ខេត្តសៀមរាប៖ កាលពីវេលាម៉ោង ១៧ និង ៣០ នាទីថ្ងៃទី៣ ខែ មេសា ឆ្នាំ២០២៤ មានករណីជនបរទេសម្នាក់ត្រូវបានប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ទឹក របស់អាផាតាមិន ( Apartment ) ដែលសង្ស័យមិនបានចុះបញ្ជីពាណិជ្ជកម្មត្រឹមត្រូវ មួយកន្លែងស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ប៉ុន្តែសមត្ថកិច្ចលាក់ឈ្មោះ អាផាតាមិន នោះដែលគេសង្ស័យថាទទួលបានតាស្រមូមពីម្ចាស់ទីតាំង។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច ដែលសុំមិនបញ្ចេញឈ្មោះ ប្រាប់មកទីភ្នាក់ងារសារព័ត៌មានគូលែនដេលី នៅរសៀលថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២៤។
ពាក់ព័ន្ធនឹងករណីនេះ គូលែនដេលីបានធ្វើការសាកសួរទៅ មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជាច្រើនរូប ប៉ុន្តែគ្មានអ្នកណាដឹងថា អាផាតមិន នោះឈ្មោះអ្វីនោះទេ? ព្រោះមិនមានការបញ្ជាក់។
មន្ត្រីនគរបាលបន្តថា សង្ស័យតាស្រមូម ($) បានបិទភ្នែកហើយ បើចង់ដឹងរឿងនេះទៅសួរ លោក វរសេនីយ៍ឯក ថូ គឹមទីន នាយការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទៅ ព្រោះលោកវរសេនីយ៍ឯករូបនេះ ជាអ្នកធ្វើរបាយការណ៍អំពីរឿងនេះ។
មិនបង្អង់យូរនៅរសៀលថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៤ នេះផងដែរ គូលែនដេលី បានធ្វើការជំរាបសួរ លោកវរសេនីយ៍ឯក ថូ គឹមទីន នាយការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ថាតើ អាផាតមិនដែលជនបរទេសស្លាប់នោះមានឈ្មោះអ្វី? លោកឆ្លើយថា « វាជាផ្ទះជួល គ្មានឈ្មោះទេ » ហើយ លោកវរសេនីយ៍ឯក ក៍មិនតបទៅនឹងសំណួររបស់ គូលែនដេលី ទៀតទេ ពេលដែលសួរថា តើហេតុអីរបាយការណ៍ដាក់ថា អាផាតាមិន ចុះទីតាំងនោះមានច្បាប់អាជីវកម្មត្រឹមត្រូវទេ ? បើមានច្បាប់ហេតុអ្វីមិនមានឈ្មោះ នៅក្នុងរបាយការណ៍?
គូលែនដេលីក៍បានធ្វើការសាកសួរទៅកាន់ ក្លីនីកឯកជន ឈ្មោះ «មន្ទីរពេទ្យ អង្គរសង់តេ» ដែលបានបញ្ចេញរថយន្ត និងពេទ្យរបស់ខ្លួនទៅសង្គ្រោះជនបរទេស រងគ្រោះនៅទីតាំងខាងលើ ថាតើពិតជាមានការហៅរថយន្តពេទ្យទៅសង្គ្រោះដែរឬទេ? ខាងមន្ទីរពេទ្យប្រាប់ថា « មានម្ចាស់ apartment ដែលមិនចាំឈ្មោះហៅឱ្យទៅសង្គ្រោះពិតប្រាកដមែន ប៉ុន្តែជនរងគ្រោះបានស្លាប់ទៅហើយ និងបានបញ្ជាក់ថា ពិតជា អាផាតាមិន ពិតប្រាកដមែន តែមិនបានចាប់អារម្មណ៍ឈ្មោះនោះទេ!» ហើយនៅតែឆ្លើយថា «មិនចាំឈ្មោះដដែល តែចាំទីតាំង» បន្ទាប់ពីគូលែនដេលីសួរថា «បើអត់ចាំឈ្មោះអញ្ចឹង ចុះរាយការណ៍ប្រាប់គណនេយ្យដូចម្ដ៉េច?»។
សូមជម្រាបជួនថា ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា សពមានឈ្មោះ DEININGER RALF ULRICH ភេទប្រុស អាយុ ៦៣ ឆ្នាំ មុខរបរ គ្មាន ជនជាតិអាឡឺម៉ង់ កាន់លិខិតឆ្លងដែនលេខ C៩K៤២៤Y២២ ស្នាក់នៅបណ្ដោះអាសន្ន ទីតាំងកើតហេតុខាងលើ។
សមត្ថកិច្ចបន្តថា នៅកន្លែងកើតហេតុ ឈ្មោះ កែវ ឌីណា ភេទប្រុស អាយុ 43 ឆ្នាំ មានទីលំនៅបច្ចុប្បន្នទីតាំងកើតហេតុខាងលើ មុខរបរ ម្ចាស់អាផាតាមិន បានឱ្យដឹងថា ជនបរទេសខាងលើ(សព)គាត់បានមកជួលបន្ទប់របស់ខ្ញុំនៅខែ កុម្ភះ ឆ្នាំ ២០២៤ ដោយគាត់រស់នៅតែម្នាក់ឯងទេ ហើយខ្ញុំបាទនាំគាត់ទៅនៅបន្ទប់លេខ ២០៣ ។ ក្នុងអំឡុងពេលរស់នៅគាត់បាននិយាយលេងជាមួយខ្ញុំ បានប្រាប់ថាគាត់មានជំងឺប្រចាំកាយ លើសឈាម ទឹកនោមផ្អែម ហើយគាត់ឧស្សាហ៍ភ្លេចភ្លាំង ជាក់ស្ដែងនៅថ្ងៃទី ៣ ខែមេសាឆ្នាំ ២០២៤ វេលាម៉ោង ១៦ និង ១៥ នាទី កូនធម៌របស់សព ឈ្មោះ មឿន សុឡាង ភេទស្រី អាយុ ២៩ ឆ្នាំ បានមកប្រាប់ខ្ញុំថាខលមកឪពុកធម៌មិនលើកហើយសុំសោរបន្ទប់(សោសាគួរ)ដើម្បីចាក់បើកទ្វារមើល ពេលបើកទ្វារបន្ទប់បាន ស្រាប់តែឃើញគាត់ដេកក្នុងបន្ទប់ទឹក ភ្លាមនោះកូនធម៌របស់គាត់បានចុះមកប្រាប់ខ្ញុំ ឲ្យមកជួយហៅពេទ្យមកសង្គ្រោះបន្ទាន់ ភ្លាមនោះខ្ញុំក៏បានទាក់ទងទៅខាងគ្លីនិកឯកជន សង់តេ មួយសន្ទុះពេទ្យបានមកដល់ហើយពិនិត្យមើលរួចគាត់ប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ដោយឡែកឈ្មោះ មឿន សុឡាង ភេទស្រី អាយុ ២៩ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិ វាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានឲ្យដឹងថា នាងខ្ញុំបានស្គាល់គាត់ក្នុងអំឡុងឆ្នាំ ២០១៧ ហើយបានរាប់អានជាប៉ាធម៌ ហើយគាត់តែងជួយឧបត្ថម្ភឲ្យខ្ញុំរៀនសូត្រគ្រប់បែបយ៉ាង ហើយខ្ញុំក៏បានដឹងថាគាត់មានជំងឺប្រចាំកាយលើសឈាមនិងទឹកនោមផ្អែម តែងប្រើប្រាស់ថ្នាំពេទ្យជាប្រចាំ នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៤ ខ្ញុំបានឆាតលេងជាមួយគាត់ជាធម្មតាដោយរូបគាត់ពុំមានបញ្ហាអ្វីទេ លុះដល់ថ្ងៃទី ៣ ខែមេសាឆ្នាំ ២០២៤ ខ្ញុំបានឆាតទៅលេងគាត់ដូចរាល់ដង តែគាត់ពុំចូលមើលនិងឆ្លើយតបនោះទេ ដោយមិនអស់ចិត្តខ្ញុំក៏បានខលទូរសព្ទទៅគាត់ តែគ្មានអ្នកទទួល លុះដល់វេលាម៉ោង ១៦ និង ០០ នាទីថ្ងៃខែឆ្នាំដដែល ខ្ញុំបានជិះម៉ូតូទៅអាផាតាមិនរបស់គាត់ជួល រួចសុំសោរពីម្ចាមកស់ទីតាំងដើម្បីបើកបន្ទប់មើល ស្រាប់តែឃើញគាត់ដេកលើឥដ្ឋការ៉ូក្នុងបន្ទប់ទឹក ខ្ញុំក៏បានឲ្យម្ចាស់ផ្ទះជួយហៅពេទ្យមក ក្រោយមកគ្រូពេទ្យបានមកពិនិត្យមើល ហើយគ្រូពេទ្យប្រាប់ថាគាត់បានស្លាប់ហើយ។
សមត្ថកិច្ចបញ្ជាក់ថា សាកសពដេកផ្កាប់មុខលើឥដ្ឋការ៉ូក្នុងបន្ទប់ទឹក។ សាកសពស្លៀកខាលីអូ(ស្រាតត្រឹមភ្លៅ)ពុំមានពាក់អាវទេ ហើយសាកសពរឹងគ្រប់សន្លាក់ដៃជើង ខ្លួនប្រាណប្រឡាក់លាមក និងគ្រប់ផ្នែកទាំងអស់ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ។
ដូច្នេះសមត្ថកិច្ចអាចធ្វើការសន្និដ្ឋានបានថា ការស្លាប់របស់បុរសបរទេសខាងលើគឺដោយសារ ស្ទះសរសៃឈាមបេះដូង។ បច្ចុប្បន្នសាកសពបានយកទៅរក្សាទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតរាជធានីភ្នំពេញ៕KD