Friday, November 22, 2024

ឃាត់ខ្លួនបានអ្នកបើកបររថយន្ត TOYOTA LANCRUISER ដែលបុកម៉ូតូ HONDA បណ្ដាលឱ្យយុវជនម្នាក់ស្លាប់ យកទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីស្រាវជ្រាវ និង កសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត

ខេត្តសៀមរាប៖ កាលពីវេលាម៉ោង ២១ និង៣០នាទីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ អ្នកបើកបររថយន្ត TOYOTA LANCRUISER ពណ៌ខ្មៅ ពាក់ផ្លាកលេខកម្ពុជា R.J.1779 ដែលបុកម៉ូតូមួយគ្រឿងម៉ាក HONDA ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប 1M-6731 សម្លាប់យុវជនម្នាក់ លើផ្លូវពីផ្សារក្រោមទៅផ្លូវបំបែកត្រៀក ត្រង់ចំណុចខាងត្បូងឱសថស្ថានសុភមង្គល ៥០ម៉ែត្រ ស្ថិតក្នុងភូមិវិហាចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប នោះ ត្រូវបានឃាត់ខ្លួនបញ្ជួនទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីស្រាវជ្រាវ និង កសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តហើយ។ នេះបើយោងតាមការឱ្យដឹង របស់ លោក វរសេនីយ៍ទោ សោម វីរ: នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មកកាន់ ទីភ្នាក់ងារព័ត៌មាន គូលែន ដេលី នៅរសៀលថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២៤នេះ។លោក វរសេនីយ៍ទោ សោម វីរ: ថា មានរថយន្តមួយគ្រឿងម៉ាក TOYOTA LANCRUISER ពណ៌ខ្មៅ ពាក់ផ្លាកលេខ កម្ពុជា R.J.1779 បើកបរដោយឈ្មោះ ខាណាហ្គារ៉ាច ណាវ៉ារ៉ាច ភេទ ប្រុសអាយុ ៤៥ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ទិសដៅពីជើងទៅត្បូង ទៅបុកម៉ូតូមួយគ្រឿងម៉ាក HONDA ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប 1M – 6731 បើកបរដោយឈ្មោះ ពែក ភារម្យ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិគោកក្រសាំង សង្កាត់ស្វាយដង្គំក្រុងសៀមរាប ខេត្តសៀមរាប ទិសដៅពីត្បូងទៅជើង។

លោក វរសេនីយ៍ទោ សោម វីរ: បានបន្តថា បន្ទាប់មករថយន្តម៉ាក TOYOTA LANCRUISER ទៅបុកម៉ូតូមួយគ្រឿងម៉ាកHONDAពណ៍ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1 AH-9103 ដែលចតនៅលើផ្លូវខាងលិចម្ចាស់ឈ្មោះឈឹម ចាន់រឹទ្ធីភេទប្រុសអាយុ៣០រស់នៅភូមិស្ទឹងថ្មីសង្កាត់ស្វាយដង្គំក្រុងសៀមរាប ខេត្តសៀមរាប។
លោក វរសេនីយ៍ទោ សោម វីរ: បញ្ជាក់ថា សមត្ដកិច្ចបានសន្និដ្ឋានមូលហេតុបណ្ដាលឱ្យគ្រោះថ្នាក់ចរាចរណ៍នេះ
មកពី អ្នកបេីកបររថយន្តម៉ាក LAND CRUISER ពាក់ផ្លាកលេខ កម្ពុជា R.J.1779 បើកបរឡើងជែងខ្វះការប្រុងប្រយ័ត្ន និងបានបណ្ដាលឲ្យ ស្លាប់មនុស្សម្នាក់ ឈ្មោះ ពែក ភារម្យ អ្នកបើកបរ ម៉ូតូផ្លាកលេខ 1M-6731 មិនពាក់មួកសុវត្ថិភាព ខូចខាតរថយន្តធ្ងន់ ០១ គ្រឿង ខូចខាតម៉ូតូ ធ្ងន់០១គ្រឿង និង ស្រាល០១គ្រឿង៕KD

ព័ត៌មានពេញនិយម