Friday, October 11, 2024

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មសម្លាប់ញាត់សពក្នុងវ៉ាលីនៅភ្នំពេញ យកទៅបោះចោលនៅខេត្តកោះកុង

រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង៥ និង០០នាទីថ្ងៃទី២៥ ខែមីនាឆ្នាំ២០២៤ កន្លងទៅ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន, អគ្គស្នងការរងទទួលការងារនាយកដ្ឋាន ប្រធាននាយកដ្ឋានកណ្ដាល និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង អធិការដ្ឋាននគរបាលខណ្ឌទួលគោក និងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានប្រើវិធានការជំនាញធ្វើការស្រាវជ្រាវតាមនីតិវិធី រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ក្នុងករណីឃាតកម្មសម្លាប់ញាត់សពក្នុងវ៉ាលីនៅភ្នំពេញ យកទៅបោះចោលនៅខេត្តកោះកុង និងឈានទៅដល់ការឃាត់ខ្លួន នៅចំណុចបុរីប៉េងហួត ផ្ទះលេខ២៥ ផ្លូវលេខ៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។សមត្ថកិច្ចយើងដឹងថា ជនសង្ស័យឈ្មោះ ញ៉ែប សុខុមអាយុ ៣៨ឆ្នាំ មុខរបរ ជាទាហាន នៅ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអែរ ជីវសាស្ត្រ និងវិទ្យុសកម្ម ។

សមត្ថកិច្ចបន្តថា នៅចំពោះមុខសម្ថតកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះដែលមានឈ្មោះ ឌួង សង្ហា ពិតប្រាកដមែន កាលនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០១រសៀល នៅក្នុងបន្ទប់លេខ១៦ ជាន់ទី១៦ អគារ UK Condo ៥៤៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញពិតប្រាកដមែន។

ជនសង្ស័យបន្តថា ក្រោយពីធ្វើសកម្មភាពរួច នៅថ្ងៃដដែល វេលាម៉ោងប្រហែល ៦ និង ៤៩នាទីល្ងាច ខ្លួនបានដាក់សាកសពចូលទៅក្នុងវ៉ាលីដឹកតាមរថយន្តម៉ាក RangRover Sport ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2Z-9987 យកទៅទម្លាក់ចោលនៅចំណុចជំរាលផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ត្រ ភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

ជនសង្ស័យបានបញ្ជាក់ថា មូលហេតុខ្លួនសម្លាប់ជនរងគ្រោះដោយសារតែខឹងជនរងគ្រោះ បាន Hack យកគណនី ICloud ,ធនាគារ ABA ,សុីមទូរស័ព្ទ របស់ខ្លួនយកទៅគ្រប់គ្រង ។

សមត្ថកិច្ចបានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបានព្រហ្មទណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីហើយ។

សូមរំលឹកជូនផងដែរថា កាលពីវេលាម៉ោង៤ និង ៣០នាទី រសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ប្រជាពលរដ្ឋបានប្រទះឃើញវ៉ាលីដាក់សាកសព នៅចំណុចក្បែរផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ត្រ ភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង (មិនស្គាលអត្តញ្ញាណ)។

បន្ទាប់ពីទទួលបានព័ត៌មានឲ្យភ្លាម កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ដោយមិនខ្លាចនឿយហត់ ហើយប្រើប្រាស់ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ក៏បំបែកសំណុំរឿងឃាតកម្មដ៏រន្ធត់មួយនេះបានជោគជ័យ៕KD

ប្រភព៖ អគ្គនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ 

ព័ត៌មានពេញនិយម