរបួសស្រាល មានត្រឹមតែ ម្នាក់ ដូចឆ្នាំ២០២៣ដែរ។ ហើយ មធ្យោបាយខូចខាតរួមមានៈ
– ម៉ូតូស្រាលចំនួន៖ គ្មាន ឆ្នាំ២០២៣ មាន ០១គ្រឿង
– ម៉ូតូធ្ងន់ចំនួន៖ ០២គ្រឿង ឆ្នាំ២០២៣ មានចំនួន០៥គ្រឿង។
– ម៉ូតូសណ្តោងរ៉ឺម៉កស្រាលចំនួន ០២គ្រឿង ឆ្នាំ២០២៣ គ្មាន។
– រថយន្តតូចស្រាលចំនួន៖ គ្មាន តែឆ្នាំ២០២៣ មាន ០១គ្រឿង។
– រថយន្តតូចធ្ងន់ចំនួន៖ គ្មាន តែឆ្នាំ២០២៣ មាន ០១គ្រឿង។
– រថយន្តធំស្រាលចំនួន ៖ គ្មាន តែឆ្នាំ២០២៣ មាន ០១គ្រឿង។
– រថយន្តធំធ្ងន់ចំនួន៖ គ្មាន តែឆ្នាំ២០២៣មាន ០១គ្រឿង និង មិនពាក់មួកសុវត្តិភាព ចំពោះអ្នកបើកបរចំនួនមាន ០១ តែឆ្នាំ២០២៣ មាន ០៤ នាក់ អ្នករួមដំណើរចំនួន
០១ តែឆ្នាំ២០២៣មាន ០៣ នាក់។
លោកវរៈសេនីយ៍ទោ សោម វីរៈ បានប្រសាសន៍បញ្ជាក់ថា មូលហេតុដែលមានគ្រោះថ្នាក់ចរាចរណ៍ពីករណីខាងលើនេះបណ្ដាលមានពី បាត់បង់ក្នុងល្បឿនលឿន ០១ ករណី
និងបើកបរមិនប្រកាន់ស្តាំ ០១ ករណីផងដែរ។
លោកវរៈសេនីយ៍ទោ សោម វីរៈ នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៍បានជម្រាបជូនបន្ថែមនៅស្ថានភាពចរាចរណ៍ នាអំឡុងពេលពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរ « សៀមរាបសង្ក្រាន្ត » រយៈពេល០៤ថ្ងៃផងដែរថា តំបន់អង្គរមាន លំហូរចរាចរណ៍ធម្មតា និងមានការកកស្ទះបន្តិចបន្តួចនៅ មុខអង្គរ ទន្លេអុំ កែងចំបក់ កំណប់ ។ តំបន់ក្នុងក្រុង មានការបិទផ្លូវច្រើនកន្លែង, ថ្មើរជើងដើរច្រើននៅតំបន់ផ្សារចាស់ និងផ្សាររាត្រី។
លោកវរៈសេនីយ៍ទោ សោម វីរៈ មានប្រសាសន៍ថា លំហូរចរាចរណ៍ចាប់ពីម៉ោង ១៨ និង ០០នាទី ដល់ម៉ោង ២១ និង០០នាទី មានការកកស្ទះខ្លះៗ នៅកន្លែងដែលប្រជាពលរដ្ឋឈប់ម៉ូតូ,រថយន្ត លើផ្លូវ លេងបាញ់ទឹក និងប៉ាតម្សៅ, អ្នកបើកបរមិនស្គាល់ផ្លូវ, ចំណតមិនគ្រប់គ្រាន់ ហើយក្រៅតំបន់បិទ គឺមានការកកស្ទះនៅកន្លែងចំណត ម៉ូតូ និងរថយន្ត។ ដោយឡែក តំបន់តាមស្រុក មានលំហូរចរាចរណ៍ធម្មតា ជាពិសេសតាមទីប្រជុំជន តាមផ្លូវជាតិលេខ៦, ៦៣,៦៥,៦៧,៦៨ ពុំមានការស្មុកស្មាញអំពីការកកស្ទះទេ ។
លោកមានប្រសាសន៍បន្តថា បញ្ហាប្រឈមគឺដោយសារ ការឈប់ចតយានយន្តមិនបានត្រឹមត្រូវ អ្នកបើកបរមិនទាន់គោរពច្បាប់ បានគ្រប់ៗគ្នាដូចជាបើកបរមិនគោរពគំនូសសញ្ញា ធ្វើអោយមានការកកស្ទះ យានយន្តដែលមកពីខេត្តផ្សេង និងស្រុកផ្សេងពុំបានដឹងអំពី ចំណតដែលរៀបចំទុក ប្រជាពលរដ្ឋមានការលេងបាញ់ទឹក និងប៉ាតម្សៅច្រើនកន្លែង ក្នុងតំបន់ក្រុងសៀមរាប ជាពិសេសចំណតនៅមានការខ្វះខាត។
លោកនាយការិយាល័យ បានបន្ថែមថា នៅតំបន់ដែលមានការកកស្ទះខ្លះៗ កម្លាំងនគរបាលចរាចរណ៍បានសហការណ៍ជាមួយកម្លាំងជំនាញផ្សេងៗរៀបចំសណ្តាប់ធ្នាប់ និងសម្រួលចរាចរាចរណ៍ បង្វែរទិសចរាចរណ៍តាមផ្លូវទំនេរដែលបាន ព្រាងទុកតាមផែនការការពារ ។ អប់រំដល់ប្រជាពលរដ្ឋអោយយល់ និងដឹងអំពីសុវត្ថិភាពចរាចរណ៍ជាចំបង ដោយបើកបរ គោរពភ្លើងសញ្ញា ផ្លាកសញ្ញា និងគំនូសសញ្ញា ជាដើម ។ ណែនាំអោយអ្នកបើកបរឈប់ចតអោយបានត្រឹមត្រូវតាមច្បាប់កំណត់ សម្រាប់អោយយានយន្តឈប់។
លោកវរៈសេនីយ៍ទោ សោម វីរៈ មានប្រសាសន៍បញ្ជាក់អំពីការលើកទិសដៅ និងធ្វើផែនការការពារ ត្រៀមទុកជាមុន ដោយនឹងមានបង្កើនការអប់រំផ្សព្វផ្សាយ រៀបចំការបិទផ្លូវ និងត្រៀមផ្លូវបញ្ចៀសចរាចរណ៍ពេលកកស្ទះនៅឆ្នាំបន្ទាប់៕KD