រាជធានីភ្នំពេញ៖ អគ្គនាយករងក្រុមហ៊ុន ព្រីមៀរ៍ ផាក ដែលជាស្វាមី របស់លោកជំទាវ មាស ច័ន្ទដាលីន ម្ចាស់ផលិតផល Brand Lakamo បានស្លាប់ ក្នុងករណីចាប់ជម្រិតមនុស្សជាង ១០នាក់ ដោយទាមទារប្រាក់ចំនួន ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក នៅក្នុងផ្ទះរបស់ខ្លួន វីឡាលេខ ១៦៥ ក្នុងបុរីជីបម៉ុង ផ្លូវជាតិលេខ ៦ ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ កាលពីវេលាម៉ោង ២២ និង ០០នាទី ថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៤។សមត្ថកិច្ចឱ្យដឹងថា ករណីនេះបានបណ្ដាលឱ្យ ជនរងគ្រោះមានឈ្មោះ ឈួរ ឈុនហួរ ជាអគ្គនាយករងក្រុមហ៊ុន ព្រីមៀរ៍ ផាក ស្លាប់ និង ស្ត្រីម្នាក់ឈ្មោះ សុខ លីន ហៅ ម៉ាក់លីន ដែលជាទូតសុឆ្ទៈ (BA) រងរបួសធ្ងន់ នៅទីតាំងខាងលើផងដែរ។
សមត្ថកិច្ចបានបន្តថា ជនដៃដល់មិនស្គាល់អត្តសញ្ញាណ បានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង មុនសមត្ថកិច្ចចូលធ្វើប្រតិបត្តិការ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះ សុខ លីន ហៅ ម៉ាក់លីន ដែលជាទូតសុឆ្ទៈ (BA) ភេទស្រីរងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ ចំណែកឯជនរងគ្រោះជាង ១០នាក់ទៀត ត្រូវបានរំដោះ និងមានសុវត្ថិភាពហើយ ដោយឡែក សពអគ្គនាយករងក្រុមហ៊ុន ព្រីមៀរ៍ ផាក ត្រូវបានប្រគល់ជូនក្រុមគ្រួសារយើងទៅធ្វើបុណ្យតាមប្រពៃណី។ ហើយសមត្ថកិច្ចបានបញ្ជាក់បន្ថែមផងដែរថាចំពោះករណីនេះ គឺស្ថិតនៅក្នុងការស៊ើបអង្កេតបន្ថែមនៅឡើយ៕KD