ខេត្តសៀមរាប៖ ជនជាតិអូស្ត្រាលីម្នាក់ ត្រូវបានប្រទះឃើញស្លាប់ ទាំងអាក្រាតកាយ ក្នុងផ្ទះជួលគ្មានលេខមួយកន្លែង ស្ថិតនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប វេលាម៉ោង ១០ និង ៣០ នាទីថ្ងៃទី៨ ខែ មេសា ឆ្នាំ២០២៤នេះ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនជាតិអូស្ត្រាលី ដែលគេប្រទះឃើញស្លាប់នោះ មានឈ្មោះ OLSZEWSKI PIOTR JERZY ភេទប្រុស អាយុ ៧៦ឆ្នាំ មុខរបរគ្មាន កាន់លិខិតឆ្លងដែនលេខ PB៣៩១៥៧១៨ ស្នាក់នៅទីតាំងកើតហេតុខាងលើ ។
សមត្ថកិច្ចបន្តថា នៅកន្លែងកើតហេតុ ជំនាញបានទទួលការបំភ្លឺពីឈ្មោះ ធឿន សោភានិមល ភេទស្រី អាយុ ៣១ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវជាក្មួយរបស់ម្ចាស់ផ្ទះជួលថា «ដោយសារម្ដាយមីងនាងខ្ញុំឈ្មោះ ជា សុគន្ធនី អាយុ ៣៨ ឆ្នាំ ជាម្ចាស់ផ្ទះគាត់ទៅរស់នៅប្រទេសអូស្ត្រាលី តែគាត់បានឱ្យខ្ញុំជាអ្នកមើលថែជំនួស តែមុននឹងគាត់ទៅរស់នៅប្រទេសអូសាលីគាត់បានជួលផ្ទះឲ្យជនបរទេសរស់នៅ(សព) ដោយគាត់ស្នាក់នៅតែម្នាក់ឯងទេ ពេលខ្ញុំមកមើលផ្ទះម្ដងៗគាត់តែងនិយាយលេងរួសរាយជាមួយខ្ញុំ តែគាត់មិនដែរប្រាប់នាងខ្ញុំថាគាត់មានជម្ងឺអ្វីនោះទេ តែនាងខ្ញុំឃើញគាត់មានថ្នាំពេទ្យសម្រាប់សម្រាប់ប្រើប្រាស់និងមានឧបករណ៍ជំនួយដង្ហើមនៅក្នុងបន្ទប់ធ្វើការរបស់គាត់ ជាក់ស្តែងនៅថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២៤ វេលាម៉ោង ១៥ និង ៣០ នាទីអ៊ុំស្រីម្នាក់ឈ្មោះ ណាប់ សម្បត្តិ ភេទស្រី អាយុ ៦២ឆ្នាំ ត្រូវជាអ្នកជិតខាង គាត់បានយកគ្រែមកដាក់ក្នុងឃ្លាំងជាប់នឹងផ្ទះម្ដាយមីងខ្ញុំដែលជួលឲ្យបរទេស តែគាត់ឈរមើលទៅផ្ទះនោះ គឺបានបើកទ្វារចំហរពីរខាងក្នុង តែចាក់សោររបងពីខាងដោយមិនឃើញជនជាតិនោះចេញមកក្រៅផ្ទះគឺមានតែឆ្កែរបស់គាត់(សព)ទេដែរព្រុសមិនឈប់ហើយអ៊ំស្រីនោះប្រាប់ឱ្យកូនរបស់គាត់ឲ្យខលទូរស័ព្ទមកប្រាប់ខ្ញុំថាមិនឃើញជនបរទេសនោះចេញមកក្រៅផ្ទះដូចរាល់ដងសោះ ដោយសារនាងខ្ញុំជាប់រវល់ធ្វើការដល់យប់មិនបានមក លុះស្អែកឡើងថ្ងៃទី ៨ ខែ មេសា ឆ្នាំ២០២៤ វេលាម៉ោង ០៩ និង ៤០ នាទី នាងខ្ញុំបានមកដល់ក៏ស្រាប់តែឃើញផ្ទះចំហរទ្វារពីរខាងក្នុង ហើយចាក់សោររបងពីខាងក្រៅ ពេលសម្លឹងមើលយូរទៅឃើញគាត់ដេកផ្កាប់មុខនៅមុខបន្ទប់ធ្វើការរបស់គាត់ នាងខ្ញុំបានស្រែកហៅ តែពុំមានអ្នកឆ្លើយនោះទេ ភ្លាមនោះខ្ញុំក៏បានរាយការណ៍ជូនសមត្ថកិច្ចមួយសន្ទុះក្រោយមកសមត្ថកិច្ចមកដល់ រួចបានកាត់សោទ្វាររបង នាំគ្នាចូលទៅមើលខាងក្នុងផ្ទះទើបដឹងថាគាត់ស្លាប់បាត់ទៅហើយ»។
សមត្ថកិច្ចបានបន្ថែមថា នៅកន្លែងកើតហេតុជំនាញបានធ្វើការពិនិត្យ ឃោះញសាកសព ដេកផ្កាប់មុខលើឥដ្ឋការ៉ូ មានសភាពអាក្រាតកាយ ហើយសាកសពរឹងគ្រប់សន្លាក់ដៃជើង ប៉ុន្តែនៅគ្រប់ផ្នែកទាំងអស់ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ។
សមត្ថកិច្ចបញ្ជាក់ថា ដោយយោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ ជំនាញអាចសន្និដ្ឋានបានថា ការស្លាប់របស់ជនជាតិអូស្ត្រាលីរូបនេះដោយសារ គាំងបេះដូង។
បច្ចុប្បន្នសាកសពបានយកទៅរក្សាទុកនៅវត្តទឹកថ្លារាជធានីភ្នំពេញ ដើម្បីគ្រប់គ្រងនឹងបន្តនីតិវិធី៕KD