ខេត្តសៀមរាប៖ នៅវេលាម៉ោង ១០ និង ៥០ នាទីថ្ងៃទី៣១ ខែ មីនា ឆ្នាំ២០២៤ ជនជាតិ ឥណ្ឌូនេស៊ី ម្នាក់ត្រូវបានស្លាប់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បន្ទាប់យកទៅព្យាបាល មណ្ឌលសុខភាពដីថ្មីក្រុងប៉ោយប៉ែត មន្ទីរពេទ្យបង្អែកស្រុកមង្គលបុរី និងមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរខេត្តសៀមរាប ប៉ុន្តែនៅមិនជួយឱ្យជាស:ស្បើយ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា សាកសពឈ្មោះ FRANSISKO FENDY KURNIAWAN ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ បុគ្គលិក កាស៊ីណូក្រោន ជនជាតិ ឥណ្ឌូនេស៊ី កាន់លិខិតឆ្លងដែនលេខ C៦២០២៥១៩ ស្នាក់នៅបណ្ដោះអាសន្ន ផ្ទះបុគ្គលិក ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពដដែលបន្តថា នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានឈ្មោះ YUNARDI ភេទប្រុស អាយុ ៣៣ឆ្នាំកំណើត ជនជាតិឥណ្ឌូនេស៊ី មុខរបរបុគ្គលិកកាស៊ីណូក្រោន កាន់លិខិតឆ្លងដែនលេខ X១១៤០៩៥១ មានទីលំនៅបណ្ដោះអាសន្នក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានអះអាងថាត្រូវជាមិត្តភក្តិរបស់សព រៀបរាប់ឲ្យដឹងថា «ខ្ញុំបាទបានស្គាល់គាត់(សព)និងរាប់អានគ្នាជាមិត្តភក្តិ រយៈពេល ២ ឆ្នាំមកហើយដោយពួកយើងធ្វើការជាមួយគ្នាក្នុងកាស៊ីណូ តាំងពីខ្ញុំស្គាល់គាត់មកពុំដែលឃើញគាត់មានជំងឺឈឺអ្វីនោះទេ ហើយក៏មិនដែលមានបញ្ហាជាមួយអ្នកណាម្នាក់ឡើយ ជាក់ស្ដែងនៅវេលាម៉ោង ៦ និង ០០ នាទី ព្រឹកព្រលឹមថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២៤ ខ្ញុំនឹងគាត់បាននាំគ្នាផឹកស្រា(ស្រាសកូរ៉េ ជីនរ៉ូ)នៅមុខបន្ទប់ជួលរបស់មិត្តស្រីរបស់ខ្ញុំឈ្មោះ ផាន ស្រីមុំ (ជនជាតិខ្មែរ)ហើយគាត់បានផឹកអស់កន្លះដបស្រាប់តែគាត់ប្រាប់ថាចង់ទៅបន្ទប់ទឹកភ្លាមនោះគាត់ងើបឈរក៏បានដួលមកលើរូបខ្ញុំ ហើយសម្លប់បាត់ស្មារតី ព្រមទាំងខាំអណ្ដាតខ្លួនឯងខ្ញុំក៏បានលូកដៃរបស់ខ្ញុំចូលទៅក្នុងមាត់របស់គាត់ដើម្បីកុំឲ្យគាត់ខាំអណ្ដាតហើយដៃគាត់ឡើងរួញក្រញ៉ង់ ដោយឈឺដៃពេកខ្ញុំក៏បានដកដៃមកវិញរួចក៏បានយកស្លាបព្រាគាស់មាត់របស់គាត់ ភ្លាមនោះមិត្តស្រីរបស់ខ្ញុំបានខលហៅ pass app ដើម្បីយកគាត់ទៅមណ្ឌលសុខភាពដីថ្មីក្រុងប៉ោយប៉ែត ពេលទៅដល់ទីនោះគ្រូពេទ្យបានពិនិត្យហើយគាត់បានប្រាប់ថាជំងឺរបស់ជនរងគ្រោះធ្ងន់ធ្ងររួចក៏ញ្ជូនបន្តមកមន្ទីរពេទ្យបង្អែកស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ពេលមកដល់ទីនោះក្រុមគ្រូពេទ្យបានជួយសង្គ្រោះពិនិត្យព្យាបាល តែអាការៈរបស់គាត់ពុំបានធូរឡើយក៏សម្រេចបញ្ជូនបន្តមកមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរខេត្តសៀមរាប ហើយបានមកដល់មន្ទីរពេទ្យនៅវេលាម៉ោង ១៧ និង ០០នាទីថ្ងៃខែឆ្នាំដដែល ក្រុមគ្រូពេទ្យនៅទីនោះបានបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់បានរយៈពេលប្រហែល ៣ ម៉ោងពួកគាត់បានប្រាប់ថាអាការៈអ្នកជំងឺធ្ងន់ធ្ងរណាស់ពុំអាចជួយសង្គ្រោះបាន នៅវេលាម៉ោង ២០ និង ៤០ នាទីថ្ងៃខែឆ្នាំដដែលក៏បានបញ្ជូនបន្តមកមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ពេលមកដល់ក្រុមគ្រូពេទ្យបានជួយសង្គ្រោះនិងព្យាបាលបន្តរហូតដល់វេលាម៉ោង ១០ និង ២០នាទី ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៤ គាត់ក៏បានស្លាប់ទៅ»។
ប្រភពបានបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ សមត្ថកិច្ចអាចសន្និដ្ឋានបានថា បុរសខាងលើបានស្លាប់ដោយសារ ដាច់សរសៃឈាមខួរក្បាល។ បច្ចុប្បន្នសាកសពបានរក្សាទុកបណ្ដោះអាសន្ននៅសាលតម្កល់សពក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប រង់ចាំការសម្រេចរបស់ស្ថានទូតសាមី៕KD