Wednesday, December 11, 2024

សន្តិសុខរបស់ធនាគារ CIMB ទាស់សម្ដីគ្នា បង្កជាករណីផ្ទុះអាវុធ

ភ្នំពេញ៖ សន្តិសុខរបស់ធនាគារ CIMB ពីរនាក់ សង្ស័យទាស់សម្ដីគ្នា ក៍បង្កទៅជាករណីហិង្សាផ្ទុះអាវុធ បណ្ដាលឱ្យបុរសម្នាក់រងរបួសជាទម្ងន់។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងធនាគារ CIMB Bank ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥១៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឃុន វន ភេទប្រុស អាយុ៤៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ សន្តិសុខក្រុមហ៊ុន IG security និងជនសង្ស័យមាន ឈ្មោះ លន់ ជីវ័ន ភេទប្រុស អាយុ២៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរនគរបាល និងជាសន្តិសុខក្រុមហ៊ុន Safeguards Cambodia Co.Ltd ហើយជាអ្នកយាមនៅ ធនាគារ CIMB ដូចគ្នា។

ប្រភពបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានពាក់មួកចូលបន្ទប់ទឹក ហើយជនដៃដល់ បានឱ្យជនរងគ្រោះ ដោះមួកចេញ ប៉ុន្តែជនរងគ្រោះមិនព្រមដោះ ក៏កើតជាទំនាស់ពាក្យសម្ដីគ្នា រហូតជនដៃដល់ទាញកាំភ្លើងខ្លីមិនស្គាល់ម៉ាក បាញ់ទៅលើជនរងគ្រោះ បណ្ដាលឱ្យរងរបួសភ្លៅខាងស្ដាំ និងបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយពេលកើតហេតុ ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ខណៈពេលដែលសមត្ថកិច្ចជំនាញ បានចុះទៅដល់ទីតាំងកើតហេតុ និងធ្វើការសាកសួរ ដើម្បីបន្តការស្រាវជ្រាវ ស្វែងរកជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕KD

ព័ត៌មានពេញនិយម