ខេត្តបាត់ដំបង៖ សមត្ថកិច្ច ខេត្តបាត់ដំបង បំបែកសំណុំ រឿង ប៉ុនប៉ងមនុស្សឃាត និងឃាត់ខ្លួនបានមនុស្ស ៣នាក់ ដែលម្នាក់ជាមន្រ្តី PM និងម្នាក់ជាមន្រ្តីយោធាកាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២៤។ ប្រភពច្បាស់ការថា ជនសង្ស័យចំនួន៣នាក់នោះមាន៖
ទី១-ឈ្មោះសុខ ប៊ុនធឿន ហៅ បៀវ ប្រុស អាយុ ២៤ឆ្នាំ ជាមន្រ្តីPMនិងជាអ្នកធ្វើសកម្មភាពបាញ់ផ្ទាល់ទៅលើផ្ទះជនរងគ្រោះ ទី២-ឈ្មោះ ទូន ហាក់ហួត ហៅ តួ ប្រុសអាយុ៣១ឆ្នាំ នៅភូមិអូរចា សង្កាត់អូរចា ក្រុងបាត់ដំបង ជាអ្នករួមគំនិត និងទី ៣-ឈ្មោះ ឡៅ ផេងអាន ប្រុសអាយុ៣៥ឆ្នាំ ជាមន្រ្តីយោធា និង អ្នកកាន់ កាប់អាវុធមានរក្សាទុកនូវសារធាតុញៀនទៀត ផង ពេលត្រូវចាប់ខ្លួន។
សមត្ថកិច្ចបានឃាត់ខ្លួន ពាក់ព័ន្ធនឹងសំណុំរឿងប៉ុនប៉ងមនុស្សឃាត (បាញ់ទម្លុះទ្វារផ្ទះ០៦ គ្រាប់) កាលពីខែមុននេះ នៅសង្កាត់រតនៈ ក្រុងបាត់ដំបង ពេល នេះត្រូវបានមន្រ្តីជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធី។
ចម្លើយក្រុមជនសង្ស័យ ដែលមានមន្ត្រីកងរាជអាវុធហត្ថម្នាក់ជាមេគំនិតក្នុងករណី«ប៉ុនប៉ងមនុស្សឃាត» នេះ គឺផ្ដើមចេញពីរឿងគំនុំមិនច្បាស់លាស់ រវាងជនសង្ស័យ (ប៉េអិម) និង ជនរងគ្រោះ ដែលបានកើតឡើង ច្រើនឆ្នាំកន្លងមក និង គំនុំចុងក្រោយ ជនសង្ស័យខឹងជនរងគ្រោះ និងបានចោទជនរងគ្រោះថា បានប្រើក្រុមក្មេងស្ទាវទៅគប់ផ្ទះ និ រថយន្តរបស់ខ្លួន កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ។
ប្រភពបន្តថា ការឃាត់ខ្លូនក្រុមប្រដាប់អាវុធចំនួន០៣នាក់នេះ កម្លាំងជំនាញដកហូតកាំភ្លើងខ្លីចំនួន ០២ដើម និង រថយន្តមួយគ្រឿង ដែលក្រុមនេះជិះធ្វើសកម្មភាព។ ជនសង្ស័យទាំង០៣នាក់ ត្រូវបានលោកស្នងការ បញ្ជាឱ្យមន្ត្រីការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។ រហូតមកដល់ពេលនេះ សារព័ត៌មានពុំទាន់ទទួលបានចម្លើយបំភ្លឺពីក្រុមគ្រួសារជនរងគ្រោះនៅឡើយទេ ចាប់តាំងពីថ្ងៃកើតហេតុរហូតមកដល់ថ្ងៃសមត្ថកិច្ចចាប់ខ្លួនក្រុមជនសង្ស័យចំនួន០៣នាក់នេះ។
សូមរំលឹកជូនថា កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី ១៩ ខែមិនា ឆ្នាំ២០២៤ កន្លងទៅ មានជនមិនស្កាល់មុខ បានប្រើប្រាស់កាំភ្លើងខ្លី បាញ់ទម្លុះទ្វារផ្ទះជនរងគ្រោះចំនួន០៦គ្រាប់ នៅចំណុចភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ដែលម្ចាស់ផ្ទះឈ្មោះ កែវ ឌាំង ប្រុសអាយុ៤០ឆ្នាំ តែមិនធ្វើឱ្យរងរបួសទេ។
ក្រុមគ្រួសារជនរងគ្រោះ ដែលកំពុងលង់លក់ក្នុងដំណេក នៅក្នុងបន្ទប់មិនបានឮសំឡេងផ្ទុះកាំភ្លើងទេ ហើយបានដឹងនៅព្រឹកឡើង នៅពេលប្រទះឃើញក្បាលគ្រាប់កាំភ្លើង និង មានស្នាមធ្លុះទ្វារផ្ទះ ទើបមានការភ្ញាក់ផ្អើលតែម្ដង ។ ក្រោយពីត្រូតពិនិត្យ និងទទួលបានចម្លើយបំភ្លឺពីម្ចាស់ផ្ទះរងគ្រោះ នៅក្នុងសំណុំរឿងនេះ សមត្ថកិច្ចជំនាញ បានវាយតម្លៃជាបឋមថា ករណីខ្មាន់កាំភ្លើងបាញ់ទម្លុះទ្វារផ្ទះជនរងគ្រោះ គឺជាការ«ប៉ុនប៉ងមនុស្សឃាត» មិនបានសម្រេច ដែលអាចផ្ដើមចេញពីរឿងគំនុំ។ សកម្មភាពរបស់ក្រុមជនប្រដាប់អាវុធខាងលើនេះ ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពយ៉ាងច្បាស់ក្រឡែត ចាប់តាំងពីក្រុមនេះចុះពីរថយន្ត និង ឡើងរថយន្ត។ ក្រោយពេលមន្ត្រីជំនាញ តាមត្រូតពិនិត្យកាមេរ៉ា សុវត្ថិភាព និង បានឃើញសកម្មភាពក្រុមខ្មាន់កាំភ្លើងនេះ ទើបលោកស្នងការខេត្ត និង តំណាងអយ្យការអមសាលាដំបូងខេត្ត បញ្ជាឱ្យតាមឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់តែម្ដង៕KD