Thursday, November 21, 2024

ឆេះស្ថានីយ៍ប្រេងឥន្ធនៈ ចិនខ្មៅ រួចឆេះឆ្លងរាលដាល់ដល់អ្នកជិតខាង នៅស្រុកពួក ពេលនេះសមត្ថកិច្ចប្រាប់ពីមូលហេតុ 

ខេត្តសៀមរាប៖ សមត្ថកិច្ចប្រាប់ពីមូលហេតុ នៃការឆេះ ស្ថានីយ៍ប្រេងឥន្ធនៈ ចិនខ្មៅ ដែលស្ថិតនៅក្នុងភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប កាលពីវេលាម៉ោង ១៩ និង ២០នាទីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤។

អធិការដ្ឋាននគរបាលស្រុកពួកប្រាប់ថា ហេតុការណ៍ភ្លើងឆេះការ៉ាស់សាំង យីហោ ចិនខ្មៅ មានម្ចាស់ឈ្មោះ ឈិន ពណ្ណារាយ ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរ អាជីវករ ប្ដីឈ្មោះ ជាល សុខ ភេទប្រុស អាយុ៤៤ឆ្នាំ បច្ចុប្បន្នទៅធ្វើការនៅប្រទេសញូហ្សេឡិន ស្ថិតនៅក្នុងភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។

អធិការដ្ឋាននគរបាលស្រុកពួកបន្តថា ក្រោយទទួលបានពត៌មានពីករណីឆេះនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកពួក កម្លាំងប៉ុស្ដិ៍រដ្ឋបាលពួក អាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិ ប្រជាការពារ បងប្អូនប្រជាពលរដ្ឋ និង រថយន្តពន្លត់អគ្គីភ័យ ចេញជួយអន្តរាគមន៍ ។

អធិការដ្ឋាននគរបាលស្រុកពួកបញ្ជាក់ថា នៅមុនពេលកើតហេតុ វេលាម៉ោងប្រហែល ១៩ និង ០៥នាទី មានរថយន្តដឹកប្រេងសាំង ០១គ្រឿង របស់ក្រុមហ៊ុនសាវីមិចភេត្រូលាម ( SVM PETROLEUM) ផ្លាកលេខ ភ្នំពេញ ៣B-៨៩៨២ សណ្ដោងស៊ឺមីរ៉ឺម៉ក ផ្លាកលេខ ភ្នំពេញ

៤A-២១៨០ ដឹកស៊ីទែនប្រេងចំណុះ ៣២០០០លីត្រ មានប្រេងសាំងចំនួន៨០០០លីត្រ ចូលមកដាក់ប្រេងកន្លែងកើតហេតុខាងលើ លុះបង្ហូរប្រេងចូលក្នុងស៊ីទែនបានប្រហែល១៥នាទី ស្រាប់តែមានភ្លើងឆាបឆេះ ពេលនោះតៃកុងរថយន្តដឹកប្រេងសាំង បានឡើងបើករថយន្តចេញពីចំណុចឆេះ ទាំងភ្លើងកំពុងឆេះទុយោរបង្ហូរសាំង រួចភ្លើងឆេះការ៉ាស់សាំង សន្ធោរសន្ធៅតែម្ដង ។

អធិការដ្ឋាននគរបាលស្រុកពួកបញ្ជាក់បន្ថែមថា ករណីខាងលើបណ្ដាលឲ្យ រងរបួសមនុស្ស ម្នាក់ឈ្មោះ រាវ ម៉ាណូ ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មករធ្វើការនៅចំណុចកើតហេតុ រស់នៅភូមិវ៉ារិន ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប រងរបួសស្រាល (ក្ដៅរោលលើស្បែក) និងខូចខាតនូវ ១.ទីតាំងការ៉ាស់សាំង ឆេះសាំង និង ឥវ៉ាន់ចាប់ហួយ(ឃ្លាំងស្តុប)ក្នុងផ្ទះទាំងស្រុងការខូចខាតសរុបជាទឹកប្រាក់ពុំទាន់ច្បាស់លាស់នៅឡើយ។ ២.ភ្លើងបានរាលឆ្លង ឆាបឆេះទៅផ្ទះជាប់គ្នាមានម្ចាស់ឈ្មោះ  ឡុច លន ភេទប្រុស អាយុ ៦១ឆ្នាំ បណ្ដាលឲ្យឆេះពិដានផ្ទះ ផ្នែកខាងលើ (តិចតួច) និងរោលជញ្ជាំងថ្មអាចខូចខាតមួយចំហៀងផ្ទះ។ ៣.ឆ្លងឆេះឃ្លាំងសំណង់របស់ឈ្មោះសំប៊ុនសូរភេទប្រុសអាយុ ៥៨ ឆ្នាំ បណ្ដាលឲ្យខូចខាតសម្ភារៈសំណង់និងអាគារមួយចំនួន។

សូមបញ្ជាក់ជួនផងដែរថា ក្នុងប្រតិបត្តិការខាងលើប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៨គ្រឿង (រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំនួន០៤គ្រឿង រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកពួក ០១គ្រឿង រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ០១គ្រឿង រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ០១គ្រឿង រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកអង្គរជុំ ០១គ្រឿង និង រថយន្តពន្លត់អគ្គីភ័យរបស់អង្គភាពនគរបាលការពារបេតិកភ័ណ្ឌ ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២៩ រថយន្ត និង គ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង ២១ និង២០នាទី ។ ដោយសារកំទេចកម្ទីរឆេះនៅតែបន្តឆេះទៅផ្នែកខាងក្រោយ ជំនាញនៅបន្តប្រើប្រាស់ឡានទឹក ចំនួន០៣គ្រឿង ដើម្បីបន្តជួយអន្តរាគមន៍ត្រឹមម៉ោង ២២ និង ៣៥ នាទី៕KD

 

ព័ត៌មានពេញនិយម