Thursday, November 21, 2024

កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើសៀមរាប និងបាគង បានបង្ក្រា.បរថយន្ត ព៌ណត្រេអុី ដឹកឈើល្មើសច្បាប់១គ្រឿង

ខេត្តសៀមរាប៖លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឱ្យដឹងថា កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើសៀមរាប និងបាគង បានបង្ក្រាបរថយន្ត ព៌ណត្រេអុី ផ្លាកលេខ ខម-8502 ដឹកឈើ ១គ្រឿង មានផ្ទុកឈើល្មើសច្បាប់ ក្តាប្រភេទលេខ២ ប្រមាណ ១ម៉ែត្រត្រីគុណ។

បេសកកម្មនេះធ្វើឡើងនៅក្នុងទីតាំង ដេប៉ូលក់ឈើ យីហោ នូរ គឹមឡាយ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ៧មករា ហៅផ្លូវជន្លង់ ក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលគេដឹងថាបានទទួលទិញ ឈើល្មើសច្បាប់ខាងលើ កាលពីរសៀលថ្ងៃទី ១០ ខែកញ្ញាឆ្នាំ ២០២២។

លោកបានបន្តថា បច្ចុប្បន្នកម្លាំងជំនាញរដ្ឋបាលព្រៃឈើសៀមរាប បាននាំយកវត្ថុតាង ទៅរក្សាទុកនៅទីស្នាក់ការរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ដែលស្ថិតនៅ ភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ដើម្បីចាត់ការតាមនីតិវិធី។

ទីបីជាយ៉ាងណា មហាជនបានលើកឡើងថា ដេប៉ូលក់ឈើ នូរ គឹមឡាយ សង្ស័យគ្មានច្បាប់ អនុញ្ញាតិត្រឹមត្រូវ ឬមិនបានអនុវត្តន៍ទៅតាមច្បាប់? ហើយអាចនឹងបានទទួលទិញឈើខុសច្បាប់ច្រើនជាងនេះ ដែលក្រុមឈ្មួញបានដឹកជញ្ជូនមកពីតាមបណ្ដាខេត្តផ្សេងៗ ទើបពេលនេះបែកធ្លាយដល់សមត្ថកិច្ច។

ចំពោះករណីនេះ មហាជនបានសំណូមពរ សមត្ថកិច្ចជំនាញ អាជ្ញាធរពាក់ព័ន្ធ ជាពិសេសរដ្ឋបាលព្រៃឈើសៀមរាប មេត្តាបើកការស៊ើបអង្កេតស្រាវជ្រាវ លើទីតាំងដេប៉ូឈើ នូរ គឹមឡាយ និងដេប៉ូឈើផ្សេងៗទៀតផង ដើម្បីកុំឱ្យមានជនខិលខូចនៅបន្តប្រព្រឹត្តផ្ទុយអំពីច្បាប់។

ជុំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មាន គូលែន ដេលី ធីវី អនឡាញ នៅពុំទាន់អាចទទួលការបំភ្លឺ អំពីម្ចាស់ដេប៉ូខាងលើបាននៅឡើយទេ ព្រោះពុំមានលេខទំនាក់ទំនង៕KD

ព័ត៌មានពេញនិយម