Saturday, November 23, 2024

វត្តឥន្ទបត្តបុរី (វត្តអង្គរខាងត្បូង) នឹងមានសោភ័ណភាព ដោយការប្តេជ្ញាចិត្តរបស់ព្រះគ្រូចៅអធិការវត្ត កែវ អាន

ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរាបានកោតសរសើរ ចំពោះព្រះគ្រូឥន្ទបាលី កែវ អាន ព្រះវិន័យធរនៃសាលាអនុគណក្រុងសៀមរាប និងជាព្រះគ្រូចៅអធិការវត្តឥន្ទបត្តបុរីអង្គរខាងត្បូង ដែលមានទស្សនវិស័យវែងឆ្ងាយ និងបានសម្រេចព្រះទ័យក្នុងការកែប្រែបរិវេណវត្តឱ្យមានមុខមាត់ថ្មីប្រកបដោយសោភ័ណភាព។

នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅវត្តរាជបូណ៌ មានកិច្ចប្រជុំមួយ ក្រោមអធិបតីភាព សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាសមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា ដោយមានការនិមន្តចូលរួមពីសំណាក់ព្រះសុមង្គលសិលាចារ្យ អាភាករោ ជុំ គឹមឡេង ជាព្រះមេគណខេត្តសៀមរាប និងជាប្រធានក្រុមប្រឹក្សាកិច្ចការវត្តអារាមនៅឧទ្យានអង្គរ (CoMAPA) ព្រមជាមួយវត្តមានព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រម ក៏ដូចជាក្រុមការងារកិច្ចការវត្តអារាមរបស់អាជ្ញាធរជាតិអប្សរា។ ក្នុងកិច្ចប្រជុំមានការបង្ហាញអំពីប្លង់មេនៃវត្តឥន្ទបត្តបុរីអង្គរខាងត្បូង សម្រាប់ការរៀបចំសោភ័ណភាពក្នុងបរិវេណវត្តឡើងវិញ ក្នុងនោះព្រះគ្រូឥន្ទបាលី កែវ អាន ព្រះវិន័យធរនៃសាលាអនុគណក្រុងសៀមរាប និងជាព្រះគ្រូចៅអធិការវត្តឥន្ទបត្តបុរីអង្គរខាងត្បូង ក៏បានចុះហត្ថហេលខាលើប្លង់មេ ដើម្បីបញ្ជាក់ពីគោលបំណងរបស់ថ្នាក់ដឹកនាំវត្ត ចំពោះមុខអង្គប្រជុំផងដែរ។

អាជ្ញាធរជាតិអប្សរាបានបង្ហាញការសាទរ និងកោតសរសើរ ចំពោះអំពើដ៏ល្អប្រពៃរបស់ព្រះគ្រូចៅអធិការវត្តឥន្ទបត្តបុរីអង្គរខាងត្បូង ដែលបានសម្រេចព្រះទ័យលើកតម្លៃអារាមព្រះពុទ្ធសាសនាដែលស្ថិតនៅកៀកប្រាសាទអង្គរវត្ត ហើយដែលសកម្មភាពនេះនឹងក្លាយជាគំរូដ៏ប្រសើរសម្រាប់វត្តដទៃទៀតក្នុងរមណីយដ្ឋានអង្គរ៕KD

ព័ត៌មានពេញនិយម