ខេត្តសៀមរាប៖ យុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម និង អ្នករួមដំណើរម្នាក់រងរបួសធ្ងន់ បន្ទាប់ពីបើកម៉ូតូលឿនធ្លាក់ចូលទៅក្នុង ជ្រលងភ្នំ នៅលើផ្លូវបេតុងពីឃុំខ្នងភ្នំទៅឃុំស្វាយលើ ស្រុកស្វាយលើ (ផ្លូវឡើងភ្នំគូលេនខាងកើត) ត្រង់ចំណុចទឹករុន ស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីវេលាម៉ោង ១១ និង ៣០នាទី ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤កន្លងទៅ។លោក វរសេនីយ៍ទោ សោម វីរ: នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា អ្នកបើកបរដែលស្លាប់នោះមានឈ្មោះ អុល សុធី ភេទ ប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិកំពីងរាជ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ចំណែកអ្នករួមដំណើរជាមួយម្នាក់ ដែលរងរបួសធ្ងន់នោះមានឈ្មោះ សៀម ហ៊ុន ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិដូនឪ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប និងម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប 1T-8014 ក៍រងការខូចខាតធ្ងន់ផងដែរ ហើយអ្នកទាំង២ មិនមានពាក់មួកសុវត្ថិភាពនោះទេ។
លោក វរសេនីយ៍ទោ សោម វីរ: បន្តថា ករណីនេះសង្ស័យបង្កឡើងដោយខ្លួនឯង ដោយម៉ូតូបើកបរមានទិសលិចទៅកើត មកដល់ចំណុចកើតហេតុក៍បានបើកធ្លាក់ផ្លូវហើយចូលទៅក្នុង ជ្រលងភ្នំតែម្ដង។
លោក វរសេនីយ៍ទោ សោម វីរ: បានបញ្ជាក់ថា មូលហេតុ ដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ដ៍រន្ធត់នេះ គឺមកពីអ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿន និងផ្លូវមានភាពចុះចំណោតខ្លាំង។ បច្ចុប្បន្នវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយលើ ហើយកម្លាំងជំនាញបាននឹងកំពុងកសាងសំណុំរឿងតាមនីតិវិធីដើម្បីបញ្ជូនទៅសាលាដំបូងខេត្ត៕KD