ខេត្តព្រះសីហនុ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍ណែនាំ និងលើកទឹកចិត្តខ្ពស់ ដល់គណៈកម្មការចំពោះកិច្ច គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បន្តបង្កើនការស្រាវជ្រាវ និងបង្ក្រាបគ្រប់បទល្មើស ទាំងបទល្មើសប្រពៃណី និងមិនប្រពៃណី ក្នុងនោះជនបរទេសដែលពាក់ព័ន្ធត្រូវតែអនុវត្តនីតិវិធីបណ្ដេញចេញ ហើយរាល់ព័ត៌មានក្លែងក្លាយធ្វើឱ្យប៉ះពាល់កិត្តិយសខេត្ត និងមុខមាត់ប្រទេសជាតិ ត្រូវតែបន្សាប និងបកស្រាយឱ្យបានច្បាស់លាស់។ មានប្រសាសន៍បែបនេះក្នុងឱកាស ដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការថែរក្សាសន្តិសុខក្នុងខេត្តព្រះសីហនុ រៀបចំនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តព្រះសីហនុ សាលាដំបូងខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ នេះ។ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើរបាយការណ៍ឱ្យដឹងថា គិតចាប់ពីឆ្នាំ២០២៣ មក ជាពិសេសក្នុងរយៈពេល៣ ខែដើមឆ្នាំ២០២៤ នេះ ការគ្រប់គ្រងសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្តទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ក្នុងនោះករណីបទល្មើសប្រព្រឹត្តដោយជនបរទេសដែលនៅមានចំនួនតិចតួចក៏ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបយ៉ាងមានប្រសិទ្ធភាពផងដែរ។ បើតាមឯកឧត្តមអភិបាលខេត្ត គិតចាប់ពីថ្ងៃទី៦ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នេះ គណៈកម្មការចំពោះកិច្ចដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់ចំនួន៥ទីតាំង ឃាត់ខ្លួនអ្នកពាក់ព័ន្ធជាង២ពាន់នាក់ ក្នុងនោះបណ្ដាញមេក្លោងជាជនបរទេសត្រូវញ្ជូនទៅតុលាការ ជនបរទេសពាក់ព័ន្ធផ្សេងទៀតត្រូវអនុវត្តនីតិវិធីបណ្ដេញចេញ ខណៈជនជាតិខ្មែរមួយចំនួនត្រូវបានអប់រំនិងធ្វើកិច្ចសន្យា។
ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងក្នុងនាមក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណនិងកោតសរសើរចំពោះកិច្ចខិតខំប្រឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ និងដោយមានការគាំទ្រពីគណៈកម្មការចំពោះកិច្ច ដែលបានបំពេញតួនាទីធានាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈក្នុងខេត្តបានយ៉ាងល្អ ក្នុងនោះក៏រួមទាំងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសដែលបង្កឡើងដោយជនបរទេស ធ្វើឱ្យសាធារណមតិជាតិ និងអន្តរជាតិមានការអបអរសាទរ និងវាយតម្លៃជាវិជ្ជមាន៕KD