Friday, November 22, 2024

ក្រសួងបរិស្ថាន ជូនដំណឹងទៅបណ្តាគណ:អភិបាលរាជធានី-ខេត្ត ឱ្យធ្វើបច្ចុប្បន្នភាពទំហំផ្ទៃដី ដែលបង្ក្រាបបាន ដើម្បីឱ្យក្រសួងបរិស្ថានមានលទ្ធភាពរៀបចំផែនការដាំស្តារព្រៃឈើឡើងវិញ

 

រាជធានីភ្នំពេញ៖ នៅថ្ងៃទី ២៨ ខែមីនាឆ្នាំ ២០២៤ នេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចេញលិខិតជូន និងស្នើទៅ អភិបាលនៃគណៈអភិបាលគណ:អភិបាលរាជធានី-ខេត្ត ធ្វើបច្ចុប្បន្នភាពផ្ទៃដីដែលត្រូវបានកាប់គាស់ ទន្ទ្រាន ឈូសឆាយ និងផ្ទៃដីដែលបានបង្ក្រាបយកមកវិញ ដែលស្ថិត នៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តសាមី រួចបញ្ជូនមកក្រសួងបរិស្ថានឱ្យបានឆាប់តាមការគួរ ដើម្បីឱ្យក្រសួងបរិស្ថានមានលទ្ធភាពរៀបចំផែនការដាំស្តារព្រៃឈើឡើងវិញឱ្យ បានសមស្របតាមសមត្ថភាព និងរដូវកាល។លិខិត៖ «សូមជម្រាបមក ឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត។ កម្មវត្ថុ ៖ ការធ្វើបច្ចុប្បន្នភាពទំហំផ្ទៃដី ដែលត្រូវដាំស្តារព្រៃឈើឡើងវិញនៅក្នុងតំបន់ការពារធម្មជាតិ។ យោង ៖ – យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ – សេចក្តីជូនដំណឹងលេខ ១១២៧/០៣២៤ សជណ.បស្ថ. ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន។ ជូនភ្ជាប់៖ ផែនទីតំបន់ការពារធម្មជាតិ។ សេចក្តីដូចមានចែងក្នុងកម្មវត្ថុ យោង និងជូនភ្ជាប់ខាងលើ ខ្ញុំសូមជម្រាបមក ឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត មេត្តាជ្រាបថា អនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្រសួងបរិស្ថានមានភារកិច្ចជំរុញស្តារគម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ។ ស្របពេលជាមួយគ្នានេះ ក្រោមការចង្អុលបង្ហាញរបស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា ក្រសួងបរិស្ថានបានចេញនូវសេចក្តីជូនដំណឹងស្តីពីផែនការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់ រុករាន ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ។ ក្នុង ដំណើរការអនុវត្តសេចក្តីជូនដំណឹងនេះ ផ្ទៃដីមួយចំនួនត្រូវបានគណៈបញ្ជាការឯកភាពរាជធានី-ខេត្តបាន ធ្វើការបង្ក្រាបយកមកវិញជាបន្តបន្ទាប់ ក្នុងន័យនេះ ដើម្បីឱ្យក្រសួងបរិស្ថានមានលទ្ធភាពរៀបចំផែនការដាំស្តារព្រៃឈើឡើងវិញឱ្យ បានសមស្របតាមសមត្ថភាព និងរដូវកាល ខ្ញុំសូមស្នើ ឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាល រាជធានី-ខេត្ត មេត្តាចាត់តាំងកម្លាំងជំនាញក្រោមដែនសមត្ថកិច្ច រួមទាំងមន្ទីរបរិស្ថានរាជធានី-ខេត្ត ធ្វើបច្ចុប្បន្នភាពផ្ទៃដីដែលត្រូវបានកាប់គាស់ ទន្ទ្រាន ឈូសឆាយ និងផ្ទៃដីដែលបានបង្ក្រាបយកមកវិញ ដែលស្ថិត នៅក្នុងតំបន់ការពារធម្មជាតិក្នុងខេត្តសាមី រួចបញ្ជូនមកក្រសួងបរិស្ថានឱ្យបានឆាប់តាមការគួរ។

អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត មេត្តា ចាត់វិធានការសមស្របតាមការគួរ»៕KD

ព័ត៌មានពេញនិយម