ខេត្តសៀមរាប៖ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ បានអញ្ជើញជាអធិបតីភាព ក្នុងការបើកព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្ត» ឆ្នាំ២០២៤ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាបរិវេណព្រះរាជដំណាក់ ក្រុងសៀមរាប ដោយមានវត្តមាន ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប អភិបាលខេត្តរង ក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ អង្គភាព ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរជាតិអប្សរា យុវជន ស.ស.យ.ក ព្រមទាំងវិស័យឯកជន និងប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ ប្រមាណជា ៥០០នាក់ ផងដែរ នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០២៤នេះ ។
សូមជម្រាបជូនថា ក្រុមការងាររដ្ឋបាលខេត្ត សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ព្រមទាំងមន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធ បានខិតខំអស់កម្លាំងកាយចិត្ត រៀបចំ តុបតែង ផ្កាភ្ញី ភ្លើងលម្អរ ក្នុងព្រឹត្តិការណ៍ «សៀមរាប សង្ក្រាន្ត» ដើម្បីទទួលអំណរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ គ.ស. ២០២៤ នេះ និងជាការទទួលស្វាគមន៍បង្ហាញឱ្យកាន់តែស្គាល់ច្បាស់នូប សិល្ប: ល្បែង របាំ វប្បធម៌ ប្រពៃណី ខ្មែរ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាកំសាន្ត ក្រៅពីការទស្សនាតំបន់រមណីយដ្ឋានអង្គរ ហើយអាចទទួលបានភាពសប្បាយរីករាយ និងការចងចាំល្អពីខេត្តសៀមរាប ប្រទេសកម្ពុជាផងដែរ៕KD

