Sunday, November 24, 2024

ជនជាតិ បារាំង ម្នាក់ស្លាប់ រហូតមានសភាពហើមស្អុយទើបដឹង និងរាយការណ៍ជូនសមត្ថកិច្ច

ខេត្តសៀមរាប៖ ជនជាតិ បារាំង ម្នាក់បានស្លាប់ នៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប រហូតដល់ហើមស្អុយ ទើបអ្នកជិតខាងមានការសង្ស័យនិងរាយការណ៍ជូនសមត្ថកិច្ច កាលពីវេលាម៉ោង ១២ និង ៣០ នាទី ថ្ងៃទី១៣ ខែ មេសា ឆ្នាំ២០២៤ កន្លងទៅ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា សាកសពឈ្មោះ FAUTOUS JEAN-LUC ភេទប្រុស ៥២ឆ្នាំ មុខរបរគ្មាន ជនជាតិបារាំង កាន់លិខិតឆ្លងដែនលេខ ២២AH៣៨៦៩២ ស្នាក់នៅបណ្ដោះអាសន្នទីតាំងកើតហេតុខាងលើ ។
សមត្ថកិច្ចបន្តថា នៅកន្លែងកើតហេតុឈ្មោះ លឹម សុខអាន ភេទ ប្រុស អាយុ ៣៦ឆ្នាំ មុខរបរ វិស្វករ មានទីលំនៅបច្ចុប្បន្នភូមិវិហារចិនសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ជាអ្នករស់នៅជិតខាងជាប់នឹងទីតាំងកើតហេតុបានឲ្យដឹងថា «ជាធម្មតាខ្ញុំតែងឃើញគាត់(សព)ចេញចូលផ្ទះទិញម្ហូបអាហារនិងស្រាបៀរជាប្រចាំផងដែរ ហើយខ្ញុំដឹងថាគាត់ចូលចិត្តញ៉ាំស្រាបៀរច្រើន ព្រោះឃើញគាត់ឧស្សាហ៍ផឹក តែមួយរយៈចុងក្រោយមុនគាត់ស្លាប់ខ្ញុំចាប់អារម្មណ៍ថាពុំឃើញគាត់ចេញមកក្រៅផ្ទះដូចរាល់ដង ហើយខ្ញុំក្រឡេកមើលទៅផ្ទះគាត់ឃើញបិទទ្វារបិទបង្អួចជិត ជាក់ស្ដែងនៅថ្ងៃទី ១៣ ខែមេសាឆ្នាំ ២០២៤ ស្រាប់តែមានធំក្លិនស្អុយចម្លែក ចេញពីខាងផ្ទះរបស់គាត់ ខ្ញុំក៏បានខលទៅប្រាប់ម្ចាស់ផ្ទះថាបាត់ពុំឃើញជនបរទេសដែលជួលផ្ទះនោះចេញមកខាងក្រៅដូចរាល់ដងទេ ហើយថែមទាំងមានក្លិនស្អុយចេញពីផ្ទះទៀតផង មួយសន្ទុះក្រោយមកម្ចាស់ផ្ទះមកដល់ហើយក៏មានធំក្លិនស្អុយដូចគ្នា ដោយគិតថាមិនស្រួលភ្លាមនោះម្ចាស់ផ្ទះបានទៅរាយការណ៍ទៅសមត្ថកិច្ច»។
ដោយឡែក ឈ្មោះ ជួន លីដា ភេទប្រុស អាយុ ៣៥ឆ្នាំ ជាម្ចាស់ផ្ទះជួលបានក៍បានឲ្យដឹងថា «ខ្ញុំបានជួលផ្ទះឲ្យជនជាបារាំងខាងលើបានរយៈពេលមួយឆ្នាំពីរខែមកហើយដោយគាត់រស់នៅតែម្នាក់ឯងទេ ក្នុងអំឡុងពេលគាត់រស់នៅគាត់ពុំដែលមានបញ្ហាអ្វីជាមួយនឹងជិតខាងណាម្នាក់ទេ ហើយពេលខ្ញុំមកមើលផ្ទះម្ដងៗគាត់តែងតែនិយាយលេងរួសរាយជាមួយខ្ញុំ លុះដល់ថ្ងៃទី១៣ ខែមេសាឆ្នាំ ២០២៤ វេលាម៉ោង ១២ និង ០០នាទី អ្នកជិតខាងក្បែរផ្ទះរបស់ខ្ញុំដែលជួលឱ្យជនជាតិបារាំងនោះខលទូរសព្ទមកប្រាប់ខ្ញុំថាពុំឃើញជនជាតិបារាំងនោះចេញមកក្រៅផ្ទះជាច្រើនថ្ងៃហើយ ថែមទាំងមានក្លិនស្អុយចេញពីផ្ទះទៀតផង មួយស្ទុះក្រោយមកខ្ញុំបានមកដល់ឃើញផ្ទះរបស់ខ្ញុំចាក់សោររបងពីខាងក្រៅហើយទ្វារផ្ទះនិងគ្រប់បង្អួចបិទជិតទាំងអស់ ហើយមានក្លិនស្អុយចេញមកខាងក្រៅ ដោយគិតថាមិនស្រួលភ្លាមនោះខ្ញុំក៏បានទៅរាយការណ៍ជូនសមត្ថកិច្ច ពេលសមត្ថកិច្ចមកដល់គាត់បានឱ្យខ្ញុំយកម៉ូទ័រកាត់ដែកកាត់សោររបងខាងក្រៅ ដើម្បីចូលទៅក្នុងបរិវេណផ្ទះ រួចយកសោរសាគួរចាក់បើកទ្វារខាងក្រោយ(ទ្វាផ្ទះបាយ) ព្រោះខ្ញុំពុំមានសោរទ្វារមុខផ្ទះមានតែសោរទ្វាក្រោយ(ផ្ទះបាយ)ពេលចូលទៅដល់ក្នុងផ្ទះស្រាប់តែឃើញគាត់(ជនជាតិបារាំង)ដេកស្លាប់ក្នុងបន្ទប់ទឹកដោយទាំងអាក្រាតកាយ សពមានសភាពហើមស្អុយ»។
សមត្ថកិច្ចបន្ថែមថា ការពិនិត្យកន្លែងកើតហេតុ និង សាកសព : ផ្ទះកើតហេតុទ្វាររបងដែកបិទចាក់សោពីខាងក្នុង ផ្ទះថ្មប្រក់ដំបូលស៊ីប្រូ មានទំហំ ៦x១០មែត្រ មានទ្វារកញ្ចក់ចង្រឹងដែកពីខាងក្នុងប្រើសោកាច់ដាក់គន្លឹះពីខាងក្នុង(ទ្វារខាងមុខផ្ទះ)ទ្វារក្រោយធ្វើអំពីឈើប្រើសោកាច់(ចាក់សោរពីខាងក្នុង)បង្អួចទាំងអស់កញ្ចក់ចម្រឹងដែកខាងក្នុងបិទគន្លឹះជិតទាំងអស់។
សាកសពដេកផ្កាប់មុខលើឥដ្ឋការ៉ូ ក្នុងបន្ទប់ទឹក ពុំមានសំលៀកបំពាក់ជាប់ខ្លួននោះទេ ហើយគ្រប់ផ្នែកទាំងអស់ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ និងសាកសពមានសភាពហើមស្អុយ។
សមត្ថកិច្ចបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ សមត្ថកិច្ចសន្និដ្ឋានបានថា បុរសខាងលើស្លាប់ដោយសារ ស្ទះសសៃឈាមបេះដូង។ បច្ចុប្បន្នសាកសពត្រូវបានយកទៅរក្សាទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតរាជធានីភ្នំពេញ៕KD

ព័ត៌មានពេញនិយម