ខេត្តសៀមរាប៖ នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា ប្រារព្ធពិធីសូត្រមន្ត បង្សុកូល និងប្រគេនទេយ្យទានដល់ព្រះសង្ឃ។ ពិធីនេះបានរៀបចំឡើង នាពេលរសៀលថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះអធិបតីភាព សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាសមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម បណ្ឌិត ហង់ ពៅ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រី បុគ្គលិកទាំងអស់នៃអាជ្ញាធរជាតិអប្សរា។ ពិធីដ៏មង្គលនេះ បានប្រារព្ធធ្វើឡើងដើម្បីលើកសិរីសួស្តីដល់ថ្នាក់ដឹកនាំ រួមទាំងមន្ត្រី បុគ្គលិក នៃអាជ្ញាធរជាតិអប្សរា និងដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។ ជាពិសេស ក៏ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់អតីតថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា អ្នកជំនាញការជាតិ-អន្តរជាតិ ដែលបានមរណកាល ក្នុងបុព្វហេតុបម្រើអង្គរ រួមទាំងញាតិការដែលបានចែកឋានទៅកាន់បរលោក៕
អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក រដ្ឋ ផល្លីន/ភោគ ជា