ព្រះវិហារ៖ លោក ស៊ុំ ស៊ីវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង បានដឹកនាំបញ្ជាផ្ទាល់ នូវកម្លាំងសង្កាត់ ផ្នែករដ្ឋបាលព្រៃឈើ សហការជាមួយអាជ្ញាធរឃុំរបៀប បានធ្វើការរឹបរូសឈើសន្និធិជាង ១៥០ដុំ ដែលសង្ស័យថាឈ្មួញបានដឹកយកមកស្តុកទុកក្បែរផ្ទះអ្នកភូមិ និងត្រៀមជញ្ជូនចេញយកទៅធ្វើជំនួញដោយខុសច្បាប់។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិត្នោតម្លូ ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ។
លោក នាយផ្នែករដ្ឋបាលព្រៃឈើរូបនេះ បានប្រាប់ បណ្ដាញសារព័ត៌មាន គូលែន ដេលី ធីវី អនឡាញ ឱ្យដឹងថា ក្រោយទទួលបានការចង្អុលបង្ហាញអំពី លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារថា មានឈ្មួញបានដឹកជញ្ជូនចេញពីព្រៃ យកមកស្តុក និងលាក់ទុកនៅក្បែរផ្ទះអ្នកភូមិ ដើម្បីត្រៀមដឹកចេញយកទៅចែកចាយខុសច្បាប់បន្ត លោកក៍បានដឹកនាំកម្លាំងចម្រុះ ចុះទៅដល់ទីតាំងដែលឈ្មួញបានលាក់ទុកឈើសន្និធិទាំងនោះ ហើយធ្វើការបង្ក្រាប និងរឹបអូសវត្ថុតាង សរុបមានចំនួន ១៥៥ដុំ ជាប្រភេទឈើលេខ១ ដូចជា ផ្ចឹក និងសុក្រម ជាដើម។
លោកបញ្ជាក់ថា ម្ចាស់ផ្ទះដែលនៅជិតទីតាំងស្តុកឈើនោះ ត្រូវបានកម្លាំងជំនាញហៅចូលរួមសហការ និងធ្វើកិច្ចសន្យាបញ្ឈប់ ឲ្យគេយកឈើមកស្តុកទុកនៅទីនេះ ដែលជាឈ្នាន់ក្នុងការដឹកជញ្ជូនឈើ យកទៅធ្វើជំនួញដោយខុសច្បាប់ តទៅទៀត។
បច្ចុប្បន្ន៖ ឈើខាងលើត្រូវបានដឹកយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើរវៀង ដើម្បីបន្តតាមនីតិវិធីច្បាប់៕KD