ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី ១២ ខែមេសាឆ្នាំ ២០២៤ នេះ លោក វរសេនីយ៍ឯក ថូ គឹមទីន នាយការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បញ្ជាក់ប្រាប់មក ទីភ្នាក់ងារសារព័ត៌មានគូលែន ដេលី ថា លោកមិនបានពាក់ព័ន្ធ ឬ ទទួល ប្រាក់ ជាថ្នូរនិងការមិនបញ្ចេញឈ្មោះ អាផាតាមិន ដែលមាន ជនបរទេសម្នាក់បានដេកស្លាប់ កាលពីវេលាម៉ោង ១៧ និង ៣០ នាទីថ្ងៃទី៣ ខែ មេសា ឆ្នាំ២០២៤ នោះទេ ។លោក វរសេនីយ៍ឯក ថូ គឹមទីន ថា អាផាតាមិន ដែលមាន ជនបរទេសម្នាក់បានដេកស្លាប់ នោះពិតជាមិនមានឈ្មោះមែន ដោយគ្រាន់តែដាក់ថា «APARTMENT ROOM AVAILABLE » និងមានម្ចាស់ឈ្មោះ កែវ ឌីណា ភេទ ប្រុស អាយុ ៤៣ ឆ្នាំ មានទីលំនៅបច្ចុប្បន្នទីតាំងកើតហេតុខាងលើ តែប៉ុណ្ណោះ ហើយបើ APARTMENT ឬទីតាំងណាក៏ដោយ ដែលមានឈ្មោះ នោះ មិនអាចថាមិនបញ្ចេញបាននោះទេ។ លោក វរសេនីយ៍ឯក ថូ គឹមទីន បន្តថា ចំណែករឿង APARTMENT ខាងលើមានច្បាប់អនុញ្ញាត ឬអត់នោះ លោកមិនជ្រាបនោះទេ ព្រោះមិនមែនជាសមត្ថកិច្ចរបស់លោក។
សូមរំលឹកជូនផងដែរថា កាលពីវេលាម៉ោង ១៧ និង ៣០ នាទីថ្ងៃទី៣ ខែ មេសា ឆ្នាំ២០២៤ មានករណីជនបរទេសម្នាក់ត្រូវបានប្រទះឃើញដេកស្លាប់ដេកក្នុងបន្ទប់ទឹក នៃបន្ទប់លេខ ២០៣ របស់អាផាតាមិន ( Apartment ) មានម្ចាស់ឈ្មោះ កែវ ឌីណា ភេទប្រុស អាយុ 43 ឆ្នាំ ដែលសង្ស័យមិនបានចុះបញ្ជីពាណិជ្ជកម្មត្រឹមត្រូវ ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា សពមានឈ្មោះ DEININGER RALF ULRICH ភេទ ប្រុស អាយុ ៦៣ ឆ្នាំ មុខរបរ គ្មាន ជនជាតិអាឡឺម៉ង់ កាន់លិខិតឆ្លងដែនលេខ C៩K៤២៤Y២២ ស្នាក់នៅបណ្ដោះអាសន្ន ទីតាំងកើតហេតុខាងលើ។
សមត្ថកិច្ចបន្តថា នៅកន្លែងកើតហេតុ ឈ្មោះ កែវ ឌីណា ភេទប្រុស អាយុ 43 ឆ្នាំ មានទីលំនៅបច្ចុប្បន្នទីតាំងកើតហេតុខាងលើ មុខរបរ ម្ចាស់អាផាតាមិន បានឱ្យដឹងថា «ជនបរទេសខាងលើ(សព)គាត់បានមកជួលបន្ទប់របស់ខ្ញុំនៅខែ កុម្ភះ ឆ្នាំ ២០២៤ ដោយគាត់រស់នៅតែម្នាក់ឯងទេ ហើយខ្ញុំបាទនាំគាត់ទៅនៅបន្ទប់លេខ ២០៣ ។ ក្នុងអំឡុងពេលរស់នៅគាត់បាននិយាយលេងជាមួយខ្ញុំ បានប្រាប់ថាគាត់មានជំងឺប្រចាំកាយ លើសឈាម ទឹកនោមផ្អែម ហើយគាត់ឧស្សាហ៍ភ្លេចភ្លាំង ជាក់ស្ដែងនៅថ្ងៃទី ៣ ខែមេសាឆ្នាំ ២០២៤ វេលាម៉ោង ១៦ និង ១៥ នាទី កូនធម៌របស់សព ឈ្មោះ មឿន សុឡាង ភេទស្រី អាយុ ២៩ ឆ្នាំ បានមកប្រាប់ខ្ញុំថាខលមកឪពុកធម៌មិនលើកហើយសុំសោរបន្ទប់(សោសាគួរ)ដើម្បីចាក់បើកទ្វារមើល ពេលបើកទ្វារបន្ទប់បាន ស្រាប់តែឃើញគាត់ដេកក្នុងបន្ទប់ទឹក ភ្លាមនោះកូនធម៌របស់គាត់បានចុះមកប្រាប់ខ្ញុំ ឲ្យមកជួយហៅពេទ្យមកសង្គ្រោះបន្ទាន់ ភ្លាមនោះខ្ញុំក៏បានទាក់ទងទៅខាងគ្លីនិកឯកជន សង់តេ មួយសន្ទុះពេទ្យបានមកដល់ហើយពិនិត្យមើលរួចគាត់ប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ»។
ដោយឡែកឈ្មោះ មឿន សុឡាង ភេទស្រី អាយុ ២៩ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិ វាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានឲ្យដឹងថា «នាងខ្ញុំបានស្គាល់គាត់ក្នុងអំឡុងឆ្នាំ ២០១៧ ហើយបានរាប់អានជាប៉ាធម៌ ហើយគាត់តែងជួយឧបត្ថម្ភឲ្យខ្ញុំរៀនសូត្រគ្រប់បែបយ៉ាង ហើយខ្ញុំក៏បានដឹងថាគាត់មានជំងឺប្រចាំកាយលើសឈាមនិងទឹកនោមផ្អែម តែងប្រើប្រាស់ថ្នាំពេទ្យជាប្រចាំ នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៤ ខ្ញុំបានឆាតលេងជាមួយគាត់ជាធម្មតាដោយរូបគាត់ពុំមានបញ្ហាអ្វីទេ លុះដល់ថ្ងៃទី ៣ ខែមេសាឆ្នាំ ២០២៤ ខ្ញុំបានឆាតទៅលេងគាត់ដូចរាល់ដង តែគាត់ពុំចូលមើលនិងឆ្លើយតបនោះទេ ដោយមិនអស់ចិត្តខ្ញុំក៏បានខលទូរសព្ទទៅគាត់ តែគ្មានអ្នកទទួល លុះដល់វេលាម៉ោង ១៦ និង ០០ នាទីថ្ងៃខែឆ្នាំដដែល ខ្ញុំបានជិះម៉ូតូទៅអាផាតាមិនរបស់គាត់ជួល រួចសុំសោរពីម្ចាមកស់ទីតាំងដើម្បីបើកបន្ទប់មើល ស្រាប់តែឃើញគាត់ដេកលើឥដ្ឋការ៉ូក្នុងបន្ទប់ទឹក ខ្ញុំក៏បានឲ្យម្ចាស់ផ្ទះជួយហៅពេទ្យមក ក្រោយមកគ្រូពេទ្យបានមកពិនិត្យមើល ហើយគ្រូពេទ្យប្រាប់ថាគាត់បានស្លាប់ហើយ»។
សមត្ថកិច្ចបញ្ជាក់ថា សាកសពដេកផ្កាប់មុខលើឥដ្ឋការ៉ូក្នុងបន្ទប់ទឹក។ សាកសពស្លៀកខាលីអូ(ស្រាតត្រឹមភ្លៅ)ពុំមានពាក់អាវទេ ហើយសាកសពរឹងគ្រប់សន្លាក់ដៃជើង ខ្លួនប្រាណប្រឡាក់លាមក និងគ្រប់ផ្នែកទាំងអស់ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ ដូច្នេះសមត្ថកិច្ចអាចធ្វើការសន្និដ្ឋានបានថា ការស្លាប់របស់បុរសបរទេសខាងលើគឺដោយសារ ស្ទះសរសៃឈាមបេះដូង៕KD