Saturday, July 27, 2024

បានអានហើយស្ទើរទប់ទឹកភ្នែកមិនបាន «អង្គរសង្រ្កាន្ត» មិនមានវត្តមានក្នុងពីធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ សម្រាប់ឆ្នាំនេះ

ខេត្តសៀមរាប៖ មហាជនបានអានហើយស្ទើរទប់ទឹកភ្នែកមិនបាន «អង្គរសង្រ្កាន្ត» មិនមានវត្តមានក្នុងពីធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ សម្រាប់ឆ្នាំនេះ ដែលជាឃ្លាមួយក្នុងអត្ថបទរៀបរាប់ គោរពជម្រាបសួរលោកតា លោកយាយ អ៊ំ ពូ មីង បងប្អូន ជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ដែលហាក់បញ្ចេញអារម្មណ៍ក្ដុកក្ដួល ឆួលឱរ៉ា នៅលើផេកផ្លូវការ របស់ក្រុមការងារ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត Angkor Sankranta និងមានអ្នកចែករំលែកជាង ១ពាន់នាក់ រួមជាមួយអ្នកចូលបញ្ចេញមតិ ដោយសម្ដែងនូវការសោកស្ដាយជាច្រើននាក់ផងដែរ កាលពីថ្ងៃទី ២៥ ខែមីនាឆ្នាំ ២០២៤កន្លងទៅ។

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត Angkor Sankranta ថា «សូមគោរពជម្រាបសួរលោកយាយ លោកតា អ៊ំ ពូមីងបងប្អូន ជនរួមជាតិខ្មែរ ទាំងក្នុង និងក្រៅប្រទេសដែលស្រលាញ់ និងគាំទ្រព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត»!

ក្រុមការងាររៀបចំព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» មានមោទនភាពដែលបាននាំយកសម្បត្តិវប្បធម៌ដ៏សំបូរបែបរបស់ដូនតាខ្មែរមកដាក់បង្ហាញដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍អន្តរជាតិ នៅលើទឹកដីអង្គរចាប់តាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០២៣។ រយៈពេល១០ឆ្នាំមកនេះ «អង្គរសង្រ្កាន្ត» បានក្លាយជាស្មារតីនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ»។

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត Angkor Sankranta បន្តថា «សូមបញ្ជាក់ជូនថា គោលបំណងធំមួយរបស់ព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» គឺការជំរុញទឹកចិត្តដល់ប្រជាពលរដ្ឋទូទៅឱ្យចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ដែលរយៈពេល១០ឆ្នាំចុងក្រោយនេះ ព្រឹត្តិការណ៍សង្រ្កាន្តនានា ត្រូវបានរៀបចំឡើងយ៉ាងផុលផុសនៅតាមបណ្តារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ រហូតដល់សង្រ្កាន្តតាមវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សាជាដើម។ បើទោះបីជា «អង្គរសង្រ្កាន្ត» មិនមានវត្តមានក្នុងពីធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ សម្រាប់ឆ្នាំនេះ ក៏ស្មារតី «អង្គរសង្រ្កាន្ត» ក្នុងរយៈពេល១០ឆ្នាំនេះ បានចាក់ឬសគល់យ៉ាងមាំក្នុងបេះដូងប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន។ ហេតុដូច្នេះហើយ សង្រ្កាន្តនៅតាមបណ្តារាជធានីខេត្តក៏នឹងត្រូវរៀបចំជាធម្មតានៅឆ្នាំនេះ ដូចបណ្តាឆ្នាំកន្លងទៅដែរ»។

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត Angkor Sankranta បញ្ជាក់ជួនយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានរួមចំណែកក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តអស់រយៈពេល ១០ ឆ្នាំមកនេះថា «ជាថ្មីម្តងទៀត ក្រុមការងារអង្គរសង្រ្កាន្តនៅតែចងចាំនូវស្មារតីសាមគ្គីភាព និងការលះបង់ខ្ពស់របស់យុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានរួមចំណែកក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តអស់រយៈពេល ១០ ឆ្នាំមកនេះ ដែលបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់យុវជនយើង ក្នុងការលើកស្ទួយនូវវប្បធម៌ជាតិ ក៏ដូចជាថែរក្សានូវកេរដំណែលប្រពៃណីរបស់ដូនតាយើងផងដែរ»៕KD

ប្រភព៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត Angkor Sankranta

ព័ត៌មានពេញនិយម