រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា ព្រមទាំងបានវាយតម្លៃខ្ពស់អំពីទំនាក់ទំនងដ៏ល្អរវាងអូស្រ្តាលី-កម្ពុជា ហើយក៏បានសម្តែងនូវការអរគុណចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជាក្នុងការរឹតចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីវឌ្ឍនភាពលើកិច្ចសហប្រតិបត្តិការ ដែលសម្តេចធិបតី និងឯកឧត្តមនាយករដ្ឋមន្រ្តីអូស្រ្តាលី បានពិភាក្សាគ្នាថ្មីៗ នៅប្រទេសអូស្រ្តាលី ។ ទន្ទឹមនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីការបន្តគាំទ្រលើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ តាមរយៈការបន្តផ្តល់អាហារូបករណ៍បន្ថែម ដល់និស្សិតកម្ពុជា និងការភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យអូស្ត្រាលី និងសាកលវិទ្យាល័យនានា របស់កម្ពុជា។ បន្ថែមលើនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតក៏បានគោរពបញ្ជាក់អំពីការបន្តកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរលើវិស័យអាទិភាពមួយចំនួន រួមមាន៖ កសិកម្ម ការវិនិយោគ ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ ថាមពលបៃតង និងការពារជាតិ និងសន្តិសុខ។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត និងសហការី ព្រមទាំងបានសម្តែងនូវក្តីរីករាយចំពោះវឌ្ឍនភាពលើកិច្ចសហប្រតិបត្តិការដែលសម្តេចនិងឯកឧត្តមនាយករដ្ឋមន្រ្តីអូស្រ្តាលី បានពិភាក្សាគ្នានាពេលកន្លងមក និងបានសម្តែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រលើវិស័យអាទិភាព និងលើកិច្ចសហប្រតិបត្តិការ ពីសំណាក់ប្រទេសអូស្រ្តាលី។ ពាក់ព័ន្ធនឹងវិស័យវិនិយោគ និងពាណិជ្ជកម្ម សម្តេចធិបតី ក៏បានបញ្ជាក់ពីការជំរុញនូវការតភ្ជាប់រវាងវិស័យឯកជន និងឯកជន ហើយមានជំនឿជាក់ថា ការភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែប្រសើរឡើង ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន។ ចំពោះវិស័យហេដ្ឋារចនាសម្ព័ន្ធ និងថាមពលបៃតង សម្តេចធិបតី បានគូសបញ្ជាក់អំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍថាមពលបៃតង ដោយលើកកម្ពស់ការចូលរួមរបស់វិស័យឯកជនលើការអភិវឌ្ឍ និងការវិនិយោគលើវិស័យទាំងនេះ។ ក្នុងក្របខ័ណ្ឌវិស័យការពារជាតិ និងសន្តិសុខ សម្តេចធិបតី បានបញ្ជាក់ពីការបន្តនូវការផ្សារភ្ជាប់ទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ កម្ពុជា-អូស្រ្តាលី តាមរយៈការជំរុញការបណ្តុះបណ្តាល និងការកសាងសមត្ថភាព ជាដើម។
មុននឹងបញ្ចប់ សម្តេចធិបតី និងឯកឧត្តម ឯកអគ្គរដ្ឋទូតក៏បានផ្លាស់ប្តូរយោបល់គ្នាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការចូលរួមចំណែកថែរក្សានូវសុខសន្តិភាព និងវិបុលភាពនៅក្នុងតំបន់ និងអន្តរជាតិ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីផងដែរ៕KD
ប្រភព៖ STPM